លោក សាប៊ូន វិនតា ចង់ឃើញកម្ពុជា នៅពូលជាមួយកូរ៉េខាងត្បូង ជប៉ុន និងអ៊ីរ៉ង់ ក្នុងពាន AFC U-19

មាស សុផាណារ៉ុង June 18, 2020


 

ភ្នំពេញ៖ លោក សាប៊ូន វិនតា គ្រូជំនួយនៃក្រុមបាល់ទាត់អាយុក្រោម ១៨ឆ្នាំនៃមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី និងជាគ្រូជំនួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ផងដែរនោះ បានគិតថាការចាប់ពូលប៉ះក្រុមកាន់តែខ្លាំង គឺកាន់តែល្អសម្រាប់កម្ពុជា ក្នុងការប្រកួតជុំផ្ដាច់ព្រ័ត្រពានរង្វាន់ AFC U-19 Championship 2020។

ពានរង្វាន់ជើងឯកយុវជនអាស៊ីអាយុក្រោម ១៩ឆ្នាំ (AFC U-19 Championship 2020) នឹងធ្វើការចាប់ពូលនៅរសៀលម៉ោង៣:៣០ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នេះ ដោយ កម្ពុជា ស្ថិតនៅប្រអប់ចាប់ពូលទី៣ ជាមួយប្រទេសម៉ាឡេស៊ី, អ៊ីរ៉ាក់ និងវៀតណាម (បានសេចក្ដីថានឹងមិនស្ថិតនៅពូលជាមួយគ្នាឡើយ) ខណៈប្រអប់ចាប់ពូល ៣ផ្សេងទៀត រួមមាន ប្រអប់ទី១ អ៊ូបីគីស្ថាន (ម្ចាស់ផ្ទះ), អារ៉ាប់បីតសាវឌីត, កូរ៉េខាងត្បូង និងកាតា។ ប្រអប់ទី២ ជប៉ុន, តាជីគីស្ថាន, អូស្ត្រាលី និងឥណ្ឌូនេស៊ី។ ប្រអប់ទី៤ អ៊ីរ៉ង់, យេម៉ែន, បារ៉ែន​ និងឡាវ ដែលក្រុមទាំង ១២ពីប្រអប់ទាំង ៣នេះ ដែលកម្ពុជា អាចត្រូវរួមពូលជាមួយ។

ឆ្លើយឆ្លងក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន camsports.org លោក សាប៊ូន វិនតា បាននិយាយដូច្នេះថា៖ «សម្រាប់ខ្ញុំផ្ទាល់ គឺចង់ឃើញកម្ពុជាស្ថិតនៅក្នុងពូលជាមួយក្រុមដែលមានបទពិសោធខ្លាំងៗ ព្រោះវាជាចំណុចមួយដ៏ល្អក្នុងការអភិវឌ្ឍន៍យុវជនរបស់យើងផងដេរ ព្រោះគោលដៅរបស់យើងឆ្ពោះទៅកាន់ស៊ីហ្គេម ២០២៣ អ៊ីចឹង AFC U-19 នេះគឺជាឱកាសល្អបំផុតសម្រាប់កីឡាករយើង ដែលមានអាយុត្រូវនឹងអាយុដែលត្រៀមលេងស៊ីហ្គេម ២០២៣ មានឱកាសក្នុងលេងជាមួយក្រុមដែលមានសមត្ថភាពខ្ពស់ៗជាងខ្លួនច្រើន វាជាចំណុចមួយដែលល្អក្នុងការត្រៀម និងកាន់តែស្គាល់ខ្លួនឯងកម្រិតណាទៀត។»

លោក សាប៊ូន វិតា ជាមួយគ្រូធំ Koji GYOTOKU

ពេលសួរនាំថា តើក្រុមណាដែលចង់ឃើញកម្ពុជា រួមពូជាមួយ លោកឆ្លើយតបថា៖ «បើសម្រាប់ខ្ញុំវិញ ក្នុងចិត្តរបស់ខ្ញុំផ្ទាល់ គឺខ្ញុំចង់ឃើញកម្ពុជាយើង Pot ទី១ គឺប៉ះកូរ៉េ Pot ទី២ គឺជប៉ុន ហើយនិង Pot ទី៤ គឺអ៊ីរ៉ង់ គឺកម្ពុជាយើងស្ថិតនៅ Pot ទី៣ អ៊ីចឹង ៣ក្រុមដែលខ្ញុំចង់ឃើញនៅក្នុងពូលជាមួយកម្ពុជា គឺកូរ៉េខាងត្បូង, ជប៉ុន និងអ៊ីរ៉ង់។»

«ខ្ញុំគិតថាការប្រកួតប្រជែងជាមួយក្រុមដែលមានកម្រិតខ្ពស់ជាងយើង វាជាចំណុចមួយដែលល្អ វាជាចំណុចវិជ្ជមាន ហើយក៏វាជាឱកាសមួយសម្រាប់យុវជនកម្ពុជា របស់យើងដែលលេងជាមួយនឹងកម្រិតកីឡាករយុវជនបណ្ដារប្រទេសដែលមានកម្រិតបាល់ទាត់ខ្ពស់ជាងយើង អ៊ីចឹងវាជាចំណុចមួយដែលធ្វើឲ្យយុវជនយើង បានមានការប្រកួតប្រជែងមួយខ្ពស់ផងដែរ ក្នុងការប្រកួតមួយ ហើយក៏ជាចំណុចមួយក្នុងការអភិវឌ្ឍន៍ទៅលើសមត្ថភាព គុណផលរបស់កីឡាករកម្ពុជារបស់យើង ដើម្បីឆ្ពោះទៅកាន់ស៊ីហ្គេម ២០២៣ ផងដែរ។ ខ្ញុំគិតថាការប្រកួតនេះមិនមែនជាការប្រកួតសាកល្បងទេ ប៉ុន្តែវាជាការប្រកួតប្រជែងខ្ពស់មួយសម្រាប់ក្រុមយុវជនកម្ពុជា។» គ្រូជំនួយវ័យ ៣០ឆ្នាំរូបនេះបានសង្គត់ធ្ងន់។

សូមបញ្ជាក់ជាថ្មីថា ជុំផ្ដាច់ព្រ័ត្រពានរង្វាន់ដដែលនេះនឹងមានការបែងចែកចេញជា ៤ពូល ក្នុងមួយពូលមាន ៤ក្រុម ផងដែរ ខណៈការចាប់ឆ្នោតបែងចែកពូលនឹងធ្វើឡើងនៅថ្ងៃទី១៨ ខែមិថុនា នេះផ្ទាល់វេលាម៉ោង ៣:៣០នាទីរសៀល ដោយមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News ផងដែរ មុនការប្រកួតដែលគ្រោងនឹងធ្វើឡើងនៅចន្លោះថ្ងៃទី១៤ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ នៅលើទឹកដីនៃប្រទេសអ៊ូបីគីស្ថាន៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់