លោក Honda សម្ដែងក្ដីមិនអស់ចិត្តដែលលីគប្រេស៊ីលចង់បន្តឡើងវិញ គ្រាដែលចំនួនអ្នកឆ្លងកូវីដកាន់តែកើនឡើង
មាស សុផាណារ៉ុង June 18, 2020
ប្រេស៊ី៖ អ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិ លោក Keisuke Honda បានសម្ដែងក្ដីមិនអស់ចិត្តនៅពេលដែលឭដំណឹងថា លីគប្រេស៊ីលចង់បន្តឡើងវិញ គ្រាដែលចំនួនអ្នកឆ្លងកូវីដ-១៩ ក្នុងប្រទេសកាន់តែកើនឡើងជារៀងរាល់ថ្ងៃ។
កាលពីពេលថ្មីៗនេះ សហព័ន្ធកីឡាបាល់ទាត់ប្រចាំរដ្ឋ Rio de Janeiro បានស្នើថា ពានរង្វាន់ជើងឯករដ្ឋ ដែលជាការប្រកួតមួយក្នុងចំណោមការប្រកួតទូទាំងរដ្ឋជាច្រើនដែលនឹងប្រព្រឹត្តទៅនៅប្រទេសប្រេស៊ីល មុនពេលលីគ ចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំនេះ ចាប់ផ្តើមឡើងវិញនៅថ្ងៃទី១៨ ខែមិថុនា ដោយរង់ចាំតែការយល់ព្រមពីរដ្ឋាភិបាល។
យ៉ាងណាមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងប្រទេសបានបន្តកើនឡើងជារៀងរាល់ថ្ងៃ ជាក់ស្ដែងគិតត្រឹមថ្ងៃទី១៨ ខែមិថុនា គឺមានចំនួនអ្នកឆ្លងសរុប ៩៦០,៣០៩នាក់ ក្នុងនោះមានអ្នកស្លាប់ ៤៦,៦៦៥នាក់ និងមាន ៤១០,១៣៧ករណីកំពុងកើតមាន ឈរនៅលេខ២ នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក នាមជាប្រទេសដែលមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារកូវីដ-១៩ ច្រើនជាងគេ។
បែបនេះហើយ លោក Keisuke Honda ដែលជាសមាជិកនៃក្លិប Botafogo ប្រកបអាជីពនៅលីគប្រេស៊ីល បានបញ្ជាក់នៅលើគណនី Twitter របស់លោកនូវចម្ងល់ដែលហេតុអ្វីបានជាសហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល ចង់បន្តការប្រកួតឡើងវិញ ដោយបានសរសេរដល់ទៅ ២ដង ២ថ្ងៃជាប់ៗគ្នា។
នៅថ្ងៃទី១៧ ខែមិថុនា លោកបានសរសេរថា៖ «តើអ្នកប្រាកដទេ ដែលអ្នកចង់ចាប់ផ្ដើមលីគឡើងវិញ។» បន្ទាប់មកនៅថ្ងៃទី១៧ ខែដដែលនេះ លោកបានសរសេរដូច្នេះទៀតថា៖ «ថ្ងៃទី១៦ ខែមិថុនា ចំនួនអ្នកឆ្លង ៣៤,៩១៨នាក់ ចំនួនអ្នកស្លាប់ ១,២៨២នាក់។ តើខ្ញុំឆ្កួតមែនទេ ដែលចង់ដឹងពីហេតុផលសមស្របណាមួយ ថាហេតុអ្វីបានជាយើងប្រកួតលីគឡើងវិញ?»
Are you sure to start the league next week?
— KeisukeHonda(本田圭佑) (@kskgroup2017) June 17, 2020
June 16🇧🇷
Infection: 34918
Death:1282Am I crazy that I want to know a logical reason why we restart the league? 🤔
— KeisukeHonda(本田圭佑) (@kskgroup2017) June 17, 2020
ក្នុងសាររបស់លោកដែលបានបង្ហោះនីមួយៗ មានអ្នកគាំទ្រភាគច្រើនបានសម្ដែងគាំទ្រការលើកឡើងរបស់លោកផងដែរ និងក៏មានខ្លះមិនពេញចិត្តការលើកឡើងផងដែរ យ៉ាងណាមិញសហព័ន្ធក៏នៅតែមានគម្រោងប្រកួតដែលបានកំណត់ឲ្យចូលប្រកួតនៅចន្លោះថ្ងៃទី១៨ និង២២ ខែមិថុនា៕
អត្ថបទ៖ ណារ៉ុង