ជនជាតិជប៉ុន ៤រូប ដែលកំពុងជួយអភិវឌ្ឍន៍វិស័យបាល់ទាត់កម្ពុជា បន្តកិច្ចសន្យាដល់ឆ្នាំ២០២១

មាស សុផាណារ៉ុង June 17, 2020


 

ភ្នំពេញ៖ ជនជាតិជប៉ុន ៤នាក់ ដែលបានមកចូលរួមជួយបាល់ទាត់កម្ពុជា កាលពីឆ្នាំ២០១៩ ក្នុងនោះរួមមាន គ្រូបង្វឹកចំនួន ២រូប នាយកបច្ចេកទេស ១រូប និងនាយកអាជ្ញាកណ្ដាលបច្ចេកទេស ១រូប ត្រូវបានដឹងថា បានបន្តកិច្ចសន្យាបន្ថែមទៀត ពោលគឺដល់ឆ្នាំ២០២១ បន្ទាប់ពីកិច្ចសន្យាចាស់របស់លោកទាំង៤ បានបញ្ចប់កាលពីដើមឆ្នាំ២០២០។ នេះបើយោងតាមវិបសាយផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់ជប៉ុន (JFA)។

រាប់ពីឆ្វេងទៅស្ដាំ លោក Ohara Kazunori, Gyotoku Koji, Inoue Kazunori និងលោក Karakida​ Tetsu

ជនជាតិជប៉ុនទាំង ៤រូបនោះរួមមាន លោក Gyotoku Koji គ្រូបង្វឹកក្រុម U-18 សាលាបាល់ទាត់ជាតិបាទី ថែមទាំងជាគ្រូក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ និងលោក Inoue Kazunori ជាគ្រូ U-15 សាលាបាល់ទាត់ជាតិបាទី និងជាគ្រូក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៥ឆ្នាំ ផងដែរ នឹងចូលរួមភារកិច្ចជាមួយ លោក Karakida​ Tetsu នាយកអាជ្ញាកណ្តាល និងលោក Ohara Kazunori ជានាយកបច្ចេកទេស ដែលបានធ្វើការនៅកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ដ្បិតមិនមានការប្រកាសបង្ហាញ ប៉ុន្តែគេហទំព័រដដែលបានបញ្ជាក់រយៈពេលការងារបន្ថែមសម្រាប់បុរសទាំង ៤រូបនេះ ជាមួយនឹងកិច្ចសន្យាពីខែកុម្ភៈ ឆ្នាំ២០២០ ដល់ខែមករា ឆ្នាំ២០២១ និងមានដល់ខែមីនា ឆ្នាំ២០២១ ផងដែរ។ តំណរភ្ជាប់ ចុចលើពាក្យទីនេះ

សូមរំឭកថា លោក Gyotoku Koji ទើបតែមកកម្ពុជា ជាលើកដំបូងកាលពីដើមឆ្នាំ២០១៩ និងបានដើរតួនាទីជាគ្រូ U-18 សាលាបាល់ទាត់ជាតិបាទី រួមទាំងជាគ្រូក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ ដឹកនាំការប្រកួតក្នុងពានរង្វាន់ប្រចាំតំបន់ និងទ្វីប ទទួលលទ្ធផលគួរឲ្យកត់សម្គាល់ផងដែរ ជាពិសេសគឺការជួយឲ្យ U-19 កម្ពុជា ឈ្នះថៃ និងវៀតណាម ក្នុងពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍ អាយុក្រោម១៩ឆ្នាំ (AFF U-19 Championship 2019) និងរឹតពិសេសជាងនេះទៅទៀតគឺការជួយឲ្យ U-19 កម្ពុជា បានឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ ពានរង្វាន់ជើងឯកយុវជនទ្វីបអាស៊ី អាយុក្រោម១៩ឆ្នាំ (AFC U-19 Championship) ជាលើកដំបូង ក្រោយខកខានរយៈពេល ៤៦ឆ្នាំ ដែលគ្រោងប្រកួតចុងឆ្នាំនេះ នៅប្រទេសអ៊ូបីគីស្ថាន។

ចំពោះលោក Inoue Kazunori លោក Karakida​ Tetsu និងលោក Ohara Kazunori  ត្រូវបានដឹងមិនមែនជាលើកទី១ ឡើយដែលលោកទាំង៣ មកកម្ពុជា ពោលគឺ លោក Ohara Kazunori មកដល់កម្ពុជា តាំងពីឆ្នាំ២០១៥ ក្រៅតែពីជានាយកបច្ចេកទេស លោកក៏ធ្លាប់ជាគ្រូ U-19 កម្ពុជា និងគ្រូបណ្ដោះអាសន្នជម្រើសជាតិកម្ពុជា ឈុតធំផងដែរ ស្របពេលដែល លោក Karakida​ Tetsu ក៏បានធ្វើការនៅសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្រើនឆ្នាំមកហើយផងដែរ គ្រាដែលលោក Inoue Kazunori មកដល់កម្ពុជា នៅចន្លោះឆ្នាំ២០១៦ ដល់ដើមឆ្នាំ២០១៨ ម្ដង ដឹកនាំ U-16, U-17 និង U-18 កម្ពុជា មុនត្រលប់មកវិញនៅដើមឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្ននេះ។

រូបភាពកាលពីឆ្នាំ២០១៩ 

គួរបញ្ជាក់ថា បុរសជនជាតិជប៉ុនទាំង ៤រូបនេះមកជួយដល់វិស័យកីឡាបាល់ទាត់កម្ពុជា ក្រោមកិច្ចសន្យានៃកិច្ចសហប្រតិបត្តិការវាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងសហព័ន្ធកីឡាបាល់ទាត់ជប៉ុន ដើម្បីផ្ដល់នូវអ្នកជំនាញមកជួយអភិវឌ្ឍន៍បាល់ទាត់យុវជន ពោលគឺក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីគាំទ្រការអភិវឌ្ឍន៍កីឡាបាល់ទាត់នៅអាស៊ី សហព័ន្ធកីឡាបាល់ទាត់ជប៉ុន (JFA) តែងតែបញ្ជូនគ្រូបង្វឹកទៅតំបន់ជាច្រើនជុំវិញទ្វីបអាស៊ី ជាក់ស្ដែងកម្ពុជា ក៏តែងតែទទួលបានការបញ្ជូនគ្រូឧទ្ទិស ទាំងនាយកបច្ចេកទេស និងគ្រូបង្វឹក ជាដើមជារៀងរាល់ឆ្នាំ៕

 

ប្រភព៖ jfa

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់