លោក សាប៊ូន វិនតា បង្ហើបប្រាប់ពីមូលហេតុដែល U18 បាទី ចូលហ្វឹកហាត់ជុំគ្នាក្រោយគេដល់ទៅជិត ២សប្ដាហ៍

មាស សុផាណារ៉ុង June 15, 2020


 

ភ្នំពេញ៖ គ្រប់បណ្ដាក្លិបនៅលីគកំពូលកម្ពុជា បានវិលត្រលប់មកហ្វឹកហាត់ជុំគ្នា ចាប់តាំងពីថ្ងៃទី០១ ដើមខែមិថុនា ក្រោយទទួលបានការអនុញ្ញាតដោយរាជរដ្ឋាភិបាល ឲ្យដំណើរការសកម្មភាពកីឡាឡើងវិញ បន្ទាប់ពីផ្អាកជាង ២ខែ ដើម្បីប្រយុទ្ធប្រឆាំង ក៏ដូចជាការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបាននឹងកំពុងមានឥទ្ធិពលនៅកម្ពុជា។

យ៉ាងណាមិញ ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម ១៨ឆ្នាំ ត្រូវបានដឹងថាទើបតែចាប់ផ្ដើមប្រមូលផ្ដុំសារជាថ្មីកាលពីថ្ងៃទី១២ ខែមិថុនា នេះប៉ុណ្ណោះ បានសេចក្ដីថាមានរយៈពេលយឺតជាងដល់ទៅជិត ២សប្ដាហ៍ បើធៀបទៅនឹងបណ្ដាក្លិបនៅលីគកំពូលផ្សេងទៀតដែលភាគច្រើនចាប់ផ្ដើមតាំងពីថ្ងៃទី០១ មក។

លោក សាប៊ូន វិនតា គ្រូជំនួយនៃក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម ១៨ឆ្នាំ បានបញ្ជាក់ថាមូលហេតុដែលចូលជំរំហ្វឹកហាត់វិញយឺតជាងគេ គឺដោយសាររង់ចាំការសម្រេចពីថ្នាក់ដឹកនាំ។

គ្រូបង្វឹកវ័យ ៣០ឆ្នាំរូបនេះ បានលើកឡើងដូច្នេះថា៖ «មូលហេតុដែលយុវជនសាលាបាល់ទាត់ជាតិបាទីយើងរៀងយឺតក្រោយគេ ជាងបណ្ដាក្លិបផ្សេងៗនោះ តាមដែលខ្ញុំបានទទួលព័ត៌មាន គឺខាងថ្នាក់ដឹកនាំគាត់បានប្រជុំគ្នា ហើយក៏បានសម្រេចយកថ្ងៃទី១២ ការប្រមូលផ្ដុំចូលវិញនៅក្នុងមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិហ្នឹង ហើយយ៉ាងណាមិញនោះ គឺសហព័ន្ធមានការរវល់មួយទៀតដែលទើបតែបញ្ចប់ហើយនោះគឺ មហាសន្និបាតប្រចាំឆ្នាំនោះ កាលពីថ្ងៃទី០៨ កន្លងមក អ៊ីចឹងបានជាសហព័ន្ធបានសម្រេចយកថ្ងៃទី១២ ហ្នឹងប្រមូលផ្ដុំកីឡាករ យុវជននៅបាទីឡើងវិញហ្នឹង ដើម្បីងាយស្រួលក្នុងការត្រួពិនិត្យ និងតាមដានកីឡាករឲ្យមានភាពរៀបរយផងដែរទៅលើបញ្ហាកូវីដ-១៩។»

គ្រាដែលលីគត្រូវបានផ្អាក កីឡាករទាំងអស់ត្រូវបានអនុញ្ញាតឲ្យធ្វើការហ្វឹកហាត់តាមផ្ទះរៀងៗខ្លួន ឬតាមកន្លែងដែលសមរម្យ ដើម្បីរក្សាកម្លាំង ប៉ុន្តែមិនមែនជារក្សាបាន ១០០ភាគរយនោះទេ ដែលជាហេតុធ្វើឲ្យកីឡាករមានធ្លាក់ចុះនូវកម្លាំងជាងមុន និងសូម្បីតែ ក្រុម U-18 បាទីផ្ទាល់។

លោក សាប៊ូន វិនតា បានបន្តទៀតថា៖ «ខ្ញុំសង្កេតឃើញថា ការវិលត្រលប់នៃការហ្វឹកហាត់ថ្ងៃដំបូងរបស់ពួកគាត់វិញ គឺគាត់មានការសប្បាយរីករាយ និងការពេញចិត្តទៅលើការហ្វឹកហាត់ ហើយមួយទៀតនោះយើងឃើញមានភាពខុសប្លែកគ្នាច្រើន បន្ទាប់ពីការសម្រាករយៈពេល ២ខែជាងនេះ យើងឃើញគុណផលរបស់កីឡាករមានការធ្លាក់ចុះច្រើន ដោយសារគាត់មិនមានការហ្វឹកហាត់ជាក្រុម គឺជាការហ្វឹកហាត់តែឯកជន ផ្ទាល់ខ្លួននៅតាមផ្ទះរបស់ពួកគាត់ម្នាក់ៗ អ៊ីចឹងយើងឃើញមានការធ្លាក់ចុះនូវកម្លាំង និងបច្ចេកទេសមួយចំនួនផងដែរ ដូច្នេះហើយយើងបានប្រមូលផ្ដុំ ហើយនឹងចាប់ផ្ដើមរៀបចំទៅលើការហ្វឹកហាត់ អភិវឌ្ឍន៍របស់ពួកគាត់ឡើងវិញទៅលើផ្នែកកម្លាំង ហើយនឹងកលល្បិចនៃការលេងបច្ចេកទេសផ្សេងៗផងដែរ។»

ថ្លែងអំពីក្ដីព្រួយបារម្ភវិញ លោកក៏មានក្ដីព្រួយបារម្ភ ប៉ុន្តែក៏បានបង្ហើបពីចំណុចវិជ្ជមានផងដែរ បើធៀបទៅនឹងក្លិបផ្សេងទៀតនៅក្នុងលីគ លោកនិយាយថា៖ «តាមពិតទៅយើងមានការព្រួយបារម្ភខ្លះដែរទៅលើបញ្ហាកម្លាំងកីឡាករ ក៏ដូចជាបញ្ហារបួសដែលគាត់អាចនឹងប្រឈមនៅពេលដែលគាត់ចាប់ផ្ដើមហ្វឹកហាត់ឡើងវិញ បន្ទាប់ពីសម្រាកមួយរយៈយូរនេះទៅ ប៉ុន្តែអ្វីដែលយើងឃើញគឺចំណុចវិជ្ជមានចំពោះពួកគាត់ គឺហ្វឹកហាត់ឆាប់ប្រមូលកម្លាំងបានលឿនច្រើនជាងកីឡាករនៅតាមក្លិបផ្សេងៗ គឺទី១ កត្តានៃការប្រមូលផ្ដុំ គាត់មានការប្រមូលផ្ដុំហ្វឹកហាត់ផ្ទាល់រួមគ្នា ការស្នាក់នៅហូបចុក នៅទីនេះវាជាចំណុចវិជ្ជមានមួយក្នុងការបង្កើនទិន្នផលគាត់បានលឿនឡើងវិញ ហើយទី២ គឺគាត់ជាយុវជន អ៊ីចឹងយុវជនគាត់មិនទាន់ជាលក្ខណៈមួយគេហៅថា ដើរហើរដោយសេរីនៅឡើយទេ អ៊ីចឹងគាត់មានការគ្រប់គ្រង តាមដានពីគ្រូបង្វឹករាល់ថ្ងៃ។ ពួកគាត់គឺមានការតាមដានការអភិវឌ្ឍន៍សមត្ថភាពពួកគាត់រាល់ថ្ងៃនៅមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទីនេះ ពីក្រុមការងារគ្រូបង្វឹក អ៊ីចឹងជាផ្នែកមួយដែលយើងអាចនិយាយថា ពួកគាត់ងាយនឹងទទួលបាននូវអ្វីដែលជាការអភិវឌ្ឍន៍ហ្នឹងបានលឿន នៅពេលដែលគាត់អំឡុងប្រមូលផ្ដុំហ្វឹកហាត់នៅសាលាបាល់ទាត់ជាតិបាទីនេះ។»

សូមរំឭកដែរថា លីគកំពូលកម្ពុជា បានផ្អាកចាប់តាំងពីថ្ងៃទី១៥ ខែមីនា ក្រោយប្រកួតបានត្រឹមតែ ៥សប្ដាហ៍ ខណៈក្រុមរបស់លោក បានឈរនៅលេខ១២ ក្រោយប្រកួត ១ដង មិនដែលឈ្នះ ស្មើ ១ដង និងចាញ់ ៣ដង មាន ១ពិន្ទុក្នុងដៃ ខណៈការប្រកួតលីគក៏គ្រោងនឹងត្រលប់មកវិញនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះផងដែរ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់