Honda ទទូចដល់អាជ្ញាធរកុំឲ្យប្រញាប់រៀបចំផែនការបាល់ទាត់ឡើងវិញ ពេលដែលជំងឺកូវីដ-១៩ រាតត្បាតខ្លាំងនៅប្រេស៊ីល

មាស សុផាណារ៉ុង June 12, 2020


 

ប្រេស៊ីល៖ អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda និងជាសមាជិករបស់ក្លិបលីគកំពូលប្រេស៊ីល Botafogo បានទទូចដល់អាជ្ញាធរកុំឲ្យប្រញាប់ប្រញាល់រៀបចំផែនការបាល់ទាត់ឡើងវិញ នៅពេលដែលកំពុងមានជំងឺកូវីដ-១៩ រាតត្បាតខ្លាំងនៅប្រទេសនេះ។

ការលើកឡើងដូច្នេះ កើតឡើងនៅពេលដែលក្លិបជាច្រើនបង្កើនការសាកល្បងសមជើង ហើយខ្លះទៀតចាប់ផ្តើមហ្វឹកហាត់ឡើងវិញ ក្នុងក្តីសង្ឃឹមនៃការត្រលប់មករកការប្រកួតវិញ។

Keisuke Honda បានសរសេរនៅលើកម្មវិធីទូរស័ព្ទដៃថ្មីរបស់លោក ឈ្មោះ ‘Now Do’ ថា៖ «សុខភាពត្រូវតែឈរមុខគេ ហើយសេដ្ឋកិច្ច នៅលំដាប់ទី២។ យើងមិនបានឈានដល់ចំណុចកំពូលក្នុងប្រទេសប្រេស៊ីលទេ ហើយវាហាក់ដូចជា [បាល់ទាត់] នឹងចាប់ផ្តើមម្តងទៀត។ ខ្ញុំចង់លេង ប៉ុន្តែម្យ៉ាងទៀតយើងត្រូវតែប្រយ័ត្ន។»

ប្រទេសប្រេស៊ីល មានចំនួនអ្នកឆ្លងវីរុសកូរូណា ខ្ពស់បំផុតលំដាប់ទី២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានករណីឆ្លងជាង ៧០០,០០០ករណី និងមានអ្នកស្លាប់ជិត ៣៨,០០០ នាក់។ រោគរាតត្បាតមិនបានបង្ហាញសញ្ញាណាមួយនៃការធ្លាក់ចុះនៅក្នុងប្រទេស ហើយរដ្ឋដែលមានប្រជាជនច្រើនជាងគេ Sao Paulo បានរាយការណ៍ពីការស្លាប់ប្រចាំថ្ងៃចំនួន ៣៣៤នាក់ កាលពីថ្ងៃអង្គារ៍។

Honda បានបន្ថែមទៀតថា៖ «ចំនួននៃការឆ្លងកំពុងកើនឡើង ហើយខ្ញុំមិនគិតថាយើងគួរតែមានសុទិដ្ឋិនិយមនោះទេ។ យើងត្រូវតែព្យាយាមឲ្យអស់ពីលទ្ធភាពដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុសនេះ។»

សូមបញ្ជាក់ថា បាល់ទាត់ត្រូវបានផ្អាកនៅប្រេស៊ីល តាំងពីពាក់កណ្តាលខែមីនា ហើយមកទល់ពេលនេះនៅមិនទាន់មានកាលបរិច្ឆេទណាមួយសម្រាប់ការវិលត្រឡប់មកប្រកួតជាថ្មីនោះទេ។

គួររំឭកថា Keisuke Honda បានចូលរួមជាមួយក្លិប Botafogo កាលពីខែកុម្ភៈ បន្ទាប់ពីយល់ព្រមលើកិច្ចសន្យារយៈពេល ១១ខែ។ គេ ទើបតែលេងបាន ១ប្រកួតប៉ុណ្ណោះសម្រាប់ក្លិបនៅទីក្រុង Rio de Janeiro មួយនេះ ដោយរកបាន ១គ្រាប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយក្លិប Bangu កាលពីថ្ងៃទី១៥ ខែមីនា៕

 

ប្រភព៖ chinadaily.com.cn

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់