FIFA World Ranking ខែមិថុនា នៅតែគ្មានអ្វីប្រែប្រួលជុំវិញពិភពលោក

មាស សុផាណារ៉ុង June 12, 2020


 

ស្វីស៖ ទោះបីជាបាល់ទាត់សម្រាប់ក្លិបបានចាប់ផ្តើមដំណើរការឡើងវិញ ឬគ្រោងនឹងចាប់ផ្តើមឡើងវិញក្នុងលីគផ្សេងៗនៅជុំវិញពិភពលោកក៏ដោយ ក៏ការរីករាលដាលនៃជំងឺកូវីដ-១៩ (COVID-19) នៅតែជាឧបសគ្គរារាំងការប្រកួតកម្រិតអន្តរជាតិ នេះបានជះឥទ្ធិពលជាថ្មីម្តងទៀតដល់ចំណាត់ថ្នាក់ថ្មីបំផុតនៃតារាងចំណាត់ថ្នាក់ពិភពលោក (FIFA World Ranking) ដែលនៅតែមិនផ្លាស់ប្តូរ ត្រឹមខែមិថុនា។

សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានរក្សាចំណាត់ថ្នាក់ និងពិន្ទុ នៅក្នុងតារាងចំណាត់ថ្នាក់ពិភពលោក FIFA World Ranking ប្រចាំខែមិថុនា ដដែល ដែលបានធ្វើបច្ចុប្បន្នកាលនៅថ្ងៃទី១១ ខែមិថុនា។

ជាថ្មីម្ដងទៀត កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ១៧៣ និងមាន ៩៦៤ពិន្ទុ ខណៈខែកុម្ភៈ នេះវិញ កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ១៧៣ ដដែល និងពិន្ទុ ៩៦៤ពិន្ទុដដែលដូចគ្នា ពោលគឺចំពេលដែលពុំមានសកម្មភាពក្រុមជម្រើសជាតិ។

ឈរនៅចំណាត់ថ្នាក់នេះ បើគិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍វិញ កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ៨ ដដែល ដោយឈរពីលើ ទីម័រខាងកើត នៅក្រោមគេ, ព្រុយណេ និងបន្ទាប់មកឡាវ ជាបន្តបន្ទាប់ ប៉ុន្តែនៅពីក្រោម ឥណ្ឌូនេស៊ី, សិង្ហបុរី, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, ថៃ និងវៀតណាម ឈរនៅលើគេដដែល។ នៅក្នុងតំបន់អាស៊ីវិញ កម្ពុជា ឈរនៅលេខ៣៦ ក្នុងចំណោម៤៦ប្រទេស។

 

ប្រភព៖ FIFA

អត្ថបទ៖ ណារ៉ុង

មតិយោបល់