វៀតណាម ត្រៀមខ្លួនរួចរាល់ជំនួសថៃ សម្រាប់ការរៀបចំការចាប់ពូលពានរង្វាន់ AFF Suzuki Cup

មាស សុផាណារ៉ុង June 12, 2020


 

វៀតណាម៖ វៀតណាម បានត្រៀមខ្លួនរួចជាស្រេចដើម្បីជំនួសថៃ សម្រាប់ការចាប់ពូលពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ (AFF Cup 2020) ឬគេនិយមហៅ AFF Suzuki Cup។

អនុប្រធាន លោក Tran Quoc Tuan បានបញ្ជាក់ថាសហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) ត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាម្ចាស់ផ្ទះ នៃការចាប់ពូល និងកាលវិភាគសម្រាប់ព្រឹត្តិការណ៍ AFF Cup 2020 ជំនួសប្រទេសថៃ នៅខែសីហា។

នៅរសៀលថ្ងៃទី១១ ខែមិថុនា គណៈកម្មាធិការរៀបចំការប្រកួត សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) បានជួបគ្នាតាមប្រព័ន្ធអនឡាញ ដើម្បីពិភាក្សាពីជម្រើសសម្រាប់ការរៀបចំព្រឹត្តិការណ៍ AFF Cup 2020។ នៅទីនេះតំណាងនៃបណ្តាប្រទេសក្នុងតំបន់បានធ្វើបច្ចុប្បន្នភាពស្ថានភាពកូវីដ-១៩ និងបានសម្តែងការកោតសរសើរចំពោះការការពារការរាតត្បាតនៅប្រទេសវៀតណាម។

តាមគម្រោងការចាប់ពូល សម្រាប់ព្រឹត្តិការណ៍ AFF Cup 2020 នឹងធ្វើឡើងនៅខែសីហា ខាងមុខនេះ។ លោក Tran Quoc Tuan អនុប្រធានស្ដីទីគណៈកម្មាធិការរៀបចំការប្រកួត AFF បានមានប្រសាសន៍ថា ក្រោមស្ថានភាពបច្ចុប្បន្ន ការប្រកួតប្រជែងជាក្រុមកំពុងស្ថិតក្នុងពិចារណា។ ការរៀបចំពិធីនេះអាចធ្វើនៅប្រទេសវៀតណាម ប្រសិនបើជំងឺនេះត្រូវបានគ្រប់គ្រងយ៉ាងល្អ និងដោយមានការអនុញ្ញាតពីក្រសួង និងភាគីដែលពាក់ព័ន្ធ នោះ VFF បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះ។

ការចាប់ពូល និងកាលវិភាគប្រកួតនៃព្រឹត្តិការណ៍ AFF Cup 2020 ត្រូវបានបង្ខំឲ្យពន្យារពេល ដោយសារស្ថានភាពស្មុគស្មាញនៃការរីករាលដាលនៃ Covid-19 នៅប្រទេសថៃ។ ទន្ទឹមនឹងនេះដែរលីគបាល់ទាត់វៀតណាម (V.League) និងពានកម្រិតទី២ (National Cup) បានត្រលប់មកវិញសម្រាប់អ្នកគាំទ្រវៀតណាម។ ការប្រកួតទាំងនេះក៏ស្វាគមន៍អ្នកទស្សនាផងដែរ ដែលធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងលើប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ និងពិភពលោក។

នៅក្នុងកិច្ចប្រជុំ អនុប្រធាន VFF បានស្នើពង្រីកបញ្ជីចុះឈ្មោះបឋមពីកីឡាករ ៥០នាក់ ដល់ ៧០នាក់ ដែលជាបញ្ជីចុះឈ្មោះផ្លូវការពីកីឡាករ ២៣នាក់ ដល់ទៅ ៣០នាក់ បញ្ជីចុះឈ្មោះពី ២០នាក់រហូតដល់ ២៣នាក់។ លើសពីនេះលោក Tuan ក៏បានស្នើឱ្យអនុវត្តច្បាប់ FIFA ថ្មីដែលអនុញ្ញាតឲ្យក្រុមធ្វើការផ្លាស់ប្តូរកីឡាករចំនួន ៥នាក់ ដើម្បីធានាសុខភាព និងកាត់បន្ថយការរងរបួស។ សំណើទាំងនេះបានទទួលការគាំទ្រពីសហព័ន្ធសមាជិក។

ថ្មីៗនេះប្រភពព័ត៌មានក្នុងតំបន់មួយចំនួនក៏បានបង្ហើបថាព្រឹត្តិការណ៍ AFF Cup 2020 ទំនងជានឹងផ្លាស់ប្តូរទម្រង់ប្រកួត ជំនួសឲ្យការផ្លាស់ប្ដូរទឹកដី ២ប្រកួតក្នុងផ្ទះ ២ប្រកួតក្នុងដី ដូចកាលពីឆ្នាំ២០១៨ សម្រាប់ការប្រកួតក្នុងវគ្គចែកពូល អាចនឹងប្រព្រឹត្តទៅនៅប្រទេសសមាជិកតែ ១ ឬ២ ប្រទេសប៉ុណ្ណោះ វាទំនងជាថាវៀតណាម នឹងក្លាយជាប្រទេសដែលត្រូវបានជ្រើសរើសដើម្បីធ្វើម្ចាស់ផ្ទះដោយ AFF ដោយសារសមិទ្ធិផលរបស់ខ្លួនក្នុងការទប់ស្កាត់កូវីដ-១៩។

សូមបញ្ជាក់ថា ពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ (AFF Suzuki Cup 2020) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី៣១ ខែធ្នូ បន្ទាប់ពីបញ្ចប់ការប្រកួតនៅជុំទី២ នៃព្រឹត្តិការណ៍ជម្រុះបាល់ទាត់ពិភពលោក (World Cup) ឆ្នាំ២០២២ ។ សំណើរបស់ AFF នឹងត្រូវពិនិត្យ និងអនុម័តដោយក្រុមប្រឹក្សា AFF ក្នុងកិច្ចប្រជុំ Online នៅថ្ងៃទី១៦ ខែមីថុនា ខាងមុខ៕

 

ប្រភព៖ zingnews.vn

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់