ចាន់ ហួង ស្រមៃចង់ក្លាយជាផ្នែកមួយនៃ U-19 កម្ពុជាចុងឆ្នាំនេះ ប៉ុន្តែក៏បារម្ភដ្បិតពុំទាន់មានឱកាសបង្ហាញខ្លួនជាមួយក្លិប

មាស សុផាណារ៉ុង June 12, 2020


 

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ នឹងមានភារកិច្ចដ៏សំខាន់មួយនៅក្នុងឆ្នាំ២០២០ នេះ ដោយនឹងត្រូវចូលរួមប្រកួតពានរង្វាន់ជើងឯកយុវជនអាស៊ីអាយុក្រោម ១៩ឆ្នាំ ( AFC U-19 Championship 2020 ) ជុំផ្ដាច់ព្រ័ត្រ នៅប្រទេសអ៊ូបីគីស្ថាន អំឡុងខែតុលា។

អង្គរថាយហ្គឺរ ដែលបច្ចុប្បន្នមានយុវជនវ័យទើបតែ ១៨ឆ្នាំ កំពុងពោរពេញដោយសក្តានុពលមួយរូប គឺកីឡាករ ចាន់ ហួង លេងក្នុងតួនាទីជាខ្សែការពារកណ្ដាល បានបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍នាប៉ុន្មានប្រកួតចុងក្រោយជាមួយអង្គរថាយហ្គឺរ ក្នុងលីគកាលពីចុងរដូវកាលមុន និងជាពិសេសបង្ហាញទម្រង់លេងរឹតតែគួរឲ្យទាក់ទាញក្នុងការប្រកួតមុនបើករដូវកាល (Pre-Season) ខណៈសាមីខ្លួនបានបង្ហើបថាតែងតែស្រម៉ៃគិតថាចង់ក្លាយទៅជាផ្នែកមួយដែលអាចជួយជម្រើសជាតិបាន ប៉ុន្តែក៏មានក្ដីបារម្ភដោយសារពុំទាន់មានឱកាសបង្ហាញខ្លួនជាមួយក្លិបដើម្បីទាក់ចិត្តគ្រូបង្វឹកជម្រើសជាតិ។

ឆ្លើយឆ្លងក្នុងកិច្ចសម្ភាសន៍ ចាន់ ហួង បានប្រាប់សារព័ត៌មាន camsports.org ថា៖ «សម្រាប់ខ្ញុំគ្រប់ពេលគឺខ្ញុំតែងតែប្រាថ្នាចង់ក្លាយទៅជាផ្នែកមួយនៃក្រុមជម្រើសជាតិ U-19 ប៉ុន្តែអាស្រ័យទៅលើសមត្ថភាពរបស់យើងដែរ បើសិនជាយើងហាត់អត់ល្អ ការដាក់បង្ហាញរបស់គ្រូគាត់អត់ពេញចិត្ត អ៊ីចឹងជម្រើសជាតិក៏គេអត់អាចទទួលយកយើងបានដែរបង តែគ្រប់ពេលសម្រាប់ខ្ញុំគឺ តែងតែស្រមៃគិតថាចង់ក្លាយទៅជាផ្នែកមួយដែលអាចជួយជាតិបាន។»

លីគកំពូលកម្ពុជា រដូវកាលនេះ បានប្រកួតកន្លងផុតទៅ ៥សប្ដាហ៍រួចមកហើយ មុននឹងត្រូវបានផ្អាកដើម្បីប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ ដែលបានរាតត្បាតជាសាកល រួមទាំងនៅកម្ពុជា ផងដែរនោះ ប៉ុន្តែកីឡាករវ័យក្មេង ចាន់ ហួង ពុំទាន់បានបង្ហាញខ្លួនសូម្បីតែមួយប្រកួត នៅឡើយ ដែលការណ៍នេះជាក្ដីព្រួយបារម្ភសម្រាប់ឱកាសដែលខ្លួនចង់ក្លាយជាផ្នែកមួយនៃ U-19 កម្ពុជា។

កីឡាករវ័យ ១៨ឆ្នាំរូបនេះបានបន្តទៀតថា៖ «តាំងពីចាប់ផ្ដើមលីគមក ខ្ញុំអត់ទាន់បានបង្ហាញខ្លួននៅឡើយ អ៊ីចឹងក្នុងនាមខ្ញុំជាកីឡាករវ័យក្មេង ខ្ញុំតែងតែព្យាយាមប្រឹងប្រែងហ្វឹកហាត់ និងព្យាយាមធ្វើអ្វីដែលគ្រូចង់បាន ហើយនឹងព្យាយាមបង្កើនខ្លួនឯងឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំងជាមួយកីឡាករដែលមានបទពិសោធច្រើន។ សម្រាប់ការដែលអត់បានបង្ហាញវាគួរឲ្យបារម្ភខ្លាំងតែម្ដង ប៉ុន្តែធ្វើយ៉ាងម៉េច ការហ្វឹកហាត់របស់យើងក៏ខំប្រឹង យើងក៏ព្យាយាមដូចគ្នា ប៉ុន្តែគ្រូនីមួយៗគាត់តែងតែចង់បានលទ្ធផលល្អ និងគាត់ចង់បានគោលដៅរបស់គាត់ អ៊ីចឹងបើគាត់ដាក់យើងជាកីឡាករវ័យក្មេង អត់សូវមានបទពិសោធ អ៊ីចឹងវាពិបាកសម្រាប់គាត់ដែរ។»

មានយោបល់អំពីស្ថានភាពរបស់ខ្លួនជាមួយ ក្លិបអង្គរថាយហ្គឺរ វិញ ចាន់ ហួង បានលើកឡើងយ៉ាងដូច្នេះថា៖ «បើនិយាយពីស្ថានភាពក្រុមអង្គរថាយហ្គឺរ គឺល្អសម្រាប់ខ្ញុំដែលជាកីឡាករវ័យក្មេង ព្រោះខ្ញុំទទួលបានការហ្វឹកហាត់ពីគ្រូ ហើយខ្ញុំទទួលបានបទពិសោធពីកីឡាករដែលមានបទពិសោធជាច្រើន ហើយមួយគឺខ្ញុំបានការប្រកួតប្រជែងខ្ពស់ពីពួកគាត់ ហើយនៅពេលយើងចាប់ផ្ដើមហ្វឹកហាត់ គឺយើងត្រូវតែផ្ដោតទៅលើការហ្វឹកហាត់ឲ្យខ្លាំង ម៉ត់ចត់ជាមួយការហ្វឹកហាត់ ព្រោះយើងជាកីឡាករវ័យក្មេងបើសិនជាយើងបន្ទាប level របស់យើង អាហ្នឹងក៏វាជាបញ្ហាមួយសម្រាប់គ្រូ ដែលគាត់គិតថាយើងជាក្មេង យើងចូលរួមជាមួយឈុតធំហើយយើង level អត់តាមជាមួយឈុតធំ អ៊ីចឹងហើយវាអាចនឹងបញ្ហាសម្រាប់គាត់ទៅថ្ងៃមុខ។ តាំងពីមិនទាន់មានជំងឺកូវីដ កើតឡើងមក យើងព្យាយាមស្វាសស្វែងហ្វឹកហាត់ខ្លាំងណាស់ ទាំងគ្រូ ទាំងសិស្ស ព្រោះគាត់ផ្ដោតទៅលើលីគ អ៊ីចឹង នៅពេលដែលយើងទទួលបានព័ត៌មានហ្នឹងពីក្រសួងសុខាភិបាល មកថាមានការផ្អាកអីចឹង ក៏ពួកយើងនៅតែបន្តការហ្វឹកហាត់តាមរយៈអនឡាញ តាមរយៈអ្វីដែលគ្រូអាចធ្វើទៅបានសម្រាប់សិស្ស យើងហាត់រាល់ថ្ងៃ រក្សាកម្លាំងរាល់ថ្ងៃ ដូចជានៅលើទីលានអ៊ីចឹង។»

គួរបញ្ជាក់ថា ចាន់​ ហួង បានចូលរួមជាមួយអង្គរថាយហ្គឺរ ក្នុងវ័យត្រឹមតែ ១៦ឆ្នាំ កាលពីចុងឆ្នាំ២០១៨ ក្នុងកិច្ចសន្យារយៈពេលវែង។ កីឡាកររូបនេះលេងក្នុងតួនាទីជាខ្សែការពារកណ្ដាល ធ្លាប់ជាយុវជនរបស់ខេត្តបន្ទាយមានជ័យ ( ឆ្នាំ២០១៥-១៦ ) មុននឹងផ្លាស់ទៅហ្វឹកហាត់ជាមួយយុវជនសាលាបាល់ទាត់ជាតិបាទី ឆ្នាំ២០១៦-១៨ និងត្រលប់ទៅចូលរួមជាមួយក្រុមខេត្តបន្ទាយមានជ័យ វិញ រហូតដល់ចុងឆ្នាំ២០១៨ ទើបចូលរួមជាមួយអង្គរថាយហ្គឺរ ដល់បច្ចុប្បន្ន។

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ នឹងត្រូវឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រពានរង្វាន់ជើងឯកទ្វីបអាស៊ី អាយុក្រោម១៩ឆ្នាំ ( AFC U-19 Championship 2020 ) នៅប្រទេសអ៊ូបីគីស្ថាន ឆ្នាំ២០២០ ជាមួយក្រុមចំនួន ១៥ផ្សេងទៀត ជាមួយម្ចាស់ផ្ទះ អ៊ូបីគីស្ថាន, កាតា, តាជីគីស្ថាន, អ៊ីរ៉ង់, បារ៉ែន, អារ៉ាប់ប៊ីតសាវឌីរ, ម៉ាឡេស៊ី, អូស្ត្រាលី, កូរ៉េខខាងត្បូង, ជប៉ុន, ឥណ្ឌូណេស៊ី, ឡាវ, វៀតណាម, យេមែន និងអ៊ីរ៉ាក់។ ចំពោះការប្រកួតជុំផ្ដាច់ព្រ័ត្រពានរង្វាន់ដដែលនេះ គឺគ្រោងនឹងធ្វើឡើងនៅអំឡុងខែតុលា ឆ្នាំ២០២០ ពោលគឺចន្លោះពីថ្ងៃទី១៤ ដល់ថ្ងៃទី៣១ ខែតុលា ដោយនឹងមានការបែងចែកចេញជា ៤ពូល ក្នុងមួយពូលមាន ៤ក្រុម ផងដែរ៕

 

រូបភាព៖ Angkor Tiger Football Club

អត្ថបទ៖ ណារ៉ុង

មតិយោបល់