លោក សុក វាសនា បង្ហាញក្តីបារម្ភបន្ទាប់ពីការត្រលប់មកហ្វឹកហាត់ជាក្រុមរបស់អាស៊ីអឺរ៉ុប នៅសប្តាហ៍ដំបូង

មាស សុផាណារ៉ុង June 11, 2020


 

ភ្នំពេញ៖ ក្លិបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីត បានវិលត្រឡប់មកហ្វឹកហាត់ជាក្រុមជាលើកដំបូងកាលពីថ្ងៃច័ន្ទសប្តាហ៍មុន បន្ទាប់ពីពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ត្រូវបានផ្អាកដោយសារវិបត្តិកូវីដ-១៩ (Covid-19) ដែលនាំឲ្យមានការរឹតតបន្តឹងការហ្វឹកហាត់ជាក្រុម ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺដដែលនេះ។

លោក សុក វាសនា បានបង្ហាញពីការព្រួយបារម្ភរបស់លោកចំពោះកម្លាំង និងយុទ្ធសាស្ត្ររបស់កីឡាករអាស៊ីអឺរ៉ុប បន្ទាប់ពីវាយតម្លៃសមត្ថភាពរបស់ពួកគេអំឡុងពេលហ្វឹកហាត់។

លោក សុក វាសនា បានប្រាប់ camsports.org ថា៖ «អំឡុងពេលហ្វឹកហាត់ដំបូងក្នុងក្រុមរបស់យើង យើងមានបញ្ហាខ្លះទាក់ទងនឹងកម្លាំង និងលក្ខណៈបច្ចេកទេសរបស់កីឡាករ។ យើងត្រូវការពេលវេលាច្រើនដើម្បីហ្វឹកហាត់ជាមួយគ្នាដូចដែលយើងមិនបានហ្វឹកហាត់ជាមួយគ្នាអស់រយៈពេលជាយូរមកហើយ។»

អតីតគ្រូជំនួយព្រះខ័នរាជស្វាយរៀង រូបនេះបានបន្ត៖ «យើងមានការប្រកួតមិត្តភាពរាល់សប្តាហ៍។ យើងមិនទាន់មានកាលវិភាគហ្វឹកហាត់ពេញលេញនៅឡើយទេ ហើយខ្ញុំគិតថាយើងត្រូវការពេលវេលាដើម្បីដោះស្រាយបញ្ហាដែលយើងកំពុងជួបប្រទះនេះ។ យើងក៏មានការព្រួយបារម្ភអំពីការរងរបួសមួយចំនួនផងដែរមុនពេលចាប់ផ្តើមការប្រកួតលីគ។» 

«ខ្ញុំគិតថាកីឡាកររបស់យើងមិនមានការព្រួយបារម្ភច្រើនជាមួយកូវីដ-១៩ នោះទេ ប៉ុន្តែយើងនឹងមិនមើលស្រាលស្ថានការណ៍ឡើយ។ យើងនឹងមានការប្រកួតជាធម្មតានៅដើមខែក្រោយ ហើយមិនឆាប់ពេក ឬក៏មិនយូរពេកដែលត្រូវរង់ចាំ។ យើងនឹងផ្តល់អ្វីៗទាំងអស់របស់យើងសម្រាប់ក្លិបនេះ។» លោក សុក វាសនា បានបន្ថែម។

សូមបញ្ជាក់ថា ក្របខណ្ឌលីគកំពូលកម្ពុជា (Metfone Cambodian League) រដូវកាល២០២០ នឹងចាប់ផ្ដើមឡើងវិញពីថ្ងៃទី០៤ និងទី០៥ ខែកក្កដា តទៅ ដោយមានរូបមន្តថ្មី។

សម្រាប់ជើងទី១ នឹងបន្តពីសប្ដាហ៍ទី៦ ហើយគ្រោងបញ្ចប់នៅថ្ងៃទី១២ និងទី១៣ ខែកញ្ញា មុនចាប់ផ្ដើមជើងទីពីរពីថ្ងៃទី២០ ខែកញ្ញា ដល់ថ្ងៃទី២៤ និង២៥ ខែតុលា។ ដោយឡែកអ្វីដែលត្រូវបានព្រមព្រៀងកែប្រែនោះ គឺចាប់ពីជើងទី២ ក្រុមកំពូលទាំង៦ ត្រូវប្រជែងគ្នាយកចំណាត់ថ្នាក់លេខ១, លេខ២ និងលេខ៣។ ចំណែកក្លិបនៅលំដាប់ទី៧ ដល់ទី១៣ ប្រកួតគ្នាជាធម្មតា។ សម្រាប់ការគិតពិន្ទុវិញ គឺបូកបន្តគ្នាដោយគិតលើពិន្ទុសរុបជើងទីមួយ និងផលសងគ្រាប់បាល់។ ចំណែកជើងទីពីរ គឺតាមប្រព័ន្ធ Head-Head៕

 

រូបភាព៖ អាសុីអឺរ៉ុប យូណាយធីត – AEU

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់