ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា នឹងចេញទៅហ្វឹកហាត់នៅប្រទេសចិន សម្រាប់ត្រៀមស៊ីហ្គេម ២០២៣

មាស សុផាណារ៉ុង June 11, 2020


 

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា នឹងចេញទៅហ្វឹកហាត់នៅប្រទេសចិន ដើម្បីត្រៀមផងដែរសម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។

ការរៀបចំបែបនេះគឺបន្ទាប់ពីសម្រេចនៅក្នុងសន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០១៩ និង​លើក​ទិសដៅ​អនុវត្ត​សម្រាប់​ឆ្នាំ​២០២០ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីថ្ងៃទី០៨ ខែមិថុនា ស្របពេលដែលថ្នាក់ដឹកនាំកំពូល លើវិស័យកីឡា ២រូប ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មការធិការជាតិអូឡាំពិកម្ពុជា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបញ្ជាក់ឲ្យដឹង។

ថ្លែងនៅក្រោយបញ្ចប់សន្និបាត​ ឯកឧត្តម សៅ សុខា បានលើកឡើងពីបាល់ទាត់នារី ផងដែរយ៉ាងដូច្នេះថា៖ «នេះគឺជាការពិតណាស់ ពីព្រោះថាបើយើងសម្លឹងទៅមើលថាយើងសក្ដានុពលផ្នែកបាល់ទាត់នារី គឺយើងមិនមែនចេះតែនិយាយទេ ពីព្រោះមានប្រទេសជាច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍របស់យើងនេះ ដែលត្រូវចូលរួមប្រកួតកីឡាស៊ីហ្គេមនេះ កីឡានារី គឺមិនសូវជាខ្លាំងក្លាប៉ុន្មានដែរទេ ហើយពេលវេលារបស់យើងក៏អាចមានពេលវេលាគ្រប់គ្រាន់ បើយើងមានការតាំងចិត្ត ហើយយើងមានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់នោះ គឺយើងអាចធ្វើបានដូចអ្វីដែលយើងបានរំពឹងទុក ត្រូវហើយបើនិយាយពីក្លិបដែលមានបាល់ទាត់នារី មានត្រឹមតែ ២ក្លិបទេ ប៉ុន្តែការអភិវឌ្ឍន៍បាល់ទាត់នារីនេះគឺយើងជម្រុញតាមបណ្ដាខេត្ត ដូចសព្វថ្ងៃយើងមានសាលាតម្រង់ទិសនៅតាមខេត្តរហូត ២៥រាជធានី-ខេត្ត សាលាតម្រង់ទិស ២៥រាជធានី-ខេត្ត នេះហើយដែលជាប្រភពនៃការបំផុសការលេងកីឡា និងការជ្រើសរើសកីឡាករ ក្នុងនោះក៏មានកីឡាករ-កីឡាការិនី។»

ឯកឧត្តមបានបន្ថែមទៀតថា៖ «សូមជម្រាបជូនថា យើងនឹងខិតខំប្រឹងប្រែងបង្កើតការបំផុតឲ្យលេង ហើយយើងនឹងជ្រើសរើសដើម្បីបានកីឡាការិនី ខាងភាគីមិត្ត ជាពិសេសគឺប្រទេសចិនតែម្ដង គឺគាត់ទទូចហើយទទូចទៀត សុំឲ្យយើងបានបញ្ជូនកីឡាការិនី ដើម្បីភាគីចិនគាត់នឹងជួយនៅក្នុងការបណ្ដុះបណ្ដាលសម្រាប់ស៊ីហ្គេម នៅឆ្នាំ២០២៣ នេះ អ៊ីចឹងទេសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅក្នុងយុទ្ធសាស្ត្រ នៅក្នុងផែនការរបស់ខ្លួន បានចេញការរៀបចំការប្រកួតបាល់ទាត់នារីនេះដើម្បីជ្រើសរើសយកនារីកីឡាករដែលមានសក្ដនុពល ដើម្បីបញ្ជូនទៅធ្វើការហ្វឹកហាត់នៅខាងក្រៅប្រទេស។»

ដោយឡែកភ្ជាប់ជាមួយគ្នានេះ ឯកឧត្តម វ៉ាត់ ចំរើន ក៏បានបង្ហើបផងដែរថា៖ «…ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានប្រកាសពីការជម្រុញការអភិវឌ្ឍកីឡាការិនីដែរ ក្រុមកីឡាការិនី ដែរគណៈកម្មាធិការ CAMSOC របស់យើងរៀបចំការហ្វឹកហាត់នៅចិន នៅក្នុងបំណាច់ឆ្នាំនេះ និងឆ្នាំក្រោយ ទៅលើតាមស្ថានភាពកូវីដ-១៩ អ៊ីចឹងយើងធ្វើការរួមគ្នា សហការគ្នា ហើយជម្រុញការងារបច្ចេកទេសនេះជាមួយគ្នា អ៊ីចឹងសូមថ្លែងអំណរគុណសហព័ន្ធបាល់ទាត់ជាថ្មីម្ដងទៀត ដែលបានរៀបចំយុទ្ធសាស្ត្រយ៉ាងមុតស្រួចនេះ ឆ្ពោះទៅជោគជ័យស៊ីហ្គេម ២០២៣។»

គួរដឹងដែរថា ចាប់តាំងពីស៊ីហ្គេមលើកដំបូងដែលមានវិញ្ញាបាល់ទាត់នារី នៅឆ្នាំ១៩៨៥ មក កម្ពុជា មិនដែលមានក្រុមជម្រើសជាតិនារី ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះឡើយ ដ្បិតជម្រើសជាតិនារីកម្ពុជា ទើបតែចាប់ផ្ដើមមានមុខលើឆាកអន្តរជាតិ កាលពីឆ្នាំ២០១៨ កន្លងទៅ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់