CNCC ដាក់ចេញវិធានការណែនាំសុវត្ថិភាព ៩ចំណុច ពេលលីគកំពូលកម្ពុជា ត្រលប់មកវិញ
មាស សុផាណារ៉ុង June 10, 2020
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១០ ខែមិថុនា គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) និងតំណាងក្រុមទាំង១៣ ក្នុងពានរង្វាន់លីគកំពូលកម្ពុជា បានបើកកិច្ចប្រជុំអំពីបច្ចេកទេសនៃការប្រកួត និងវិធានការណែនាំពីសុវត្ថិភាពដើម្បីទប់ស្កាត់ និងបង្ការជំងឺកូវីដ១៩ នៅក្នុងដំណើរការការប្រកួតឡើងវិញ។
ការប្រជុំរវាងគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ជាមួយតំណាងក្លិបទាំង១៣ អំពីកម្មវិធីនិងបច្ចេកទេសនៃការប្រកួត ព្រមទាំងវិធានការណែនាំពីសុវត្ថិភាពដើម្បីទប់ស្កាត់ និងបង្ការជំងឺកូវីដ១៩ ត្រៀមលក្ខណក្នុងដំណើរការការប្រកួតឡើងវិញនៅថ្ងៃទី៤ និងទី៥ ខែកក្កដា និងគ្រោងបញ្ចប់នៅថ្ងៃទី២៤ និងទី២៥ ខែតុលា ដោយចាប់ផ្តើមឡើងវិញពីសប្តាហ៍ទី៦ ខណៈការប្រកួតត្រូវធ្វើឡើងដោយមិនមានអ្នកចូលរួមទស្សនាផ្ទាល់ ពោលមានត្រឹមតែកីឡាករ គ្រូបង្វឹក និងក្រុមការងារបច្ចេកទេសដែលពាក់ព័ន្ធត្រឹមតែ ១០០នាក់ប៉ុណ្ណោះដែលស្ថិតនៅក្នុងទីលានប្រកួត។
ចំណែកវិធានការណែនាំសុវត្ថិភាពដើម្បីបង្ការជំងឺកូវីដ១៩ នៅក្នុងដំណើរការការប្រកួត គឺបានបែងចែកជា ៩ចំណុច៖
- ព័ត៌មានអំពី ជំងឺកូវីដ១៩
- ដំណើរការចាប់ផ្តើមឡើងវិញ និងសណ្ឋានការប្រកួត
- វិធានការអនុវត្តការពារដល់ក្រុម និងក្រុមការងារ
- វិធានណែនាំសម្រាប់ករណីឃើញរោគសញ្ញាសង្ស័យ ឬលទ្ឋផលវិជ្ជមាននៃជំងឺកូវីដ១៩
- វិធានណែនាំក្នុងដំណើរការរៀបចំការប្រកួត
- វិធានណែនាំសម្រាប់ការងារផ្សព្វផ្សាយ
- វិធានណែនាំការប្រកួតមិនមានអ្នកចូលទស្សនា
- វិធានណែនាំសម្រាប់សកម្មភាពហ្វឹកហាត់របស់ក្លិប និងកីឡាករ
ក្នុងគោលបំណងស្របទៅតាមវិធានសុវត្ថភាពបង្ការជំងឺ Covid-19 របស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បានដាក់វិធានការណែនាំសុវត្ថិភាពដើម្បីបង្ការជំងឺកូវីដ-១៩ នៅក្នុងដំណើរការការប្រកួត ដោយមាន ៩ចំណុចមុនដំណើរការសារជាថ្មីនៃពានរង្វាន់ Metfone Cambodian League 2020។ ដោយហេតុនេះហើយ ក្លិបទាំង១៣ រួមទាំងមន្ត្រីរៀបចំការប្រកួតទាំងអស់ត្រៀមចូលរួមពិនិត្យសុខភាព ដោយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ជាអ្នករៀបចំជាមួយក្រសួងសុខាភិបាល និងតម្រូវអោយមានការបាញ់ថ្នាំសម្លាប់មេរោគ នៅតាមបរិវេណនានានៅក្នុងកីឡដ្ឋានផងដែរ។
ពាក់ព័ន្ធនឹងការពិនិត្យសុខភាពនេះដែរ លោក ឈី កុលបុត្រា លេខាធិការប្រតិបត្តិ CNCC បញ្ជាក់ថា ប្រសិនបើរកឃើញបុគ្គលិក និងកីឡាករណាមួយមានអការៈមិនប្រក្រតី គឺអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាល ដូចជាការធ្វើចត្តាឡីស័ក និងការពិនិត្យភ្លាមៗ។
ថ្នាក់ដឹកនាំដដែលបន្ថែមថា គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា នឹងដាក់កំហិតក្លិបទាំងអស់ អោយមានការតាមដានការពិនិត្យកម្ដៅជាប្រចាំយ៉ាងហោចណាស់ ២លើក មុនថ្ងៃប្រកួតដើម្បីដឹងច្បាស់ពីអាការៈ ថាតើមានភាពប្រក្រតី ឬអត់។ ចំណែករៀងរាល់ការប្រកួត កីឡាករ គ្រូបង្វឹក និងបុគ្គលិកទាំងអស់ ក៏ត្រូវឆ្លងកាត់ការត្រួតពិនិត្យកម្ដៅឡើងវិញម្តងទៀតជាលើកទី៣ មុនចូលទៅកាន់ទីលានប្រកួត ហើយក្នុងអំឡុងពេលប្រកួត គឺមិនអនុញ្ញាតអោយមានការចាប់ដៃ ការអោប (អបអរសាទរការទាត់បញ្ចូលទី)៕
ប្រភពអត្ថបទ និងរូបភាព៖ CNCC – គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា