ការត្រលប់មកវិញនៃពានសម្តេចតេជោ ថ្នាក់ខេត្ត គណៈកម្មការ កំណត់ឲ្យមានការពិនិត្យកម្ដៅ ៣ដង មុនការប្រកួត

មាស សុផាណារ៉ុង June 10, 2020


 

ភ្នំពេញ៖ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា និងតំណាងក្រុមទាំង៨ ក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត បានបើកកិច្ចប្រជុំអំពីបច្ចេកទេសនៃការប្រកួត និងវិធានការណែនាំពីសុវត្ថិភាពដើម្បីទប់ស្កាត់ និងបង្ការជំងឺកូវីដ១៩ នៅក្នុងដំណើរការការប្រកួតឡើងវិញ។

ការចាប់គូប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៤ ឆ្នាំ២០២០ វគ្គ៨ក្រុមចុងក្រោយ នឹងធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិ វេលាម៉ោង ១១:០០ព្រឹក។

ចំណាត់ថ្នាក់ទី ១ ខេត្តសៀមរាប
ចំណាត់ថ្នាក់ទី២ ខេត្តព្រៃវែង
ចំណាត់ថ្នាក់ទី៣ ខេត្តកំពង់ស្ពឺ
ចំណាត់ថ្នាក់ទី៤ ខេត្តកែប
ចំណាត់ថ្នាក់ទី៥ ខេត្តកំពង់ឆ្នាំង
ចំណាត់ថ្នាក់ទី៦ ខេត្តត្បូងឃ្មុំ
ចំណាត់ថ្នាក់ទី៧ ខេត្តកោះកុង
ចំណាត់ថ្នាក់ទី៨ ខេត្តកណ្តាល

ចំពោះចំណាត់ថ្នាក់ទី១ ដល់ទី៤ គឺនៅរង់ចាំដោយស្វ័យប្រវត្ត ដោយឡែកគឺចាប់គូតែចំណាត់ថ្នាក់ទី៥ ដល់ទី៨ប៉ុណ្ណោះ ដើម្បីទៅប៉ះក្រុមពីចំណាត់ថ្នាក់ដែលបានកំណត់លេខ១ ដល់លេខ៤ ប្រសិនជាមានគូរប្រកួតណាមួយធ្លាប់ជួបគ្នានៅក្នុងពូលរួចហើយ មិនតម្រូវអោយជួបគ្នាម្តងទៀតទេ គឺតម្រូវអោយផ្លាស់ប្តូរ ដោយធ្វើការចាប់គូឡើងវិញម្តងទៀត។

ការប្តូរកីឡាករ : ប្តូរបាន ៥នាក់ (ក្នុងមួយប្រកួត), ការប្តូរធ្វើឡើងតែ ៣លេីក ប៉ុណ្ណោះ (មិនរាប់បញ្ចូលការប្តូរ ពេលសម្រាកចន្លោះវគ្គ)។

វិធានការណែនាំសុវត្ថិភាពដើម្បីបង្ការជំងឺកូវីដ១៩ នៅក្នុងដំណើរការការប្រកួត ដោយមាន ៩ចំណុច៖

  • ព័ត៌មានអំពី ជំងឺកូវីដ១៩
  • ដំណើរការចាប់ផ្តើមឡើងវិញ និងសណ្ឋានការប្រកួត
  • វិធានការអនុវត្តការពារដល់ក្រុម និងក្រុមការងារ
  • វិធានណែនាំសម្រាប់ករណីឃើញរោគសញ្ញាសង្ស័យ ឬលទ្ឋផលវិជ្ជមាននៃជំងឺកូវីដ១៩
  • វិធានណែនាំក្នុងដំណើរការរៀបចំការប្រកួត
  • វិធានណែនាំសម្រាប់ការងារផ្សព្វផ្សាយ
  • វិធានណែនាំការប្រកួតមិនមានអ្នកចូលទស្សនា
  • វិធានណែនាំសម្រាប់សកម្មភាពហ្វឹកហាត់របស់ក្លិប និងកីឡាករ

ក្នុងគោលបំណងសម្របទៅតាមវិធានការអនាម័យចេញដោយក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បានដាក់វិធានការណែនាំសុវត្ថិភាពដើម្បីបង្ការជំងឺកូវីដ១៩ នៅក្នុងដំណើរការការប្រកួត ដោយមាន៩ចំណុចមុនដំណើរការសាជាថ្មីនៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត។

ដោយហេតុនេះហើយ ក្រុមទាំង ៨ឈានដល់វគ្គ៨ក្រុមចុងក្រោយពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត រួមទាំងមន្ត្រីរៀបចំការប្រកួតទាំងអស់ត្រៀមចូលរួមពិនិត្យសុខភាព​ និងតម្រូវអោយបាញ់ថ្នាំនៅតាមបរិវេណទីលានកីឡដ្ឋានទាំងអស់។

ពាក់ព័ន្ធនឹងការពិនិត្យសុខភាពនេះដែរ លោក ឈី កុលបុត្រា លេខាធិការប្រតិបត្តិ CNCC បញ្ជាក់ថា ប្រសិនបើរកឃើញបុគ្គលិក និងកីឡាករណាមួយមានអការៈមិនប្រក្រតី គឺអនុវត្តតាមគោលការណ៏របស់ក្រសួងសុខាភិបាល ដូចជាការចត្តាឡីស័ក និងការពិនិត្យ។

ថ្នាក់ដឹកនាំដដែលបន្ថែមថា គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា នឹងដាក់កំហិតក្លិបទាំងអស់ អោយមានការតាមដានការពិនិត្យកម្ដៅជាប្រចាំយ៉ាងហោចណាស់អោយបាន ២លើកមុនថ្ងៃប្រកួតដើម្បីដឹងច្បាស់ពីអាការៈ ថាតើមានភាពប្រក្រតី ឬអត់។ ចំណែករៀងរាល់ការប្រកួត កីឡាករ និងបុគ្គលិកទាំងអស់ក៏ត្រូវឆ្លងកាត់ការត្រួតពិនិត្យកម្ដៅឡើងវិញម្តងទៀតជាលើកទី៣ មុនចូលទៅកាន់ទីលានប្រកួត។

គួរបញ្ជាក់ថា ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឲ្យមានការប្រមូលផ្ដុំហ្វឹកហាត់ជុំគ្នារបស់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងក្របខណ្ឌ Metfone Cambodian League ឡើងវិញចាប់អនុវត្តពីថ្ងៃទី១ ខែមិថុនា ក្រោយផ្អាកមួយរយៈធំ ដោយសារជំងឺកូវីដ-១៩។ ខណៈការប្រកួតនានាត្រូវធ្វើឡើងដោយមិនមានអ្នកចូលរួមទស្សនាផ្ទាល់ ពោលមានត្រឹមតែកីឡាករ កីឡាការិនី និងក្រុមបច្ចេកទេសពាក់ព័ន្ធត្រឹមតែ ១០០នាក់ប៉ុណ្ណោះ៕

 

ប្រភពអត្ថបទ និងរូបភាព៖ CNCC – គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា

មតិយោបល់