លោក Colum Curtis អំពីការត្រៀមខ្លួនរបស់វិសាខា សម្រាប់ការចាប់ផ្តើមឡើងវិញនៃ MCL 2020

មាស សុផាណារ៉ុង June 10, 2020


 

ភ្នំពេញ៖ ពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ នឹងចាប់ដំណើរការឡើងវិញនៅដើមខែក្រោយ ខណៈលោក Colum Curtis ជឿជាក់ថា វិសាខាកាន់តែត្រៀមខ្លួនរួច ហើយមិនអាចរង់ចាំការប្រកួតដំបូងរបស់ពួកគេបានឡើយ បន្ទាប់ពីការផ្អាកលីគ។

ពានរង្វាន់បាល់ទាត់លំដាប់កំពូលរបស់កម្ពុជា បានប្រកួត ៥សប្តាហ៍កន្លងផុតមកហើយ មុនពេលដែលជំងឺកូវីដ-១៩ រាតត្បាតខ្លាំង ដែលបានធ្វើឲ្យលីគត្រូវផ្អាកការប្រកួត ហើយរាល់ការប្រកួតដែលនៅសេសសល់នឹងត្រូវប្រកួតដោយបិទទ្វារ (គ្មានទស្សនិកជនចូលទស្សនា)។

លោក Colum Curtis ដែលត្រូវបានតែងតាំងជាគ្រូបង្វឹកវិសាខា នៅរដូវកាលនេះបាននិយាយថា វាពិតជាបទពិសោធចម្លែកក្នុងការលេងបាល់ទាត់ដោយគ្មានអ្នកគាំទ្រនៅកីឡដ្ឋាន ប៉ុន្តែបានទទូចថាសុវត្ថិភាពរបស់មនុស្ស គឺជាអាទិភាពចំបង។

លោក Colum Curtis បានប្រាប់សារព័ត៌មាន camsports.org ថា៖ «កីឡាកររបស់ខ្ញុំកំពុងតែរំភើបក្នុងការចាប់ផ្ដើម ហើយយើងអាចលេងនៅថ្ងៃស្អែកប្រសិនបើចាំបាច់។ កីឡាករមានឆន្ទៈ និងហ្វឹកហាត់បានល្អ។ ពួកគេទាំងអស់គ្នាចង់បង្ហាញខ្លួននៅក្នុងការប្រកួតលើកដំបូងរបស់យើង (ក្រោយលីគផ្អាក) ហើយវាត្រូវបានបង្ហាញជារៀងរាល់ថ្ងៃនៅក្នុងការហ្វឹកហាត់ ជាមួយនឹងកម្រិតនៃការរៀបចំ និងការប្តេជ្ញាចិត្តដែលកីឡាករកំពុងផ្តល់ឲ្យ។»

«ខ្ញុំពិតជារីករាយណាស់ដែលលីគចាប់ផ្តើមឡើងវិញនៅខែកក្កដា។ វាជាពេលវេលាដ៏លំបាកសម្រាប់អ្នករាល់គ្នា ហើយខ្ញុំមានអារម្មណ៍ថាការនាំបាល់ត្រឡប់មកវិញដោយសុវត្ថភាពនឹងផ្តល់នូវសេចក្តីរីករាយដល់អ្នកគាំទ្របាល់ទាត់កម្ពុជា។» គ្រូបង្វឹកសញ្ជាតិអៀរឡង់ខាងជើងរូបនេះបន្ថែម។

អតីតគ្រូជំនួយក្លិបព្រះខ័នរាជស្វាយរៀង ដដែលរូបនេះបានបន្ថែមថា៖ «ក្រុមកំពុងហ្វឹកហាត់យ៉ាងល្អ។ កីឡាកររបស់ខ្ញុំបានហ្វឹកហាត់យ៉ាងខ្លាំងពីផ្ទះអំឡុងពេលដាក់​ឲ្យនៅ​ដាច់ដោយឡែក។ ពួកគេមានរបៀបរក្សាកាយសម្បទារឹងមាំដែលត្រូវប្រកាន់ខ្ជាប់ ដើម្បីឲ្យពួកគេត្រៀមខ្លួនហ្វឹកហាត់ ១០០ភាគរយ នៅពេលពួកគេត្រឡប់មកវិញ។ ខ្ញុំមិនអាចធ្វើឲ្យកីឡាកររបស់ខ្ញុំខកចិត្តបានទេ ព្រោះពួកគេផ្តល់ឲ្យខ្ញុំនូវការខិតខំជារៀងរាល់ថ្ងៃ។»

មានយោបល់ជុំវិញការប្រកួតដោយគ្មានទស្សនិកជនចូលរួមទស្សនាវិញ លោក Colum Curtis បានលើកឡើងដូច្នេះ៖ «ទោះបីអ្នកគាំទ្រមិនត្រូវបានអនុញ្ញាតិអោយចូលក្នុងកីឡដ្ឋានក៏ដោយ ខ្ញុំប្រាកដថាពួកគេពិតជារំភើបដែលបានទស្សនាពួកយើងលេង។ ខ្ញុំគិតថានេះជាទស្សនៈថ្មី សម្រាប់អ្នកគាំទ្របាល់ទាត់ទូទាំងពិភពលោក។»

«យើងមានសំណាងណាស់ នៅកម្ពុជា ដែលយើងអាចបន្តការប្រកួតឡើងវិញ ខណៈប្រទេសដទៃទៀតនៅអាស៊ីអាគ្នេយ៍ នៅតែមិនមានការប្រកួតបាល់ទាត់វិញនៅឡើយ។ វានឹងក្លាយជាបទពិសោធចម្លែកក្នុងការលេងដោយគ្មានអ្នកគាំទ្រ ប៉ុន្តែខ្ញុំយល់ថាសុវត្ថិភាពត្រូវតែជាអាទិភាពចំបង។ ខ្ញុំសង្ឃឹមថាអ្នករាល់គ្នានឹងមានសុវត្ថិភាពហើយអាចរីករាយនឹងការប្រកួតនៅលើកញ្ចក់ទូរទស្សន៍។» លោក Colum Curtis សង្គត់ធ្ងន់៕

 

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់