ឯកឧត្តម វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា៖ «បើបាល់ទាត់ឈ្នះមេដាយមាស គឺប្រៀបដូចជាឈ្នះបាន ៥០ភាគរយក្នុងស៊ីហ្គេម»

មាស សុផាណារ៉ុង June 9, 2020


 

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មការធិការជាតិអូឡាំពិកម្ពុជា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានសង្កត់ធ្ងន់ថា បើបាល់ទាត់ឈ្នះមេដាយមាស គឺប្រៀបដូចជាឈ្នះបាន ៥០ភាគរយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម ពេលដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។

ការលើកឡើងរបស់ឯកឧត្តមបែបនេះ គឺនៅក្នុងកិច្ចសម្ភាសន៍ដាច់ដោយឡែក ក្រោយបញ្ចប់សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០១៩ និង​លើក​ទិសដៅ​អនុវត្ត​សម្រាប់​ឆ្នាំ​២០២០ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីថ្ងៃទី០៨ ខែមិថុនា ម្សិលមិញ ដែលមានវត្តមានឯកឧត្តមផងដែរ ដោយបានសរសើរពីការរៀបចំរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ចាត់ទុកជាគំរូដល់សហព័ន្ធដទៃទៀត និងសម្ដែងការគាំទ្រផែនការរបស់សហព័ន្ធ ហើយថែមទាំងបានសង្គត់ធ្ងន់ថា បើបាល់ទាត់ឈ្នះមេដាយមាស គឺប្រៀបដូចជាឈ្នះបាន ៥០ភាគរយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម ត្បិតបាល់ទាត់ជាប្រភេទកីឡាដែលមានប្រជាប្រិយភាពជាងគេ នៅកម្ពុជា។

ឯកឧត្តម វ៉ាត់ ចំរើន បានលើកឡើងយ៉ាងដូច្នេះថា៖ «អ្វីដែលសហព័ន្ធបាល់ទាត់ធ្វើនេះគឺជាគំរូ ដ៏ល្អមួយសម្រាប់សហព័ន្ធផ្សេងៗទៀតដើម្បីរៀបចំខ្លួនឲ្យបានល្អប្រសើរ ជាពិសេសទៅលើការងារបច្ចេកទេស ដែលឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ នឹងរៀបចំក្រុមបាល់ទាត់ជម្រើសជាតិពិសេសមួយសម្រាប់ឆ្ពោះទៅស៊ីហ្គេម ២០២៣ ហើយនៅក្នុងនោះយើងឃើញថា ការរៀបចំដើម្បីសម្រួចទៅលើក្រុមដ៏ពិសេសនេះមានសង្ឃឹមថា សហព័ន្ធកីឡាបាល់ទាត់ ក៏ដូចជាក្រុមបាល់ទាត់កម្ពុជា នឹងឆ្ពោះទៅរកគោលដៅ ដូចគណៈកម្មាធិការជាតិអូឡាំពិក គណៈកម្មាធិការរៀបចំស៊ីហ្គេម បានប្រកាសពីជំហនៃការដាក់ចំណាត់ថ្នាក់ឲ្យសហព័ន្ធមួយៗ ធ្វើការខិតខំប្រឹងប្រែង ជាពិសេសកីឡាបាល់ទាត់នៅស៊ីហ្គេម​២០២៣ ធ្វើយ៉ាងណាឲ្យចូលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលនេះគឺជាការដាក់គោលដៅ ក៏ប៉ុន្តែឆន្ទៈ មហិច្ឆតារបស់សហព័ន្ធ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍ថា នឹងឈានទៅរកមេដាយមាស ជាគោលដៅធំរបស់សហព័ន្ធ អ៊ីចឹងយើងឃើញថាយើងទន្ទឹមគ្នា ស្របគ្នា ហើយក្រុមជំនាញរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា រៀបចំយុទ្ធសាស្ត្រនេះ គឺគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គាំទ្រទាំងស្រុង ហើយសុំឲ្យសហព័ន្ធដទៃទៀតរៀបចំក្រុមកីឡាករ-កីឡាការិនី របស់ខ្លួននឹងដូចទៅនឹងសហព័ន្ធកីឡាបាល់ទាត់ចឹង រៀបឲ្យបានជាក្រុមពិសេសមួយសម្រាប់ឆ្ពោះទៅស៊ីហ្គេមទាំងអស់គ្នា។»

ឯកឧត្តមបានសង្គត់ធ្ងន់ថា៖ «អ៊ីចឹងទេ ឆ្នាំ២០២១ ទៅ គឺយើងសល់តែ ២ឆ្នាំកន្លះទេ អ៊ីចឹង ២ឆ្នាំកន្លះនេះត្រូវតែរៀបចំយុទ្ធសាស្ត្រសម្រួចស្វែងរកនូវការគាំទ្រ ហើយនឹងធ្វើការហ្វឹកហាត់ឲ្យបានដល់កម្រិតមួយដែលឈានទៅដល់សក្ដានុពល និងយកមេដាយនៅស៊ីហ្គេម ២០២៣ ហើយបាល់ទាត់គឺជាប្រភេទកីឡាមួយដែលអូសទាញប្រជាប្រិយភាព ហើយអូសទាញ ៥០ភាគរយនៃបច្ចេកទេសទាំងមូលនៃស៊ីហ្គេម បានន័យថាបើបាល់ទាត់ឈ្នះអ្វីៗក៏ឈ្នះដែរ។ បាទ! គឺវាទាក់ទាញយកការគាំទ្រ ប្រជាប្រិយភាព​​ ការសម្រេចកីឡាបាល់ទាត់ធ្វើឲ្យស៊ីហ្គេមកាន់តែមានគុណតម្លៃខ្ពស់ថែមទៀត នៅពេលដែលយើងអាចឈានទៅរកជោគជ័យមេដាយមាស លើកីឡាបាល់ទាត់ទាំងមូល។»

«យើងឃើញបទពិសោធន៍នៅវៀតណាម វៀតណាមធ្វើម្ចាស់ផ្ទះលើកទី១ ដែរ វៀតណាម បានជោគជ័យ គឺបាល់ទាត់បុរស បានលេខ២ នារី បានលេខ១ ហើយយើងរំពឹងថាយើងឈានទៅដល់នោះ ហើយឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានប្រកាសពីការជម្រុញការអភិវឌ្ឍកីឡាការិនីដែរ ក្រុមកីឡាការិនី ដែរគណៈកម្មាធិការ CAMSOC របស់យើងរៀបចំការហ្វឹកហាត់នៅចិន នៅក្នុងបំណាច់ឆ្នាំនេះ និងឆ្នាំក្រោយ ទៅលើតាមស្ថានភាពកូវីដ-១៩ អ៊ីចឹងយើងធ្វើការរួមគ្នា សហការគ្នា ហើយជម្រុញការងារបច្ចេកទេសនេះជាមួយគ្នា អ៊ីចឹងសូមថ្លែងអំណរគុណសហព័ន្ធបាល់ទាត់ជាថ្មីម្ដងទៀត ដែលបានរៀបចំយុទ្ធសាស្ត្រយ៉ាងមុតស្រួចនេះ ឆ្ពោះទៅជោគជ័យស៊ីហ្គេម ២០២៣។» ឯកឧត្តម វ៉ាត់ ចំរើន បានបន្ថែម៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់