លម្អិតអំពីការកែប្រែរូបមន្តថ្មីនៃលីគកំពូលកម្ពុជា និងការដំណើរការពានសម្តេចតេជោ ហ៊ុន សែន

មាស សុផាណារ៉ុង June 5, 2020


 

ភ្នំពេញ៖ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានធ្វើការប្រកាសពីការបន្តការប្រកួតឡើងវិញ នៃពានរង្វាន់លីគកំពូលកម្ពុជា និងពានសម្ដេចតេជោ ហ៊ុន សែន (ថ្នាក់ខេត្ត និងថ្នាក់ជាតិ) ជាផ្លូវការ បន្ទាប់ពីឆ្លងកាត់ការប្រជុំជាច្រើនលើកច្រើនសារ រវាង សហព័ន្ធកីឡាបាល់ទាត់កម្ពុជា គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា រួមទាំងតំណាងក្លិបដែលពាក់ព័ន្ធ។

យោងតាមការបញ្ជាក់ដោយ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ដដែល បានសម្រេចដំណើរការការប្រកួតឡើងវិញ ពានសម្ដេចតេជោ ហ៊ុន សែន (ថ្នាក់ខេត្ត) ត្រូវចាប់ផ្ដើមពីថ្ងៃទី៣០ និងថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី២៩ ខែកក្កដា មុនចាប់ផ្ដើមថ្នាក់ជាតិ ពីថ្ងៃទី១២ និង១៣ ខែសីហា ដល់ថ្ងៃទី២៧ ខែវិច្ឆិកា។

ចំពោះក្របខណ្ឌលីគកំពូលកម្ពុជា (Metfone Cambodian League) រដូវកាល២០២០ នឹងចាប់ផ្ដើមឡើងវិញពីថ្ងៃទី០៤ និងទី០៥ ខែកក្កដា តទៅ ដោយមានរូបមន្តថ្មី។

សម្រាប់ជើងទី១ នឹងបន្តពីសប្ដាហ៍ទី៦ ហើយគ្រោងបញ្ចប់នៅថ្ងៃទី១២ និងទី១៣ ខែកញ្ញា មុនចាប់ផ្ដើមជើងទីពីរពីថ្ងៃទី២០ ខែកញ្ញា ដល់ថ្ងៃទី២៤ និង២៥ ខែតុលា។ ដោយឡែកអ្វីដែលត្រូវបានព្រមព្រៀងកែប្រែនោះ គឺចាប់ពីជើងទី២ ក្រុមកំពូលទាំង៦ ត្រូវប្រជែងគ្នាយកចំណាត់ថ្នាក់លេខ១, លេខ២ និងលេខ៣។ ចំណែកក្លិបនៅលំដាប់ទី៧ ដល់ទី១៣ ប្រកួតគ្នាជាធម្មតា។

សម្រាប់ការគិតពិន្ទុវិញ គឺបូកបន្តគ្នាដោយគិតលើពិន្ទុសរុបជើងទីមួយ និងផលសងគ្រាប់បាល់។ ចំណែកជើងទីពីរ គឺតាមប្រព័ន្ធ Head-Head។

ពាក់ព័ន្ធទៅនឹងទីផ្សារដោះដូរកីឡាករវិញ គឺអាចប្ដូរ ៥នាក់ដែលមានកម្ពុជា ៣នាក់ និងបរទេស ២នាក់ ដំណើរការពីថ្ងៃទី០៨ ខែសីហា ដល់ថ្ងៃទី០៧ ខែកញ្ញា។

ការផ្លាស់ប្ដូរកីឡាករក្នុងការប្រកួត ក៏បានបង្កើនផងដែរ គឺពី ៣នាក់ ដល់ ៥នាក់ តែធ្វើឡើងបានតែ ៣លើកប៉ុណ្ណោះក្នុងមួយប្រកួត៕

 

ប្រភពព័ត៌មាន៖ CNCC – គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា

មតិយោបល់