គ្រូភ្នំពេញក្រោន ទទួលស្គាល់ទឹកចិត្តកីឡាករធ្លាក់ចុះខ្លាំងពេលកំពុងធ្វើបានល្អ តែត្រូវផ្អាកលីគដោយសារកូវីដ-១៩

មាស សុផាណារ៉ុង June 5, 2020


 

ភ្នំពេញ៖ គ្រូបង្វឹកនៃក្លិបបាល់ទាត់ភ្នំពេញក្រោន លោក ស៊ុំ វណ្ណា បានទទួលស្គាល់ថាទឹកចិត្តកីឡាករហាក់មានការធ្លាក់ចុះខ្លាំងពេលកំពុងធ្វើបានយ៉ាងល្អនៅដើមរដូវកាល ២០២០ នៃលីគកំពូលកម្ពុជា ប៉ុន្តែបែរត្រូវផ្អាកដោយសារជំងឺកូវីដ-១៩ រាតត្បាតជាសាកល។

លីគកំពូលកម្ពុជា បានផ្អាកតាំងពីចុងខែមីនា បន្ទាប់ពីជំងឺកូវីដ-១៩ បានរាតត្បាតជា​សា​កលទាំងនៅជុំវិញពិភពលោក រួមទាំងកម្ពុជា ដែលបង្ខំឲ្យកីឡាករគ្រប់រូបត្រូវ​ធ្វើ​ការហ្វឹក​ហាត់​តាម​គេ​ហដ្ឋានរៀងៗខ្លួន គ្រាដែលមុនផ្អាកលីគនេះ ក្លិបភ្នំពេញក្រោន ដោយបានឈរនៅកំពូលតារាង ក្រោយប្រកួត ៥ប្រកួត ឈ្នះ ៤ដង និងស្មើ ១ដង មិនដែលចាញ់ មាន ១៣ពិន្ទុក្នុងដៃ ហើយជាការកត់សម្គាល់ទៅទៀតនោះ គឺក្រុមរហស្សនាមសឹង្ហក្រហមមួយ​នេះ មិនទាន់របូតគ្រាប់បាល់សូម្បីតែ ១គ្រាប់នៅឡើយទេ។

បែបនេះហើយទើបបានជា លោក ស៊ុំ វណ្ណា ទទួលស្គាល់ថាទឹកចិត្តកីឡាករបានធ្លាក់ចុះខ្លាំង ក្នុងឱកាសដែលកំពុងតែធ្វើបានល្អសម្រាប់ដំណើរប្រជែងពានក្នុងរដូវកាល២០២០ ក្រោយខកខានតាំងពីឆ្នាំ២០១៥ មក។

លោក ស៊ុំ វណ្ណា បានលើកឡើងដូច្នេះថា៖ «ពាក់ព័ន្ធជាមួយនឹងទឹកចិត្តរបស់គាត់ និយាយរួមមួយរំជួលចិត្តពេលដែលយើងលេង ៥សប្ដាហ៍ហ្នឹង គឺគាត់ចង់បន្តការប្រកួតនឹងរហូតដល់ចប់ជុំទី១ ចប់ជុំទី២ យើងរក្សានៅលទ្ធផល ទោះមិនបានលេខ១ ក៏ដោយ ក៏បានលេខ២ លេខ៣ ប្រកិតៗគ្នា នេះគឺជាទឹករបស់ពួកគាត់​អ៊ីចឹង តែដល់ពេលកូវីដ ចាប់ផ្ដើម យើងចាប់ផ្ដើមឲ្យគាត់សម្រាក ៥ទៅ៦ សប្ដាហ៍ហ្នឹង ទឹកចិត្តរបស់គាត់រៀងធ្លាក់ ធ្លាក់ដល់ ៧០ភាគរយ ប៉ុន្តែទាំងថ្នាក់ដឹកនាំ ទាំងគ្រូ តែងតែលើកចិត្តដើម្បីឲ្យប្រឹងប្រែងបន្តដំណើរទៅមុខទៀត។»

និយាយពីការវិលត្រលប់មកហ្វឹកហាត់សារជាថ្មីវិញ គ្រូបង្វឹកវ័យ ៣០ឆ្នាំប្លាយរូបនេះបានបញ្ជាក់ថា៖ «ទាក់ទងនឹងការវិលត្រលប់មកវិញនេះ ហើយយើងបានសម្រាកក្នុងរយៈពេលមួយដ៏យូរ យើងគិតថា យើងនឹងប្រឈមបញ្ហា ប្រឈមបញ្ហាធំច្រើន ដូចជាបញ្ហាពេលវេលា ត្រូវការពេលវេលា ៤ទៅ៥សប្ដាហ៍ដើម្បីរៀបចំកីឡាករឲ្យទៅសភាពដើមវិញ អ៊ីចឹងយើងចូលភ្លាមៗអ៊ីចឹង យើងគិតថាយើងធ្វើអត់បានល្អ ហើយអ្វីដែលយើងព្រួយបារម្ភខ្ពស់បំផុតនោះគឺកីឡាកររបស់យើងមួយចំនួន អាចនឹងរបួស នៅពេលដែលយើងបង្ខំឲ្យគាត់ហាត់ខ្លាំង ដោយសារនៅក្នុងរយៈពេលដែលគាត់សម្រាក អ្នកខ្លះបានអនុវត្ត Fitness នៅផ្ទះ ហើយអ្នកខ្លះបានបន្តិចបន្តួច ហើយអ្នកខ្លះស្ទើរតែមិនបាន ហ្នឹងក៏ដោយសារការតាមដានរបស់យើងមិនល្អិតល្អន់ អ៊ីចឹងហើយយើងចូលមករៀងយឺតជាងគេទៀត ថ្វើឲ្យយើងរឹតតែបារម្ភខ្លាំង ប៉ុន្តែទោះយ៉ាងណាក៏ក្រុមការងាររបស់យើង ទាំងពេទ្យ ទាំងគ្រូចំណីអាហារទាំងអស់ យើងគួរតែរៀបចំការហ្វឹកហាត់របស់យើងបែបនេះដើម្បីកុំឲ្យមានបញ្ហាដល់កីឡាករ។»

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចអនុញ្ញាតឲ្យដំណើរការ​សកម្ម​ភាពកីឡាឡើងវិញចាប់ពីដើមខែមិថុនា ខណៈមកទល់ពេលនេះក្នុងវិស័យកីឡាបាល់ទាត់ក្លិបទាំងអស់បានត្រលប់មកហ្វឹកហាត់ជុំគ្នាសារជាថ្មីផងដែរ ដើម្បីត្រៀមប្រកួតលីគកំពូលកម្ពុជា ដែលគ្រោងនឹងចាប់ផ្ដើមនៅដើមខែកក្កដា ខាងមុខនេះផងដែរ៕

 

រូបភាព៖ ភ្នំពេញក្រោន

អត្ថបទ៖ ណារ៉ុង

មតិយោបល់