យុវជនរួមចំណែកឲ្យ U-19 កម្ពុជា ឡើងជុំផ្ដាច់ព្រ័ត្រ AFC U-19 លី ម៉ាឯល ទន្ទឹងរង់ចាំថ្ងៃចាប់ឆ្នោតបែងចែកពូលយ៉ាងអន្ទះសារ

មាស សុផាណារ៉ុង June 4, 2020


 

ភ្នំពេញ៖ យុវជនមួយរូបដែលបានរួមចំណែកឲ្យ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ឆ្នាំ ឡើងជុំផ្ដាច់ព្រ័ត្រពានរង្វាន់ជើងឯកទ្វីបអាស៊ីអាយុក្រោម ១៩ឆ្នាំ (AFC U-19 Championship) កីឡាករ លី ម៉ាឯល បានសម្ដែងក្ដីអន្ទះសារ និងទន្ទឹងរង់ចាំថ្ងៃចាប់ឆ្នោតបែងចែកពូល ដែលគ្រោងធ្វើនៅខែនេះ។

ឆ្លើយឆ្លងក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន camsports.org លី ម៉ាឯល បានលើកឡើងដូច្នេះថា៖ «ខ្ញុំមានអារម្មណ៍រំភើប ហើយទន្ទឹងរងចាំថ្ងៃដែលគេចាប់ពូល ព្រោះចង់ដឹងថាប៉ះក្រុមណា។»

ក្នុងព្រឹត្តិការណ៍ដដែលខាងលើ នៅវគ្គជម្រុះ លី ម៉ាឯល បានបង្ហាញខ្លួនបាន ២ប្រកួតក្នុងចំណោម ៤ប្រកួត ពោលគឺជម្រើស ១១នាក់ដំបូងម្ដង និងប្ដូរចូលម្ដង ហើយអាចរកគ្រាប់បាល់បាន ១គ្រាប់ផងដែរ ពេលប្រកួតជាមួយ U-19 កោះម៉ារីណាខាងជើង ប៉ុន្តែពេលចោទសួរថា អ្វីដែលធ្វើឲ្យចង់ចាំជាងគេក្នុងវគ្គជម្រុះនេះ? សមាជិកបឹងកេត រូបនេះបានឆ្លើយតបថា៖ «ខ្ញុំចង់ចាំជាងគេគឺយកឈ្នះថៃ។ ទោះបីមានបានចូលលេង ប៉ុន្តែអារម្មណ៍រំភើបខ្លាំងទោះអត់បានចូលលេងក៏ដោយ។»

យ៉ាងណាមិញ ជុំវិញក្ដីរំពឹងបានជាប់ក្នុងជម្រើស ២៣នាក់ចុងក្រោយសារជាថ្មី ដើម្បីបានឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ នៅប្រទេសអ៊ូបីគីស្ថាន ចុងឆ្នាំនេះ លី ម៉ាឯល បង្ហើបថាមានសង្ឃឹម ៥០/៥០ ព្រោះនៅជុំផ្ដាច់ព្រ័ត្រនេះគេគិតថាគ្រូបង្វឹកនឹងសម្រិតសម្រាំងខ្លាំង ជាពិសេសរឹតតែត្រូវកីឡាករខ្លាំងៗ។

សូមបញ្ជាក់ថា ជុំផ្ដាច់ព្រ័ត្រពានរង្វាន់ដដែលនេះនឹងមានការបែងចែកចេញជា ៤ពូល ក្នុងមួយពូលមាន ៤ក្រុម ផងដែរ ខណៈការចាប់ឆ្នោតបែងចែកពូលនឹងធ្វើឡើងនៅថ្ងៃទី១៨ ខែមិថុនា ខាងមុខនេះ មុនការប្រកួតដែលគ្រោងនឹងធ្វើឡើងនៅចន្លោះថ្ងៃទី១៤ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ នៅលើទឹកដីនៃប្រទេសអ៊ូបីគីស្ថាន៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់