មកស្គាល់កីឡដ្ឋានទំនើបចំនួន៥ ដែលនឹងលេចរូបរាងនាពេលអនាគត ក្នុងទ្វីបអាស៊ី

មាស សុផាណារ៉ុង June 4, 2020


 

អាស៊ី៖ នៅលើពិភពលោក កីឡដ្ឋានបាល់ទាត់ មានយ៉ាងច្រើនសន្ធឹកសន្ធាប់ ទាំងថ្មី ទាំងចាស់ ខណៈបច្ចុប្បន្នក៏មានកីឡដ្ឋានថ្មីៗជាច្រើនបាននឹងកំពុងសាងសង់ផងដែរ ហើយកាន់តែទំនើបជាងមុន។

គេហទំព័រដែលចុះផ្សាយពីកីឡដ្ឋានមួយឈ្មោះថា JGSA Stadium បង្ហាញផងដែរនូវកីឡដ្ឋានថ្មីៗចំនួន ៥ក្នុងទ្វីបអាស៊ី ដែលនឹងលេចចេញជារូបរាងចាប់ពីឆ្នាំក្រោយតទៅ ក្នុងនោះក៏មាន កីឡដ្ឋានមរតកតេជោ របស់កម្ពុជា ផងដែរ។ ខាងក្រោមគឺជាកីឡដ្ឋានទាំង ៥ដែលកំពុងដំណើរលារសាងសង់៖

១, កីឡដ្ឋាន Pudong Football Stadium

Pudong Football Stadium គឺជាកីឡដ្ឋានដែលមានទីតាំងនៅក្នុងទីក្រុង Shanghai ប្រទេសចិន ជាទឹកដីរបស់ក្លិបនៃលីគកំពូលចិន Shanghai SIPG បានបើកការដ្ឋានសាងសង់តាំងពីខែមេសា ឆ្នាំ២០១៨។

កីឡដ្ឋាននេះអាចផ្ទុកទស្សនិកជនបាន ៣៣,៧៦៥នាក់ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២១ ខាងមុខ។

២, ពហុកីឡដ្ឋាន Kai Tak Sports Park

Kai Tak Sports Park គឺមានមូលដ្ឋាននៅតំបន់ Kowloon នាទីក្រុងហុងកុង គឺជាកន្លែងកីឡាពហុបំណងរបស់ទីក្រុងហុងកុង ហើយបានបើកការដ្ឋានសាងសង់ កាលពីខែមេសា ឆ្នាំ២០១៩។

កីឡដ្ឋាននេះអាចផ្ទុកទស្សនិកជនបាន ៥០,០០០នាក់ គ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៣។

៣, ពហុកីឡដ្ឋានមរតកតេជោ (Morodok Techo National Sports Complex)

ពហុកីឡដ្ឋានមរតកតេជោ គឺជាពហុកីឡដ្ឋានជាតិថ្មីមួយរបស់កម្ពុជា ដែលត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ បានបើកការដ្ឋានសាងសង់ ២ដំណាក់កាលរួចមកហើយ ដោយដំណាក់កាលទី១ ចាប់ផ្ដើមពីឆ្នាំ២០១៣ និងបញ្ចប់នៅឆ្នាំ២០១៧ ដែលផ្ដោតទៅលើមណ្ឌលកីឡាក្នុងសាល និងមណ្ឌលកីឡាហែលទឹក រួមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ខណៈដំណាក់កាលទី២ ជាការសាងសង់កីឡដ្ឋានចំបង (កីឡដ្ឋានបាល់ទាត់ និងកីឡាអត្តពលិកម្ម) បានបើកការដ្ឋានសាងសង់បន្តកាលពីខែមេសា ឆ្នាំ២០១៧។

ពហុកីឡដ្ឋានចំបងមួយនេះ អាចផ្ទុកទស្សនិកជនបាន ៥៥,០០០នាក់ និង កន្លែងបម្រុ​ង ៥,០០០កន្លែង គ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២០ ខាងមុខនេះ។

៤, កីឡដ្ឋាន Jakarta International Stadium

Jakarta International Stadium គឺជាកីឡដ្ឋានដែលមានមូលដ្ឋាននៅរដ្ឋធានីចាកាតារ ប្រទេសឥណ្ឌូនេស៊ី ជាទឹកដីរបស់ក្លិបបាល់ទាត់ Persija Jakarta FC នៃលីគកំពូលឥណ្ឌូនេស៊ី នឹងបានបើកការដ្ឋានសាងសង់កាលពីខែមីនា ឆ្នាំ២០១៩។

កីឡដ្ឋាននេះត្រូវបានចាត់ទុកថាផ្ទុកចំណុះទស្សនិកជនបានច្រលនផងដែរ ពោលគឺដល់ទៅ ៨២,០៥៤កៅអី ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២១ ខាងមុខ។

៥, កីឡដ្ឋាន Guangzhou Evergrande Stadium

Guangzhou Evergrande Stadium គឺជាកីឡដ្ឋានដែលមានទីតាំងនៅខេត្ត Guangzhou ប្រទេសចិន និងជាទឹកដីរបស់ក្លិបបាល់ទាត់ Guangzhou Evergrande Taobao FC ដែលក្រុមខ្លាំងនៅលីគកំពូលចិន នឹងទើបតែបើកការដ្ឋានសាងសង់កាលពីខែមេសា ឆ្នាំ២០២០ នេះផ្ទាល់តែម្ដង។

កីឡដ្ឋាន Guangzhou Evergrande Stadium គឺជាកីឡដ្ឋានដែលមានលក្ខណៈប្លែកភ្នែកជារាងផ្កាឈូក និងរឹតតែពិសេសគឺផ្ទុកចំនួនទស្សនិកជនបានដល់ទៅ ១០០,០០០នាក់ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២២។

 

ប្រភព៖ JGSA Stadium

មតិយោបល់