គួច សុកុម្ភៈ នៅសប្តាហ៍ដំបូងនៃការហ្វឹកហាត់ជាក្រុមឡើងវិញ “វាជាសប្តាហ៍ដ៏លំបាក សម្រាប់ពួកយើង”

មាស សុផាណារ៉ុង June 4, 2020


 

ភ្នំពេញ៖ ពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ គ្រោងនឹងវិលត្រឡប់មកវិញនៅខែក្រោយ ហើយការហ្វឹកហាត់ជាក្រុមត្រូវបានអនុញ្ញាត ចាប់តាំងពីថ្ងៃច័ន្ទ ដើមសប្តាហ៍នេះ ខណៈប្រធានក្រុមណាហ្គាវើលដ៏ កីឡាករ គួច សុកុម្ភៈ បានលើកឡើងពីការព្រួយបារម្ភរបស់ខ្លួនចំពោះថាមពលរបស់កីឡាករ គ្រាដែលពួកគេមិនបានហ្វឹកហាត់ជាមួយគ្នាអស់រយៈពេល ២ខែ។

ទោះយ៉ាងណាខ្សែបម្រើជម្រើសជាតិកម្ពុជារូបនេះ សង្ឃឹមថាក្រុមរបស់ខ្លួននឹងសម្របទាន់ពេលវេលា សម្រាប់ការវិលត្រឡប់នៃលីគកំពូលកម្ពុជា។

គួច សុកុម្ភៈ បានប្រាប់សារព័ត៌មាន camsports.org ថា៖ «វាជាសប្តាហ៍ដំបូងដ៏លំបាកសម្រាប់យើង ប៉ុន្តែសង្ឃឹមថាយើងនឹងបន្តបង្កើនវានៅសប្តាហ៍ក្រោយ។ ថាមពលរបស់យើងមិនទាន់ត្រលប់មករក ១០០ភាគរយនៅឡើយទេ ព្រោះយើងមិនបានហ្វឹកហាត់អស់រយៈពេលជាយូរមកហើយ។ តាមពិតយើងមានការហ្វឹកហាត់ជាបុគ្គលពីផ្ទះ ប៉ុន្តែវាមិនមានប្រសិទ្ធិភាពដូចការហ្វឹកហាត់ជាមួយក្រុមទេ។ វាជាបញ្ហាចម្បងសម្រាប់យើង ដូច្នេះយើងត្រូវការពេលវេលាច្រើនទៀត។»

«រយៈពេលមួយខែដើម្បីរៀបចំក្រុមម្តងទៀតមុនការចាប់ផ្តើមលីគឡើងវិញមិនមានច្រើនទេ។ យើងមានការហ្វឹកហាត់ជាលក្ខណៈបុគ្គលក្នុងអំឡុងពេលនៃការផ្អាកលីគ ប៉ុន្តែឥឡូវនេះយើងកំពុងតែធ្វើការហ្វឹកហាត់ជាក្រុម ដើម្បីប្រមូលថាមពល និងភាពរឹងមាំរបស់យើងវិញ។ ទោះយ៉ាងណា មួយខែក៏គួរតែល្អសម្រាប់ពួកយើងផងដែរ។»

«ពិតណាស់វាប៉ះពាល់ដល់ទម្រង់លេង និងកម្លាំងរបស់យើង ព្រោះយើងមិនបានលេង ឬហ្វឹកហាត់ជាមួយគ្នាអស់រយៈពេលជាច្រើនសប្តាហ៍។ យើងមានពេលប្រហែលមួយខែដើម្បីហ្វឹកហាត់ជាមួយគ្នា ហើយយើងនឹងខិតខំធ្វើវា មុនពេលត្រឡប់មកវិញនៃបាល់ទាត់។»

គួច សុកុម្ភៈ ក៏បានចែករំលែកយោបល់របស់ខ្លួន ចំពោះការវិលត្រឡប់នៃបាល់ទាត់ ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ Covid-19 ។

បុរសវ័យ ៣៣ឆ្នាំរូបនេះ បានសម្ដែងយោបល់ថា៖ «ជាការពិតខ្ញុំមានការព្រួយបារម្ភបន្តិចពីសុវត្ថិភាពរបស់យើងក្នុងការលេងអំឡុងពេលមានវិបត្តិកូវីដ-១៩ ប៉ុន្តែខ្ញុំជឿជាក់ថាសហព័ន្ធកីឡាបាល់ទាត់កម្ពុជា យកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើសុវត្ថិភាពរបស់យើង។ ក្លិបបានអនុវត្តការណែនាំវេជ្ជសាស្រ្តយ៉ាងតឹងរឹង ហើយកីឡាករម្នាក់ៗក៏ព្យាយាមធ្វើតាមការណែនាំផងដែរ។ ជាទូទៅវាមិនមែនជាការព្រួយបារម្ភធំសម្រាប់យើងនោះទេ។»

 

រូបភាព៖ ណាហ្គាវើលដ៍ – NagaWorld FC

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់