កីឡាករ U-23 ជម្រើសជាតិអាហ្វហ្គានីស្ថាន មួយរូបចាប់អារម្មណ៍ចង់មកប្រកបអាជីពនៅលីគកំពូលកម្ពុជា

មាស សុផាណារ៉ុង June 3, 2020


 

ស៊ុយអែត៖ សមាជិកនៃក្រុមបាល់ទាត់ជម្រើសជាតិអាហ្វហ្គានីស្ថាន អាយុក្រោម ២៣ឆ្នាំ កីឡាករ Mojtaba Majidi បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន ចង់មកប្រកបអាជីពនៅលីគកំពូលកម្ពុជា ទោះបីបច្ចុប្បន្នខ្លួនកំពុងប្រកបអាជីពនៅលីគទី៣ ស៊ុយអែត ក៏ដោយ។ នេះបើយោងតាមកិច្ចសម្ភាសន៍របស់កីឡាករកូនកាត់ អាហ្វហ្គានីស្ថាន-ស៊ុយអែត រូបនេះផ្ទាល់ជាមួយសារព័ត៌មាន camsports.org។

Mojtaba Majidi លេខ១៦ ជាមួយ U-23 អាហ្វហ្គានីស្ថាន

កីឡាករវ័យ ២២ឆ្នាំ បានដាក់ចាប់អារម្មណ៍ចង់មកប្រកបអាជីពនៅលីគកំពូលកម្ពុជា ដូចដែលខ្លួនបានបង្ហើបថាចង់ស្វែងយល់ និងរៀនសូត្រពីបាល់ទាត់នៅទ្វីបអាស៊ី ជាពិសេសនៅតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន)។

Mojtaba Majidi បានប្រាប់សារព័ត៌មាន camsports.org ថា៖ «ពីមុនមកខ្ញុំធ្លាប់មានក្លិបនៅថៃចង់បានទៅរួមក្រុម ប៉ុន្តែខ្ញុំមិនទាន់អាចចូលរួមបាន ដោយសារខ្ញុំនៅក្មេងខ្លាំង ប៉ុន្តែពេលនេះខ្ញុំមានមិត្តភ័ក្តមួយចំនួនក្នុងហ្វេសប៊ុក ដែលរស់នៅកម្ពុជា និងមួយចំនួនកំពុងលេងក្នុងលីគកំពូលកម្ពុជា។»

យុវជនដែលបានរស់នៅ និងធំធាត់នៅប្រទេសស៊ុយអែត រូបនេះបានលើកឡើងពីកត្តាទាក់ចិត្តដែលនាំឲ្យរូបគេចង់ប្រកបអាជីពនៅកម្ពុជា ថា៖ «សម្រាប់ខ្ញុំ វាមិនសំខាន់ឡើយទីណាក៏ខ្ញុំអាចលេងបាន ពីព្រោះខ្ញុំចង់ស្វែងយល់ និងរៀនសូត្រពីបាល់ទាត់នៅអាស៊ី ប៉ុន្តែខ្ញុំបានឭថា កម្ពុជា គឺជាប្រទេសដែលល្អ និងមានប្រជាជនចិត្តល្អ រួសរាយរាក់ទាក់រស់នៅទីនោះ ដូច្នេះខ្ញុំពិតជាចាប់អារម្មណ៍ ក្នុងការប្រកបអាជីពនៅលីគកំពូលកម្ពុជា។»

Mojtaba Majidi លេខ២៤

បច្ចុប្បន្នមានកីឡាករអាហ្វហ្គានីស្ថាន ២រូប កំពុងប្រកបអាជីពនៅលីគកំពូលកម្ពុជា ពោលគឺ Mustafa Zazai (នៅ ក្លិបវិសាខា) និង Emran Wallizada Mohammad Emran (នៅ ក្លិបអាស៊ីអឺរ៉ុបយូណាយធីត) ខណៈរវាងកីឡាករទាំង២ Mojtaba Majidi បានបង្ហើបថាមានទំនាក់ទំនងខ្លះៗជាមួយ Emran Wallizada ពោលគឺទើបតែមានការទាក់ទងតាមរយៈបណ្ដាញសង្គមកាលពីពេលថ្មីៗនេះ ខណៈ Mustafa Zazai គេបានត្រឹមតែស្គាល់ថាជាអតីតសមាជិកជម្រើសជាតិអាហ្វហ្គានីស្ថាន ប៉ុន្តែពុំដែលមានទំនាក់ទំនងជាមួយគ្នាឡើយ។

កីឡាករដែលលេងក្នុងតួនាទីខ្សែបម្រើប្រយុទ្ធរូបនេះ បាននិយាយដូច្នេះថា៖ «សម្រាប់ Mustafa Zazai ខ្ញុំស្គាល់គាត់ ប៉ុន្តែខ្ញុំមិនដែលមានទំនាក់ទំនងជាមួយគាត់ឡើយ ខ្ញុំដឹងថាគាត់ធ្លាប់លេងឲ្យជម្រើសជាតិអាហ្វហ្គានីស្ថាន ឈុតធំ។ ចំពោះ Emran ខ្ញុំមានទមនក់ទំនងខ្លះៗជាមួយគាត់ យើងទើបតែស្គាល់គ្នាក្នុងហ្វេសប៊ុក ហើយខ្ញុំក៏បានសួរគាត់ខ្លះៗពីបាល់ទាត់កម្ពុជា។»

Mojtaba Majidi បច្ចុប្បន្នកំពុងប្រកបអាជីពជាមួយក្លិបនៅលីគទី៣ ស៊ុយអែត (ក្លិប Härnösands FF) ដែលរូបគេបានចាត់ទុកថាជាក្រុមល្អ និងប្រាក់ខែល្អ និងមានលក្ខណៈអាជីព ផងដែរ ប៉ុន្តែរូបគេក៏មិនបដិសេធសំណើរពីក្លិបនានានៅអាស៊ីដូចគ្នា។ Mojtaba និយាយដូច្នេះថា៖ «សម្រាប់ខ្ញុំ វាពិតជាមានសារៈសំខាន់ណាស់ ក្នុងការស្វែងយល់ពីបាល់ទាត់ក្នុងទ្វីបអាស៊ី។ បើមានសំណើរដែលល្អ ពិតណាស់ ខ្ញុំនឹងលេងនៅលីគកំពូលកម្ពុជា។ ខ្ញុំគិតថានៅពេលទីផ្សារដោះដូរកីឡាករបើកនៅរដូវក្ដៅ (រដូវក្ដៅនៅទ្វីបអ៊ឺរ៉ុប) ខាងមុខ ឬក៏ឆាប់ជាងនេះទៀតក៏ល្អ ព្រោះខ្ញុំអាចលេងបាន ប៉ុន្តែនៅពេលនេះអាចនិយាយបានថាហាក់ពិបាកបន្តិច ដោយសារតែការរីករាលដាលនៃជំងឹកូវីដ-១៩ ដែលនាំសកម្មភាពបាល់ទាត់ពុំសូវមាន យ៉ាងណាមិញខ្ញុំរួចរាល់ដើម្បីការប្រកួតរួចហើយ។»

សូមបញ្ជាក់ថា Mojtaba Majidi គឺជាកីឡាករសញ្ជាតិដើមអាហ្វហ្គានីស្ថាន ហើយទទួលបានសញ្ជាតិស៊ុយអែត នៅពេលដែលរូបគេផ្លាស់ទៅរស់នៅទីនោះក្នុងនាមជាជនភៀសខ្លួនដោយសារសង្គ្រាមស៊ីវិល នៅប្រទេសកំណើតអាហ្វហ្គានីស្ថាន ហើយបានប្រកបអាជីពនៅក្លិបមួយចំនួនក្នុងឈុតយុវជន នៅស៊ុយអែត។ យ៉ាងណាមិញរូបគេក៏បានក្លាយជាសមាជិកនៃក្រុមជម្រើសជាតិយុវជនអាហ្វហ្គានីស្ថាន ជាច្រើនឈុតផងដែរ ចាប់តាំងពីឈុតក្រោម ១៧ឆ្នាំ, ១៩ឆ្នាំ, ២១ឆ្នាំ និងចុងក្រោយក្រោម ២៣ឆ្នាំ កាលពីឆ្នាំ២០១៩ កន្លងទៅប្រកួតជម្រុះជើងឯកយុវជនទ្វីបអាស៊ីអាយុក្រោម ២៣ឆ្នាំ ផងដែរ៕

 

រូបភាព៖ ផ្ដល់ឲ្យ

អត្ថបទ៖ ណារ៉ុង

មតិយោបល់