ជុំផ្ដាច់ព្រ័ត្រ AFC U-19 Championship កម្ពុជា ធ្លាប់ចូលរួមបានតិចជាងគេ បើធៀបទៅ ១៥ក្រុមផ្សេងទៀត

មាស សុផាណារ៉ុង June 2, 2020


 

អាស៊ី៖ ការប្រកួតពានរង្វាន់ជើងឯកទ្វីបអាស៊ី អាយុក្រោម១៩ឆ្នាំ (AFC U-19 Championship 2020) ឆ្នាំ២០២០ បានកំណត់កាលបរិច្ឆេទប្រកួតជាផ្លូវការហើយ ពោលគឺទៅតាមផែនការក្នុងខែតុលា ដដែល។

វគ្គផ្ដាច់ព្រ័ត្រជុំចុងក្រោយ កាលពីឆ្នាំ២០១៨

U-19 កម្ពុជា បានឡើងទៅប្រកួតជុំផ្ដាច់ពាន​រង្វាន់ខាងលើ បន្ទាប់ពីឈរនៅលេខរៀងទី៥ ក្នុងនាមជាក្រុមលេខ ២ល្អប្រចាំពូល G និងត្រូវបានយកទៅប្រៀបធៀបជាមួយ ៦ក្រុមផ្សេងទៀត ហើយមានលទ្ធផលល្អជាង អាចមានឱកាសឡើងទៅជុំបន្ត ក្រោយកម្ពុជា រកបាន ៦ពិន្ទុ ក្នុងចំណោម ៣ប្រកួតដែលត្រូវយកមកគណនាពិន្ទុ ជាមួយនឹងគ្រាប់បាល់ ៣គ្រាប់ក្នុងដៃ។

យ៉ាងណាមិញដ្បិតបានឡើងទៅជុំផ្ដាច់ព្រ័ត្រ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររយៈពេល ៤៥ឆ្នាំចុងក្រោយ ក៏នេះមិនមែនជាលើកទី១ សម្រាប់ U-19 កម្ពុជា នោះឡើយ ខណៈមុននេះក្រុមគោព្រៃជំទង់​ ក៏ធ្លាប់បង្ហាញខ្លួនបាន ៣ដងផងដែរក្នុងជុំផ្ដាច់ព្រ័ត្រពានរង្វាន់ដដែលនេះ ពោលគឺលើកដំបូង នៅឆ្នាំ១៩៦៣, លើកទី២​ នៅឆ្នាំ១៩៧២ និងលើកទី៣ នៅឆ្នាំ១៩៧៤ ហើយគេហៅពានរង្វាន់នេះពានយុវជនអាស៊ី «AFC Youth Championship» ក៏ប៉ុន្តែបើប្រៀបធៀបទៅនឹងបណ្ដារប្រទេស ១៥ផ្សេងទៀត U-19 កម្ពុជា ត្រូវបានគេចាត់ទុកថាជាក្រុមបានបង្ហាញមុខតិចជាងគេ នៅក្នុងជុំផ្ដាច់ព្រ័ត្រដដែលនេះ។

សម្រាប់ឆ្នាំ២០២០ ខាងមុខនេះវិញសម្រាប់កម្ពុជា គឺនឹងត្រូវទៅចូលរួមការប្រកួតនៅប្រទេសអ៊ូបីគីស្ថាន ជាមួយក្រុមចំនួន ១៥ផ្សេងទៀតរួមមានម្ចាស់ផ្ទះ អ៊ូបីគីស្ថាន, កាតា, តាជីគីស្ថាន, អ៊ីរ៉ង់, បារ៉ែន, អារ៉ាប់ប៊ីតសាវឌីរ, ម៉ាឡេស៊ី, អូស្ត្រាលី, កូរ៉េខាងត្បូង, ជប៉ុន, ឥណ្ឌូណេស៊ី, ឡាវ, វៀតណាម, យេមែន និងក្រុមចុងក្រោយ អ៊ីរ៉ាក់។

យោងតាមទិន្នន័យ បើគិតទាំងឆ្នាំ២០២០ នេះទៀត U-19 កម្ពុជា បានចូលរួមជាលើកទី៤ ខណៈបើក្រឡេកមកមើលប្រទេសដែលចូលរួមវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់នេះច្រើនជាងគេ គឺកូរ៉េខាងត្បូង។ ទិន្នន័យមានដូចក្រោម៖

  • កូរ៉េខាងត្បូង៖ ៣៩ដង (ជើងឯក ១២ដង)
  • ជប៉ុន៖ ៣៨ដង (ជើងឯក ១ដង)
  • ម៉ាឡេស៊ី៖ ២៤ដង
  • អ៊ីរ៉ង់៖ ២១ដង (ជើងឯក ៤ដង)
  • វៀតណាម៖ ២០ដង
  • អ៊ីរ៉ាក់៖ ១៨ដង (ជើងឯក ៥ដង)
  • ឥណ្ឌូនេស៊ី៖ ១៨ដង (ជើងឯក ១ដង)
  • កាតា៖ ១៥ដង (ជើងឯក ១ដង)
  • អារ៉ាប៊ីតសាវឌីត៖ ១៥ដង (ជើងឯក ១ដង)
  • បារ៉ែន៖ ១០ដង
  • អ៊ូបីគីស្ថាន៖ ៨ដង
  • អូស្ត្រាលី៖ ៨ដង
  • យេម៉ែន៖ ៧ដង
  • ឡាវ៖ ៦ដង
  • តាជីគីស្ថាន៖ ៥ដង
  • កម្ពុជា៖ ៤ដង

ជុំផ្ដាច់ព្រ័ត្រពានរង្វាន់ដដែលនេះនឹងមានការបែងចែកចេញជា ៤ពូល ក្នុងមួយពូលមាន ៤ក្រុម ផងដែរ ខណៈការចាប់ឆ្នោតបែងចែកពូលនឹងធ្វើឡើងនៅថ្ងៃទី១៨ ខែមិថុនា ខាងមុខនេះ មុនការប្រកួតដែលគ្រោងនឹងធ្វើឡើងនៅចន្លោះថ្ងៃទី១៤ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ នៅលើទឹកដីនៃប្រទេសអ៊ូបីគីស្ថាន។

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ ទទួលបានកៅអីឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រពានរង្វាន់ជើងឯកទ្វីបអាស៊ី អាយុក្រោម១៩ឆ្នាំ (AFC U-19 Championship 2020) នៅប្រទេសអ៊ូបីគីស្ថាន ឆ្នាំ២០២០ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររយៈពេល ៤៥ឆ្នាំចុងក្រោយ កាលពីចុងឆ្នាំ២០១៩ កន្លងទៅ បន្ទាប់ពីធ្វើការប្រកួតយ៉ាងស្វិតស្វាញ ក្នុងវគ្គជម្រុះ បន្ទាប់ពីឈរនៅលេខរៀងទី៥ ក្នុងនាមជាក្រុមលេខ ២ល្អប្រចាំពូល G និងត្រូវបានយកទៅប្រៀបធៀបជាមួយ ៦ក្រុមផ្សេងទៀត ហើយមានលទ្ធផលល្អជាង អាចមានឱកាសឡើងទៅជុំបន្ត ក្រោយកម្ពុជា រកបាន ៦ពិន្ទុ ក្នុងចំណោម ៣ប្រកួតដែលត្រូវយកមកគណនាពិន្ទុ ជាមួយនឹងគ្រាប់បាល់ ៣គ្រាប់ក្នុងដៃ៕

 

ចុចអាន៖ រំឭកសមិទ្ធផល ៣លើកកន្លងមករបស់ U-19 កម្ពុជា ដែលធ្លាប់ប្រកួតជុំផ្ដាច់ព្រ័ត្រពាន AFC U-19 Championship

ចុនអាន៖ AFC U-19 Championship ជុំផ្ដាច់ព្រ័ត្រ ដែល U-19 កម្ពុជា ត្រៀមចូលរួមកំណត់កាលបរិច្ឆេទប្រកួត

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់