ង៉យ ស្រ៊ីន អំពីការត្រលប់មកវិញនៃបាល់ទាត់៖ “នេះគឺជាអ្វីដែលយើងកំពុងទន្ទឹងរង់ចាំ”

មាស សុផាណារ៉ុង June 2, 2020


 

ភ្នំពេញ៖ ការប្រកួតដណ្ដើមពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ គ្រោងនឹងចាប់ផ្តើមជាថ្មីនៅខែក្រោយ ខណៈដែលក្លិបទាំងអស់ត្រូវបានអនុញ្ញាតឲ្យមានការហ្វឹកហាត់ជាក្រុមចាប់តាំងពីថ្ងៃទី០១ ឧសភា ម្សិលមិញ។

ពានរង្វាន់កំពូលប្រចាំប្រទេសកម្ពុជា និងព្រឹត្តិការណ៍បាល់ទាត់ដទៃទៀតត្រូវបានផ្អាកដោយសារជំងឺកូវីដ-១៩ ហើយការជួបជុំជាក្រុមមិនត្រូវបានអនុញ្ញាតអស់រយៈពេលជាច្រើនខែ។

យ៉ាងណាមិញ ង៉យ ស្រ៊ីន មានសេចក្តីសោមនស្សរីករាយក្នុងការដឹកនាំក្រុមហ្វឹកហាត់ម្តងទៀត ហើយប្រធានក្រុមវិសាខារូបនេះ មិនមានការព្រួយបារម្ភក្នុងការលេងអំឡុងពេលមានវិបត្តិកូវីដ-១៩ ដោយសារគេជឿជាក់ថាកីឡាករបានអនុវត្តការណែនាំវេជ្ជសាស្រ្តយ៉ាងតឹងរ៉ឹង ពីរដ្ឋាភិបាលដើម្បីធានាសុវត្ថិភាពរបស់ពួកគេ។

ង៉យ ស្រ៊ីន បានប្រាប់សារព័ត៌មាន camsports.org ថា៖ «ការវិលត្រឡប់នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ គឺជាអ្វីដែលយើងទន្ទឹងរង់ចាំជានិច្ច។ យើងមានការឈប់សម្រាកយូរ ដូច្នេះវាជាការប្រសើរណាស់ដែលបានត្រលប់មកហ្វឹកហាត់ជាមួយគ្នា និងលេងបាល់ទាត់ម្តងទៀត។»

«យើងបាននិយាយ និងលេងសើចច្រើនក្នុងអំឡុងពេលហ្វឹកហាត់ជាក្រុមរបស់យើង ហើយយើងរីករាយណាស់។ យើងនឹងខិតខំរៀបចំក្រុមរបស់យើងសម្រាប់ការប្រកួតដ៏ធំមួយ។ យើងមានទំនុកចិត្តលើអ្វីដែលយើងកំពុងធ្វើ។ យើងរក្សាការណែនាំវេជ្ជសាស្រ្តយ៉ាងតឹងរឹងដើម្បីរក្សាសុវត្ថិភាពរបស់យើង។»

«យើងពុំមានបញ្ហាសុខភាពទេ ហើយយើងបានហ្វឹកហាត់យ៉ាងខ្លាំងពីផ្ទះអំឡុងពេលផ្អាកលីក។ វាមិនមែនជាការព្រួយបារម្ភធំទេសម្រាប់ពួកយើងក្នុងការលេងអំឡុងពេលមានវិបត្តិកូរ៉ូណាវ៉ាវីរុស ហើយយើងបានត្រៀមខ្លួនសម្រាប់ការត្រលប់មកវិញនៃបាល់ទាត់។»

«យើងនឹងប្រកួតដោយទ្វារបិទ ប៉ុន្តែអ្វីដែលសំខាន់នោះគឺការលេងបាល់ទាត់។ បើគ្មានការប្រកួតទេ វាប្រាកដជាអាចប៉ះពាល់ដល់ទម្រង់លេងរបស់យើង។ ការលេងដោយបិទទ្វារ មិនមែនជារឿងល្អបំផុតដែលយើងចង់ឃើញនោះទេ ប៉ុន្តែយើងត្រូវយល់ពីស្ថានភាពបច្ចុប្បន្ន។ អ្នកគាំទ្រអាចគាំទ្រយើង និងរីករាយនឹងការប្រកួតពីផ្ទះ។» ង៉យ ស្រ៊ីន បានលើកឡើងជុំវិញការប្រកួតដោយគ្មានអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់៕

 

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់