អាំ សុវណ្ណារ៉ាត់ បង្ហាញមហិច្ឆតាចង់ការពារតំណែងជើងឯកលីគ ឲ្យបាននៅរដូវកាលនេះ

មាស សុផាណារ៉ុង June 1, 2020


 

ភ្នំពេញ៖ កីឡាករ អាំ សុវណ្ណារ៉ាត់ មានមហិច្ឆិតាក្នុងការការពារតំណែងជើងឯកពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ជាមួយព្រះខ័នរាជស្វាយរៀង នៅរដូវកាលនេះ បន្ទាប់ពីលីគបាល់ទាត់កំពូលរបស់កម្ពុជា ទទួលបានភ្លើងខៀវឲ្យបន្តការប្រកួតជាថ្មី ដោយស្ថិតក្រោមលក្ខខណ្ឌប្រកួតបិទទ្វារ។

អ្នកចាំទីរបស់ព្រះខ័នរាជស្វាយរៀង បានសារភាពថាខ្លួនឡើងទម្ងន់អំឡុងលីគត្រូវបានផ្អាក ខណៈការហ្វឹកហាត់ជាក្រុមមិនត្រូវបានអនុញ្ញាត។

ក្លិបបាល់ទាត់នៃនៃលីគកំពូលកម្ពុជា ត្រូវបានអនុញ្ញាតឲ្យមានការហ្វឹកហាត់ជាក្រុមនៅថ្ងៃនេះ ហើយ អាំ សុវណ្ណារ៉ាត់ បានប្តេជ្ញាថានឹងវិលត្រលប់មករកសភាពដើមវិញ មុនពេលលីគចាប់ផ្តើមជាថ្មី។

អាំ សុវណ្ណារ៉ាត់ បានប្រាប់សារព័ត៌មាន camsports.org ថា៖ «យើងមិនបានហ្វឹកហាត់យូរទេ ដូច្នេះវាអាចប៉ះពាល់ដល់ទម្រង់របស់យើង។ យើងទើបតែចាប់ផ្តើមហ្វឹកហាត់បន្ទាប់ពីទទួលបានការអនុញ្ញាតពីក្រសួង។ និយាយឲ្យត្រង់ទៅ ខ្ញុំបានឡើងទំងន់ខ្លះ ប៉ុន្តែខ្ញុំនឹងខិតខំដើម្បីត្រលប់មករកសភាពដើមរបស់ខ្ញុំឡើងវិញ។»

មានយោបល់ជុំវិញការវិលត្រលប់មកវិញនៃលីគ អ្នកចាំទីចាស់វស្សារូបនេះ បានលើកឡើងថា៖ «វាជាដំណឹងដ៏ល្អមួយក្នុងការចាប់ផ្តើមការប្រកួតមិត្តហ្វូនខេមបូឌានលីគ ហើយខ្ញុំប្រាកដណាស់រដ្ឋាភិបាលធ្វើការយ៉ាងខ្លាំងដើម្បីធានាសុវត្ថិភាព មុនពេលអនុញ្ញាតឲ្យបាល់ទាត់បន្តការប្រកួតឡើងវិញ។ ក្នុងនាមជាកីឡាករអាជីព ខ្ញុំពិតជានឹកការប្រកួត ដូច្នេះវាពិតជាល្អណាស់ដែលបានត្រលប់មកលើទីលានម្តងទៀតក្នុងពេលឆាប់ៗនេះ។»

និយាយអំពីការប្រកួតដែលគ្មានអ្នកគាំទ្រ អាំ សុវណ្ណារ៉ាត់ បន្ថែមថា៖ «ពិតណាស់ វាមិនល្អទេក្នុងការលេងដោយគ្មានអ្នកគាំទ្រ។ ដូចដែលអ្នកបានដឹងហើយថាយើងលេង និងខិតខំសម្រាប់អ្នកគាំទ្ររបស់យើង ដូច្នេះវាជាស្ថានភាពពិបាក។ ទោះយ៉ាងណាអ្នកត្រូវធ្វើតាមការសម្រេចចិត្តរបស់រដ្ឋាភិបាល ចំពោះបញ្ហាសុវត្ថិភាពរបស់យើង។ សម្រាប់អ្វីក៏ដោយអ្នកគាំទ្រអាចគាំទ្រយើងពីផ្ទះ បានន័យថាពួកគេអាចតាមដានការប្រកួតរបស់យើងតាម ការផ្សាយផ្ទាល់នៅលើហ្វេសប៊ុក និងតាមទូរទស្សន៍។»

«យើងនឹងហ្វឹកហាត់យ៉ាងខ្លាំងដើម្បីការពារតំណែងជើងឯកលីករបស់យើងនៅរដូវកាលនេះ ហើយខ្ញុំគិតថាយើងនឹងមានពេលវេលាគ្រប់គ្រាន់ដើម្បីផ្តោតលើលីគ នៅពេលដែលព្រឹត្តិការណ៍ AFC Cup មិនទាន់បានចាប់ផ្តើមនៅឡើយ។ យើងនឹងរៀបចំក្រុមដ៏ល្អមួយដើម្បីដណ្តើមយកពានរង្វាន់លីគ ម្ដងទៀតនៅរដូវកាលនេះ។» អាំ សុវណ្ណារ៉ាត់ សង្គត់ធ្ងន់ជុំវិញ ការការពារតំណែងជើងឯកលីគ៕

 

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់