FIFA ធ្វើសេចក្តីព្រាងពិចារណាផ្នែកវេជ្ជសាស្ត្រ ដើម្បីសម្រួលដល់ការរៀបចំផែនការបន្តសកម្មភាពបាល់ទាត់ឡើងវិញ

មាស សុផាណារ៉ុង June 1, 2020


 

ស្វីស៖ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) កំពុងធ្វើការវាយតម្លៃហានិភ័យបាល់ទាត់ ជាមួយសសហព័ន្ធដែលជាសមាជិក ចំនួន ២១១ប្រទេស នៃទ្វីបទាំង៦ និងអ្នកពាក់ព័ន្ធដទៃទៀតដើម្បីសម្រួលដល់ការរៀបចំផែនការបន្តសកម្មភាពបាល់ទាត់ឡើងវិញ តាមរយៈការរៀបចំការប្រកួត ជាមួយអ្នករៀបចំការប្រកួត នៅពេលដែលអាជ្ញាធរសុខាភិបាល ក៏ដូចជារដ្ឋាភិបាល ពិចារណាថាមានសុវត្ថិភាព។

វាត្រូវបានបង្កើតឡើងដោយភ្ជាប់ជាមួយអង្គការសុខភាពពិភពលោក (WHO), សហព័ន្ធកីឡាបាល់ទាត់ទ្វីបអ៊ឺរ៉ុប (UEFA), សហព័ន្ធក្លិបបាល់ទាត់ទ្វីបអ៊ឺរ៉ុប (ECA), វេទិកាលីគបាល់ទាត់ពិភពលោក និងលីគបាល់ទាត់ទ្វីបអ៊ឺរ៉ុប រួមបញ្ចូលទាំងបញ្ជីនៃវិធានការណ៍កាត់បន្ថយដែលមានគោលបំណងកាត់បន្ថយហានិភ័យទូទៅនៃការប្រមូលផ្តុំដ៏ធំដែលរួមចំណែកដល់ការរីករាលដាលនៃ COVID-19 ក៏ដូចជាការចង្អុលបង្ហាញសម្រាប់ការហ្វឹកហាត់ជាលក្ខណៈបុគ្គល និងជាក្រុមដោយក្លិបបាល់ទាត់នីមួយៗ។

ឧបករណ៍វាយតម្លៃហានិភ័យ កំពុងត្រូវបានចែករំលែករួមគ្នាជាមួយឯកសារអនុសាសន៍វេជ្ជសាស្រ្តរបស់ FIFA ដែលជាលទ្ធផលដំបូងនៃក្រុមការងារវេជ្ជសាស្រ្តរបស់ (FIFA COVID-19 Medical) ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ហើយដែលមានសមាសភាពផ្នែកវេជ្ជសាស្រ្តចំនួនពីររបស់ FIFA ផ្នែកវេជ្ជសាស្រ្ត / វិទ្យាសាស្ត្រ ដែលតំណាងឱ្យសហព័ន្ធនីមួយៗ និងទីប្រឹក្សាខាងក្រៅ។ អង្គការសុខភាពពិភពលោក និងគណៈកម្មាធិការវេជ្ជសាស្រ្តរបស់ FIFA ក៏បានចូលរួមចំណែកក្នុងឯកសារនេះដែរ។

គោលបំណងនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នានេះគឺដើម្បីគិតគូរពីសុខភាពរបស់អ្នកចូលរួមទាំងអស់ ក្នុងសកម្មភាពបាល់ទាត់ ការវាយតំលៃហានិភ័យ និងកត្តាដែលចាំបាច់ត្រូវមានដើម្បីឱ្យបាល់ទាត់ទាំងអាជីព និងនៅកម្រិតពាក់កណ្ដាលអាជីព ដើម្បីបន្តឡើងវិញដោយសុវត្ថិភាព។ អនុសាសន៍ គឺមានន័យថាត្រូវបានអនុវត្តស្របតាមការណែនាំជាតិ និងអន្តរជាតិស្តីពីសុខភាពសាធារណៈ និងការប្រមូលផ្តុំមហាជន។

ស្ថានប័នគ្រប់គ្រងកីឡាបាល់ទាត់ ត្រូវបានលើកទឹកចិត្តឱ្យភ្ជាប់ទំនាក់ទំនងជាមួយអាជ្ញាធរសុខភាពសាធារណៈ ដែលពាក់ព័ន្ធ និងធ្វើការវាយតម្លៃហានិភ័យដ៏ទូលំទូលាយ ដើម្បីកំណត់ថាតើដំណើរការនេះមានសុវត្ថិភាពឬអត់។

គោលការណ៍ណែនាំសំខាន់ គឺការបន្តសកម្មភាពបាល់ទាត់មិនគួរធ្វើឱ្យប៉ះពាល់ដល់សុខភាពបុគ្គល ឬសហគមន៍ឡើយ។ លើសពីនេះទៀត ការវិលត្រឡប់ទៅលេងគួរតែផ្អែកលើព័ត៌មានសុខភាព គោលដៅដើម្បីធានាថាសកម្មភាពត្រូវបានធ្វើឡើងដោយសុវត្ថិភាព និងមិនប្រថុយនឹងការកើនឡើងជំងឺកូវីដ-១៩៕

 

ប្រភព៖ FIFA

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់