Ideguchi Masaaki៖ «យើងត្រូវការពេលវេលារួមគ្នាដើម្បីប្រមូលស្ថានភាពល្អរបស់យើងត្រឡប់មកវិញ»

មាស សុផាណារ៉ុង May 30, 2020


 

ភ្នំពេញ៖ ខ្សែបម្រើរបស់ក្លិបភ្នំពេញក្រោន កីឡាករ Ideguchi Masaaki បានគូសបញ្ជាក់ពីភាពចាំបាច់នៃការហ្វឹកហាត់ជាក្រុម ព្រោះគេជឿជាក់ថាវាអាចនាំកម្លាំងរបស់ខ្លួនត្រឡប់មកវិញមុនពេលចាប់ផ្តើមនៃក្របខ័ណ្ឌលីគកំពូលកម្ពុជា។

ក្រុមរហស្សនាមសឹង្ហក្រហម សង្ឃឹមថានឹងឈ្នះពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលនេះ បន្ទាប់ពីពួកគេខកខានឈ្នះពាននេះតាំងពីឆ្នាំ២០១៥ ។ ក្រុមរបស់លោក ស៊ុំ វណ្ណា មានការចាប់ផ្ដើមយ៉ាងល្អនៅពេលពួកគេរកជ័យជម្នះបាន ៤ដង និងស្មើម្ដង ពីការប្រកួត ចំនួន ៥ប្រកួត ដើម្បីគ្រប់គ្រងកំពូលតារាងបណ្ដោះអាសន្ន។

Ideguchi Masaaki បានប្រាប់សារព័ត៌មាន camsports.org ថា៖ «យើងត្រូវការពេលវេលាដើម្បីហ្វឹកហាត់ជាមួយគ្នា ដើម្បីត្រៀមខ្លួនសម្រាប់ការវិលត្រឡប់នៃលីគ ព្រោះយើងត្រូវការស្ថានភាពរបស់យើងមុនពេលចាប់ផ្តើមនៃលីគ។»

«ស្ទើរតែរាល់ថ្ងៃ ខ្ញុំធ្វើលំហាត់ខ្លះៗដោយខ្លួនឯង។ ខ្ញុំហាត់ប្រាណទៀងទាត់។ ហើយពិតណាស់ ខ្ញុំគិតថាយើងអាចធ្វើបានល្អ ហើយខ្ញុំគិតថាយើងត្រូវតែមានលក្ខខណ្ឌល្អ ការប្រាស្រ័យទាក់ទងល្អនៅក្នុងក្រុម និងបច្ចេកទេសល្អ។» Ideguchi បានបន្ថែម។

អតីតខ្សែបម្រើរបស់ក្លិបវិសាខា រូបនេះក៏បានបង្ហើបពីទម្លាប់របស់ខ្លួនផងដែរក្នុងកំឡុងពេលផ្អាកព្រឹត្តិការណ៍បាល់ទាត់ទាំងអស់ដោយសារជំងឺកូវីដ-១៩ រាតត្បាត។

កីឡាករសញ្ជាតិជប៉ុនរូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំរៀនភាសាអង់គ្លេសបន្តិច អានសៀវភៅ និងទូរស័ព្ទរកគ្រួសារ និងមិត្តភក្តិ ហើយចុងក្រោយខ្ញុំពិតជាពេញចិត្តក្នុងការលេងបាល់ទាត់។ ខ្ញុំសង្ឃឹមថាយើងនឹងអាចមានជីវិតធម្មតាវិញឆាប់ៗនេះ។»

 

រូបភាព៖ ភ្នំពេញក្រោន

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់