អតីតខ្សែការពារណាហ្គា ទៀត សុខា៖ «កីឡាករសព្វថ្ងៃមានសំណាងជាងកីឡាករជំនាន់ខ្ញុំ»

មាស សុផាណារ៉ុង May 27, 2020


 

ភ្នំពេញ៖ អតីតខ្សែការពាររបស់ក្លិបណាហ្គាវើលដ៍ ទៀត សុខា បានអះអាងថាកីឡាករនាពេលបច្ចុប្បន្នមានសំណាងជាងកីឡាករជំនាន់របស់ខ្លួន ខណៈដែលពួកគេទទួលបានប្រាក់បៀវត្សល្អ និងលេងនៅលើទីលានល្អប្រសើរ ដែលមានអ្នកគាំទ្រច្រើននៅកីឡដ្ឋាន។

ទៀត សុខា ត្រូវបានដឹងថា បានចូលរួមជាមួយក្លិបណាហ្គាវើលដ៍ ក្នុងឆ្នាំ ២០០៩ និងបានជួយក្លិបអោយឈ្នះពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលដំបូងរបស់គេជាមួយក្លិបថែមទៀតផង។ លោកក៏បានឈ្នះពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជាមួយណាហ្គាវើលដ៍ កាលពីឆ្នាំ២០១៣ មុនពេលចូលនិវត្តន៍ពីអាជីពបាល់ទាត់ នៅឆ្នាំ២០១៦ ។

ទៀត សុខា បានប្រាប់សារព័ត៌មាន camsports.org ថា៖ «កីឡាករសព្វថ្ងៃមានសំណាងណាស់។ ពួកគេអាចទទួលបានប្រាក់ខែខ្ពស់ ហើយវាមិនដូចនៅក្នុងជំនាន់របស់ខ្ញុំទេ ដែលយើងទទួលបានប្រាក់ខែទាប។ ឥឡូវស្ថានភាពគឺប្រសើរជាងពេលដែលខ្ញុំជាកីឡាករ។ ទីលាន ប្រាក់ខែ និងសំភារៈទាំងអស់សុទ្ធតែល្អសម្រាប់កីឡាករ ពីព្រោះបាល់ទាត់របស់យើងកាន់តែប្រសើរឡើង។»

អតីតកីឡាករ ក្លិបបាល់ទាត់ខេមរាកីឡា រូបនេះបានសង្គត់ធ្ងន់ទៀតថា៖ «ក្នុងអំឡុងពេលដែលខ្ញុំជាកីឡាករយើងមានបញ្ហាធំជាមួយនឹងទីលាន។ យើងបានប្រើប្រាស់តែ ២កីឡដ្ឋាន ដូចជាពហុកីឡដ្ឋានជាតិ និងកីឡដ្ឋានទ័ព (ស្តាតចាស់) សម្រាប់រាល់ការប្រកួតលីគ។ ទីលានត្រូវបានជន់លិចគ្រប់ពេលដែលមានភ្លៀង ដូច្នេះវាពិតជាលំបាកណាស់សម្រាប់កីឡាករ។» ឥឡូវនេះមានអ្នកគាំទ្រកាន់តែច្រើនឡើងៗ ដែលគាំទ្រក្លិបក្នុងលីគកំពូលកម្ពុជា ប៉ុន្តែកាលពីមុនយើងមានអ្នកគាំទ្រមិនលើសពី ២០០នាក់ទេសម្រាប់ការប្រកួតលីគនីមួយៗ ព្រោះមិនមានមនុស្សជាច្រើនចូលចិត្តបាល់ទាត់នៅពេលនោះទេ។»  

«សំរាប់កីឡាករនៅជំនាន់នេះ អ្នកត្រូវលះបង់ដើម្បីក្លាយជាកីឡាករអាជីព។ អ្នកត្រូវថែរក្សាសុខភាពរបស់អ្នក និងជៀសឲ្យឆ្ងាយពីគ្រឿងស្រវឹង។ សំខាន់ជាងនេះទៅទៀត កុំចេញក្រៅនៅពេលយប់ច្រើនពេក។» ទៀត សុខា បានផ្ដល់ជាការរក្សាខ្លួនឲ្យក្លាយជាកីឡាករអាជីព។

គួរបញ្ជាក់ថា ទៀត សុខា បច្ចុប្បន្នមានវិញ្ញាបនបត្រគ្រូបង្វឹកកម្រិត C ហើយបាននឹងកំពុងដើរតួនាទីជាកីឡាករផង និងគ្រូបង្វឹកផង ជាមួយក្រុមជម្រើសខេត្តកំពង់ធំ ប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ២០២០៕

 

រូបភាព៖ គឹម សុវណ្ណា – Sovanna Kem

អត្ថបទ៖ សុភ័ក្ត្រ 

មតិយោបល់