លោក សាប៊ូន វិនតា ការត្រលប់មកវិញនៃបាល់ទាត់ ជារឿងល្អសម្រាប់កម្ពុជា ជាពិសេសដើម្បីត្រៀមព្រឹត្តិការណ៍អន្តរជាតិ

មាស សុផាណារ៉ុង May 27, 2020


 

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីប្រកាសស្ដីពីការដាក់ឲ្យដំណើរការឡើងវិញនូវវិស័យកីឡាជាជំហាន បន្ទាប់ពីទទួលបានការណែនាំពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ការដាក់ឲ្យដំណើរការឡើងវិញនូវវិស័យកីឡាជាជំហាននេះផងដែរ បានសេចក្ដីថា ប្រភេទកីឡាដែលជាទីពេញនិយមបំផុត (បាល់ទាត់) សំដៅលើពានរង្វាន់លីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ក៏នឹងត្រលប់មកប្រកួតជាប្រក្រតីវិញ ខណៈ លោក សាប៊ូន វិនតា គ្រូជំនួយនៃក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ចាត់ទុកថាជារឿងល្អមួយសម្រាប់បាល់ទាត់កម្ពុជា ប៉ុន្តែក៏ត្រូវការពេលវេលាខ្លះៗដើម្បីហ្វឹកហាត់ប្រមូលកម្លាំងឡើងវិញ មុននឹងការប្រកួតមកដល់ ពោលគឺយ៉ាងហោចណាស់ ៣ ទៅ៤សប្ដាហ៍។

ឆ្លើយឆ្លងក្នុងកិច្ចសម្ភាសន៍ជាមួយ សារព័ត៌មាន camsports.org លោក សាប៊ូន វិនតា បានលើកឡើងយ៉ាងដូច្នេះថា៖ «សម្រាប់ខ្ញុំការវិលត្រលប់មកវិញនៃការប្រកួតលីគកំពូលរបស់កម្ពុជា MCL គឺជារឿងមួយដ៏ល្អសម្រាប់បាល់ទាត់កម្ពុជា និងជាផ្នែកមួយសំខាន់សម្រាប់ការអភិវឌ្ឍន៍គុណផល (Perfromance) របសកីឡាករតាមបណ្តាក្លិប និងដេីម្បីត្រៀមព្រឹត្តិការណ៍ការប្រកួតអន្តរជាតិផ្សេងៗរបស់ក្រុមជម្រេីសជាតិកម្ពុជា ផងដែរ។ ហេីយវាក៏ជាវិលត្រលប់មកវិញនៃការហ្វឹកហាត់របស់ក្លិបនីមួយៗ និងការងារមួយចំនួនដែលទាក់ទងនឹងក្លិបផងដែរ។»

នោពេលសួរនាំថាតើគួរមានរយៈពេលប៉ុន្មានសប្ដាហ៍ទៀតដែរ ដើម្បីឲ្យកម្លាំងកីឡាករគ្រប់ក្លិបទាំងអស់ ល្អប្រសើរឡើងវិញ? គ្រូបង្វឹកដែលមានបទពិសោធន៍ធ្វើការជាមួយគ្រូជម្រើសជាតិជាច្រើនរូប រូបនេះ បានឆ្លើយតបថា៖ «តាមយោបល់របស់ខ្ញុំគិតថា វាដូចជាការចាប់ផ្តេីមនៃការប្រកួតលីគសារជាថ្មីម្តងទៀតដោយសារតែកីឡាករមានការសម្រាកយូរមួយរយៈនេះដោយសាបញ្ហាវីរុសកូវីដ១៩ គ្រាន់តែបានហ្វឹកហាត់លក្ខណៈផ្ទាល់ខ្លួនម្នាក់ៗដែលមិនមានជាការហ្វឹកហាត់រួមជាក្រុម។ ដូចនេះ ខ្ញុំគិតយ៉ាងហោចណាស់ក៏ត្រូវការពេលវេលាចន្លោះពី ៣-៤សប្តាហ៍ដែរ ដេីម្បីប្រមូលផ្តុំហ្វឹកហាត់ជាក្រុមឡេីងវិញ ដេីម្បីអោយគ្រូបង្វឹកមានពេលវេលាគ្រប់គ្រាន់ក្នុងការរៀបកម្លាំងកីឡាករ និងកលល្បិចនៃក្រុមផងដែរ។»

សូមបញ្ជាក់ថា ពានរង្វាន់បាល់ទាត់នៅកម្ពុជាធំៗ ២ គឺគ្រោងនឹងត្រលប់មកវិញឆាប់នេះ បន្ទាប់ពីទទួលបានការអនុញ្ញាតឲ្យដំណើរការប្រកួតឡើងវិញ ប៉ុន្តែត្រូវស្ថិតក្នុងលក្ខខណ្ឌ ក្នុងន័យជាវិធានការការពារមួយចំនួន ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ស្របពេលដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជាមួយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ក៏កំពុងរៀបចំធ្វើជាបទបញ្ជា ផ្សេងដាច់ដោយឡែកក្នុងក្របខណ្ឌបាល់ទាត់ ផងដែរ ដើម្បីធានាដល់ដំណើរការប្រកួតប្រកបដោយសុវត្ថិភាព។

គួរដឹងដែរថា សកម្មភាពកីឡាបាល់ទាត់នៅកម្ពុជា បានផ្អាកតាំងពីចុងខែមីនា បន្ទាប់ពីការរីករាត​ដាល​នៃជំងឺកូវីដ-១៩ បានកើនឡើងនៅកម្ពុជា ក្រោយប្រកួតបានត្រឹម ៥សប្ដាហ៍ ខណៈប្រមាណជាង ១ខែមកនេះ ពុំមានករណីថ្មី​នៃជំងឺ​កូវីដ-១៩ ទើបតែកាលពីពេលថ្មីៗកន្លងទៅនេះ ក្នុងខែឧសភា មាន ២ករណីថ្មីបន្ថែម និងសុទ្ធ​សឹងតែជាករណីនាំចូលពីក្រៅប្រទេស៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់