ពហុកីឡដ្ឋានថ្មីសន្លាងមួយទៀត គ្រោងនឹងលេចចេញរូបរាងក្នុងខេត្តពោធិ៍សាត់ នាពេលឆាប់ៗខាងមុខ

មាស សុផាណារ៉ុង May 26, 2020


 

ពោធិ៍សាត់៖ ពហុកីឡដ្ឋានដ៏ថ្មីសន្លាងមួយទៀត គ្រោងនឹងលេចចេញរូបរាងក្នុងទីរួមខេត្តពោធិ៍សាត់ ដោយត្រូវបានគេប្រសិទ្ធិនាម ពហុកីឡដ្ឋានសម្តេចតេជោ ហ៊ុន សែន «SAMDACH HUN SEN SPORT CENTER» ដែលមានតម្លៃខ្ទង់លានដុល្លារ នេះដោយយោងទៅតាមការចុះផ្សាយ របស់ផេកផ្លូវការរបស់រដ្ឋបាលខេត្ត «Pursat Provincial Hall» និងតាមការចេញផ្សាយដោយសារព័ត៌មានក្នុងស្រុក freshnewsasia កាលពីពេលថ្មីៗនេះ។

គម្រោងនេះ ត្រូវបាន ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ពិភាក្សាអនុម័តលើការសាងសង់ ដើម្បីជាការឆ្លើយតបទៅនឹងភាពរីកចម្រើននៃវិស័យកីឡា និងដើម្បីជំរុញវិស័យកីឡាបាល់ទាត់កម្ពុជាឲ្យកាន់តែរីកចម្រើន។

គម្រោងពហុកីឡដ្ឋាននេះ អាចសាងសង់នៅលើផ្ទៃដីប្រមាណ ២៥ហិកតា ស្ថិតក្នុងភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ (វាលសម្តេចយស)។ ពហុកីឡដ្ឋាននេះរួមមាន៖ ទីលានបាល់ទាត់ខ្នាតអន្តរជាតិ, ទីលានមហោស្រព, ទីលានបាល់ទះ, ទីលានបាល់បោះ, ទីលានរត់ប្រណាំង, ទីលានវាយសី, កន្លែងអង្គុយទស្សនា, កន្លែងហាត់ប្រាណ, ប្រព័ន្ធផ្លូវខ្វាត់ខ្វែង (៨ទៅ១០ម៉ែត្រ), វាលស្មៅ, កន្លែងក្មេងលេង, កន្លែងអង្គុយលេង, ស្រះទឹក និងកន្លែងចតរថយន្ត ។ល។ ប្រភព freshnewsasia ដដែលបានបញ្ជាក់។

ការសម្រេចចិត្តសាងសង់ពហុកីឡដ្ឋានថ្មីនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកភាពគាំទ្រ ក្នុងឱកាសដែលសម្តេចអញ្ជើញចុះសួរសុខទុក្ខកម្មករ-កម្មការិនីនៅរោងចក្រ សហគ្រាសនានា ក្នុងខេត្តពោធិ៍សាត់ កាលពីពេលកន្លងទៅ ដើម្បីអភិវឌ្ឍវិស័យកីឡារបស់កម្ពុជា និងមួយផ្នែកទៀត សម្រាប់កម្ពុជាឈានឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាតំបន់អាស៊ាន «Sea Game» នៅឆ្នាំ២០២៣។

រដ្ឋបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា បើតាមកិច្ចប្រជុំពិភាក្សាគម្រោងសាងសង់ពហុកីឡដ្ឋានសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នៅសាលវីដេអូ Conference សាលាខេត្តពោធិ៍សាត់, លោក កែវ រតនៈ និងលោក ម៉ៅ ធនិន បានលើកឡើងថា គម្រោងអភិវឌ្ឍន៍នេះសាងសង់ឡើង ដើម្បីបន្សល់ទុកជាកេរ្តិ៍មរតកសម្រាប់ខេត្តផង និងអាចជាការឆ្លើយតបទៅនឹងភាពរីកចម្រើននៃវិស័យកីឡានៅកម្ពុជាផងដែរ។

បច្ចុប្បន្នរដ្ឋបាលខេត្ត ក្រុមការងារចុះមូលដ្ឋានស្រុកក្រគរ មន្ទីរជំនាញ និងផ្នែកឯកជន កំពុងសហការគ្នាអនុវត្តន៍គម្រោងនេះ ដោយបានឈូសឆាយចាក់ដីបានមួយផ្នែកហើយ ដោយឡែកចំពោះថាតើប្រើរយៈពេលប៉ុន្មានឆ្នាំទើបបញ្ចប់នោះប្រភពដដែលខាងលើពុំបានបញ្ជាក់ឡើយ៕

 

ប្រភព៖​ រដ្ឋបាលខេត្ត «Pursat Provincial Hall» | freshnewsasia

មតិយោបល់