សាយ ពិសិដ្ឋ ចង់បានការជូនដំណឹងយ៉ាងហោចណាស់មួយខែ មុនពេលលីគចាប់ផ្តើមឡើងវិញ

មាស សុផាណារ៉ុង May 26, 2020


 

ភ្នំពេញ៖ កីឡាករ សាយ ពិសិដ្ឋ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការហ្វឹកហាត់ជាក្រុម និងបានទទូចថាក្លិបចាំបាច់គួរតែទទួលបានដំណឹងយ៉ាងហោចណាស់មួយខែ មុនពេលដែលពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ បន្តជាថ្មី។

ពានរង្វាន់លីគកំពូលកម្ពុជា ត្រូវបានផ្អាកដោយសារវិបត្តិកូវីដ-១៩ (Covid-19) ហើយការប្រមូលផ្តុំក្រុមមិនត្រូវបានអនុញ្ញាតឡើយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺដែលបង្ករឡើងដោយវីរុសកូរ៉ូណា មួយនេះ។

កីឡាករភាគច្រើនហ្វឹកហាត់ដោយខ្លួនឯង ដើម្បីរក្សាថាមពលរបស់ពួកគេ ខណៈពួកគេទន្ទឹងរងចាំការចាប់ផ្តើមឡើងវិញផងដែរនៃពានរង្វាន់បាល់ទាត់កំពូលប្រចាំប្រទេសកម្ពុជា។

ទោះយ៉ាងណា ខ្សែការពារក្លិបបាល់ទាត់នគរបាលជាតិ ជឿជាក់ថាការហ្វឹកហាត់ជាលក្ខណៈបុគ្គលមិនមានប្រសិទ្ធិភាពដូចការហ្វឹកហាត់ជាក្រុម ដែលអាចជួយពង្រឹងយុទ្ធសាស្ត្រក្រុមណែនាំដោយគ្រូបង្វឹកនោះទេ។

ប្រធានក្រុមក្លិបបាល់ទាត់នគរបាលជាតិដដែលរូបនេះ បានប្រាប់សារព័ត៌មាន camsports.org ថា៖ «ចំពោះខ្ញុំប្រសិនបើលីគរបស់យើងបន្ត យើងគួរទទួលបានដំណឹងយ៉ាងហោចណាស់មួយខែមុនថ្ងៃប្រកួតមកដល់។ ដូចដែលអ្នកបានដឹងហើយថាការប្រមូលផ្តុំក្រុមមិនត្រូវបានអនុញ្ញាតអស់រយៈពេលជាច្រើនសប្តាហ៍ ហើយយើងត្រូវមានតែការហ្វឹកហាត់ជាលក្ខណៈបុគ្គល។ ខ្ញុំគិតថាការហ្វឹកហាត់ជាលក្ខណៈបុគ្គលមិនសូវមានប្រសិទ្ធភាពដូចការហ្វឹកហាត់ជាក្រុមទេ។ នៅពេលយើងហ្វឹកហាត់ជាមួយគ្នា វាអាចជួយបង្កើនការយល់ដឹងរបស់ក្រុមយើង។ យើងអាចដឹងពីយុទ្ធសាស្ត្រ និងរបៀបលេងរបស់ក្រុមដែលត្រូវបានណែនាំដោយគ្រូបង្វឹករបស់យើង។»

«វាអាចជះឥទ្ធិពលដល់ថាមពលរបស់យើង ពីព្រោះយើងមិនមានការហ្វឹកហាត់ជាក្រុមយូរ ហើយថាមពលគឺជាអ្វីដែលសំខាន់បំផុតនៅក្នុងបាល់ទាត់។ ប្រសិនបើអ្នកមិនអាចរក្សាថាមពលបាន នោះទម្រង់លេងរបស់អ្នកក៏នឹងធ្លាក់ចុះដែរ។ លើសពីនេះអ្នកក៏ត្រូវមានភាពវាងវៃ និងអាចគិតបានរហ័សផងដែរ។» សាយ ពិសិដ្ឋ បានបន្ថែម។

អតីតសមាជិកក្រុមជម្រើសជាតិកម្ពុជា រូបនេះបានសង្គត់ធ្ងន់ទៀតថា៖ «ក្លិបដែលមានកីឡដ្ឋានផ្ទាល់ខ្លួនអាចដោះស្រាយស្ថានការណ៍បច្ចុប្បន្នបានប្រសើរជាងមុន ព្រោះខ្ញុំជឿជាក់ថាពួកគេនឹងមានកាលវិភាគហ្វឹកហាត់ទៀងទាត់សម្រាប់កីឡាកររបស់ពួកគេ។ ពួកគេអាចទទួលបានអត្ថប្រយោជន៍ពីកីឡដ្ឋានផ្ទាល់ខ្លួនរបស់ពួកគេ ដូច្នេះពួកគេអាចរៀបចំក្រុមបានល្អ។ នៅពេលដែលលីគត្រឡប់មកវិញពួកគេបានត្រៀមខ្លួនរួចរាល់ហើយ។»

«វាជាបទពិសោធន៍ដែលមិនអាចបំភ្លេចបាន ព្រោះយើងមិនដែលឈប់សម្រាកយូរដូចនេះទេ។ យើងធ្លាប់ឈប់សម្រាកមិនលើសពីមួយខែទេ ប៉ុន្តែយើងអាចមានការប្រកួតមិត្តភាពខ្លះក្នុងអំឡុងពេលសម្រាកលីគ។ ឥឡូវនេះវាជាបទពិសោធន៍ខុសគ្នា។ វាជាការឈប់សំរាកយូរ ហើយយើងមិនមានការប្រកួត ឬការហ្វឹកហាត់ជាក្រុមអ្វីទាំងអស់។» សាយ ពិសិដ្ឋ បន្ថែមជុំវិញការណ៍មិនដែលជួបស្ថានភាពបែបនេះ៕

 

រូបភាព៖ ក្លិបបាល់ទាត់នគរបាលជាតិ

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់