Anderson Zogbe៖ «ចាន់ វឌ្ឍនាកា គឺពិតជាសាកសមក្នុងការដើរតួនាទីជាខ្សែប្រយុទ្ធ»

មាស សុផាណារ៉ុង May 25, 2020


 

ភ្នំពេញ៖ កីឡាករ Anderson Zogbe បានចាត់ទុកមិត្តរួមក្រុមបឹងកេត ចាន់ វឌ្ឍនាកា ថាជាខ្សែប្រយុទ្ធឆ្នើមម្នាក់ក្នុងលីគកំពូលកម្ពុជា។

ខ្សែការពារកណ្តាលរូបនេះតែងតែជួបប្រកួតតទល់គ្នាជាមួយ ចាន់ វឌ្ឍនាកា នៅពេលដែលរូបគេនៅជាកីឡាកររបស់ក្លិបណាហ្គាវើលដ៍ ហើយគេបាននិយាយថា ខ្លួនបានបង្កើនជំនាញការពារជាងមុននៅពេលដែលប្រឈមមុខនឹងខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជារូបនេះ។

បច្ចុប្បន្នពួកគេទាំងពីររូបបាននឹងកំពុងប្រកបអាជីពនៅក្លិបបឹងកេត ជាមួយគ្នា បន្ទាប់ពីកីឡាករវ័យ ២៤ឆ្នាំរូបនេះ បានបញ្ចប់ការផ្ទេរមកចូលរួមជាមួយក្រុមជើងឯក ៣សម័យកាល នៃលីគកំពូលម្ពុជា ពី ណាហ្គាវើលដ៍ រដូវកាលនេះ។

Anderson Zogbe បានប្រាប់សារព័ត៌មាន camsports.org ថា៖ «សម្រាប់ខ្ញុំ ចាន់ វឌ្ឍនាកា គឺពិបាករារាំងគាត់ណាស់។ គាត់គឺជាកីឡាករម្នាក់ដែលមានអ្វីៗទាំងអស់ – ល្អពេលបាល់នៅនឹងជើង លឿន និងឆ្លាតវៃក្នុងការប្រកួត។ ការប្រឈមមុខនឹងកីឡាករដូចជា ចាន់ វឌ្ឍនាកា ក្នុងការប្រកួតបាល់ទាត់បង្រៀនអ្នកឲ្យផ្តោតអារម្មណ៍ និងប្រុងប្រយ័ត្ន ហើយអ្នកអាចបង្កើនជំនាញការពាររបស់អ្នកបានច្រើន។»

«ដើម្បីការពារនៅចំពោះមុខខ្សែប្រយុទ្ធ អ្នកត្រូវការការអត់ធ្មត់ច្រើន ហើយអ្នកក៏ត្រូវមានភាពរហ័សរហួន និងមានកាយសម្បទាល្អផងដែរ។» ខ្សែការពារសញ្ជាតិកូឌីវ័ររូបនេះ បានសង្គត់ធ្ងន់៕

 

រូបភាព៖ បឹងកេត – Boeung Ket Football Club

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់