ត្រាយ វិចិត្រ ជុំវិញការប្រៀបធៀបខ្លួនឯងជាមួយរាមច្បង ឈិន ឈឿន

មាស សុផាណារ៉ុង May 22, 2020


 

ភ្នំពេញ៖ ខ្សែបម្រើស្លាបរបស់ព្រះខ័នរាជស្វាយរៀង ត្រាយ វិចិត្រ បានបង្ហើបថារូបគេគឺជាអ្នកគាំទ្រដ៏ខ្លាំងរបស់រាមច្បង ឈិន ឈឿន ហើយបានតាមដានការប្រកួតរបស់គេ ទាំងនៅក្រុមជម្រើសជាតិកម្ពុជា និងអតីតក្លិបចាស់ កងយោធពលខេមរភូមិន្ទ (ទ័ព)។

កីឡាករវ័យក្មេងរូបនេះត្រូវបានគេប្រដូចទៅនឹងកីឡាករ ឈិន ឈឿន ចំពោះរូបរាង និងរបៀបលេងរបស់គេ ខណៈដែលពួកគេទាំងពីរចូលចិត្តប្រើល្បឿន និងកម្លាំងរបស់ពួកគេនៅលើទីលាន។

ត្រាយ វិចិត្រ បានចូលរួមជាមួយព្រះខ័នរាជស្វាយរៀង ក្នុងឆ្នាំ២០១៨ បន្ទាប់ពីចំណាយពេល ៥ឆ្នាំនៅសាលាបាល់ទាត់ជាតិបាទី ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨ ហើយរូបគេពិតជារំភើបណាស់ដែលបានលេងជាមួយតារាក្នុងដួងចិត្តរបស់ខ្លួនកាលពីនៅកុមារភាព ឈិន ឈឿន ដែលបានផ្ទេរមកចូលរួមជាមួយក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀង មួយនេះពីក្លិបកងយោធពលខេមរភូមិន្ទ (Tiffy Army) នៅរដូវកាលនេះ។

ត្រាយ វិចិត្រ បានប្រាប់សារព័ត៌មាន camsports.org ថា៖ «ខ្ញុំគិតថារបៀបដែលខ្ញុំលេង និងរបៀបលេងរបស់គាត់គឺស្រដៀងគ្នា។ យើងចូលចិត្តប្រើល្បឿនរបស់យើង ហើយយើងទាំងពីរក៏ស្វាហាប់នៅលើទីលានផងដែរ។»

«ខ្ញុំបានធ្វើតាមការប្រកួតរបស់គាត់ នៅក្លិបចាស់របស់គាត់ និងក្រុមជម្រើសជាតិកម្ពុជា ពីព្រោះយើងមានស្ទីលលេងស្រដៀងគ្នា។ គាត់ជាកីឡាករល្អណាស់ ហើយគាត់ច្បាស់ជា idol របស់ខ្ញុំ។ ខ្ញុំពិតជារីករាយណាស់ដែលបានលេងក្នុងក្រុមតែមួយជាមួយគាត់។» ត្រាយ វិចិត្រ បានសង្គត់ធ្ងន់៕

 

រូបភាព៖

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់