ស៊ូ យ៉ាទី ជុំវិញរបៀបដែលអាចរក្សាទម្រង់លេងរបស់ខ្លួនបានច្រើនឆ្នាំ ទោះវ័យកាន់តែវិវឌ្ឍន៍ទៅមុខ

មាស សុផាណារ៉ុង May 21, 2020


 

ភ្នំពេញ៖ ស៊ូ យ៉ាទី ត្រូវបានគេស្គាល់ថាជាកីឡាករដែលមានអាជីពបាល់ទាត់គួរអស្ចារ្យ បន្ទាប់ពីរូបគេបានឈ្នះពានរង្វាន់លីគកំពូលកម្ពុជា ចំនួន៤ ជាមួយក្លិបចំនួន៣ ផ្សេងគ្នា និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ពេលដែលគេរួមរស់ជាមួយ ក្លិបកងយោធពលខេមរភូមិន្ទ (ទ័ព) កាលពីឆ្នាំ ២០១០។

អ្នកចាំទីជម្រើសជាតិកម្ពុជារូបនេះ បានឈ្នះជើងឯកលីគលើកដំបូងរបស់ខ្លួនក្នុងឆ្នាំ២០១៤ នៅពេលដែលរូបគេលេងឲ្យក្រុមជើងឯក ៦សម័យកាល ភ្នំពេញក្រោន។

ស៊ូ យ៉ាទី បានបន្តឈ្នះពានរង្វាន់លីគ ជាលើកទី២ និងទី៣ នៅឆ្នាំ២០១៦ និង ២០១៧ ជាមួយបឹងកេត មុនពេលផ្ទេរដ៏គួរឱ្យភ្ញាក់ផ្អើលមួយ តាមរយៈការចូលរួមជាមួយណាហ្គាវើលដ៍ ជាទីដែលរូបគេ ទទួលបានពានរង្វាន់លីគ ជាលើកទី៤ នៅឆ្នាំ២០១៨។

ការខិតខំ និងការគាំទ្រពីមិត្តរួមក្រុមគឺជាគន្លឹះដ៏សំខាន់សម្រាប់កីឡាករវ័យ ២៨ឆ្នាំរូបនេះ ដើម្បីរក្សាទម្រង់លេងរបស់ខ្លួន និងក្លាយជាអ្នកចាំទីជម្រើសទី១ នៅក្លិបធំៗចំនួន ៣ផ្សេងគ្នានៃលីគកំពូលកម្ពុជា។

អ្នកចាំទីណាហ្គាវើលដ៍ បានប្រាប់សារព័ត៌មាន camsports.org ថា៖ «វាមិនគួរឱ្យជឿក្នុងអាជីពបាល់ទាត់របស់ខ្ញុំ ដែលខ្ញុំអាចឈ្នះជើងឯកលីគ ៤ដង ជាមួយក្លិប ៣ផ្សេងគ្នា ហើយនេះតែងតែជំរុញឲ្យខ្ញុំបន្តការខិតខំ ដើម្បីជួយក្លិបបច្ចុប្បន្នរបស់ខ្ញុំ [ណាហ្គាវើលដ៍] ឈ្នះពានមួយផ្សេងទៀត។»

«ខ្ញុំអាចរក្សាទម្រង់លេងរបស់ខ្ញុំបានច្រើនរដូវកាល ព្រោះថាអំឡុងពេលហ្វឹកហាត់នីមួយៗខ្ញុំតែងតែហ្វឹកហាត់ខ្លាំង។ ខ្ញុំក៏មានការហ្វឹកហាត់ជាលក្ខណៈបុគ្គល មានន័យថាខ្ញុំមានការហ្វឹកហាត់ដែលខ្លាំង។ ខ្ញុំកាន់តែចាស់ទៅហើយ ដូច្នេះខ្ញុំត្រូវតែហ្វឹកហាត់អោយខ្លាំងជាងនេះ។ ខ្ញុំមិនអាចភ្លេចនិយាយបានទេ ជុំវិញការជួយជ្រោមជ្រែងពីមិត្តរួមក្រុមរបស់ខ្ញុំ។ ដោយមានហេតុផលទាំងនេះ ខ្ញុំអាចរក្សាទម្រង់លេងរបស់ខ្ញុំអោយបានច្រើនរដូវកាល។» ស៊ូ យ៉ាទី បានសង្គត់ធ្ងន់៕

 

រូបភាព៖ ណាហ្គាវើលដ៍ – Naga World FC

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់