អ៊ុក សុវណ្ណ ជុំវិញមូលហេតុវិសាខា ពិបាកប្រជែងពាន បើទោះបីមានសមាជិកក្រុមជម្រើសជាតិច្រើនក៏ដោយ

មាស សុផាណារ៉ុង May 20, 2020


 

ភ្នំពេញ៖ ក្លិបបាល់ទាត់វិសាខា បានចុះហត្ថលេខានាំយកកីឡាករឆ្នើមៗ របស់ក្រុមជម្រើសជាតិកម្ពុជា ជាច្រើនដូចជា កែវ សុខផេង, អ៊ិន សូដាវីត, អ៊ុក សុវណ្ណ, ស៊ីន កក្កដា អ្នកចាំទី កែវ សុខសិលា និងជាច្រើនទៀតនាប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែពួកគេនៅតែពិបាកក្នុងការព្យាយាមប្រជែងឯកពានរង្វាន់លីគកំពូលកម្ពុជា ជាលើកដំបូងរបស់ពួកគេ។

ទោះយ៉ាងណា អ៊ុក សុវណ្ណ បានចង្អុលបង្ហាញថាកីឡាករជម្រើសជាតិកម្ពុជា ដែលវិសាខាមាន គឺនៅក្មេងនៅឡើយ ហើយត្រូវការបទពិសោធន៍ខ្ពស់បន្ថែមទៀតដើម្បីជួយក្លិបប្រជែងយកជើងឯកលីគ។

ក្រុមរបស់ លោក Colum Curtis នៅមិនទាន់ចាប់ផ្តើមបានល្អ ដូចដែលក្រុមអ្នកគាំទ្ររបស់ពួកគេបានរំពឹងនៅឡើយ បន្ទាប់ពីត្រូវបានទទួលរងបរាជ័យពីគូប្រជែង ២ដងរួចមកហើយ ក្រោមថ្វីជើង ក្លិបបឹងកេត និងក្លិបកងយោធពលខេមរភូមិន្ទ (ទ័ព) ប៉ុន្តែខ្សែការពារវ័យ ២២ឆ្នាំរូបនេះជឿថាពួកគេនឹងកាន់តែប្រសើរឡើង ហើយឈានទៅសម្រេចគោលដៅរបស់ពួកគេនៅរដូវកាលនេះ។

ខ្សែការពាររូបនេះបានប្រាប់សារព័ត៌មាន camsports.org ថា៖ «គេនិយាយថា វិសាខាមានកីឡាករជម្រើសជាតិកម្ពុជាច្រើនណាស់ ពួកគេនិយាយត្រូវ។ ពួកគេក៏ត្រូវដឹងថាកីឡាករទាំងនេះនៅក្មេង ហើយត្រូវការបទពិសោធន៍ច្រើនទៀត។ ឥលូវនេះយើងមានកីឡាករដែលមានគុណភាពជាច្រើននៅក្នុងលីគ ទោះបីជាពួកគេខ្លះមិនទាន់លេងឲ្យក្រុមជម្រើសជាតិក៏ដោយ។ នេះធ្វើឲ្យយើងពិបាកក្នុងការប្រជែងជើងឯកលីគ ប៉ុន្តែខ្ញុំនៅតែជឿជាក់ថាយើងអាចសម្រេចវាបាននៅថ្ងៃណាមួយ។»

និយាយពីការរងបរាជ័យក្រោមថ្វីជើង ក្លិបបឹងកេត និងកងយោធពលខេមរភូមិន្ទ (ទ័ព) សុវណ្ណ បានបន្តថា៖ «ទាំងបឹងកេត និងទ័ព សុទ្ធតែជាក្រុមដ៏ល្អ ប៉ុន្តែក្នុងអំឡុងពេលប្រកួតយើងបានធ្វើកំហុសខ្លះៗដែលអាចឲ្យពួកគេទទួលបានពិន្ទុទាំងអស់។ យើងបានបង្កើតឱកាសជាច្រើន ប៉ុន្តែយើងមិនបានទាញយកប្រយោជន៍ពីឱកាសទាំងនោះទេ។ យើងបានខិតខំធ្វើការ ប៉ុន្តែលទ្ធផលមិនដើរផ្លូវជាមួយយើង។»

មានយោបល់ពីតំបន់ប្រយុទ្ធ ខ្សែការពារដែលលេងបានទាំង ការពារកណ្ដាល និងការពារស្ដាំ រូបនេះបញ្ជាក់ថា៖ «ខ្ញុំមិនគិតថាតំបន់ប្រយុទ្ធរបស់យើងមិនល្អទេ ដូច្នេះអ្នកត្រូវដឹងថាខ្សែការពារនៃគូប្រកួតរបស់អ្នក គឺអស្ចារ្យណាស់។ យើងមានខ្សែប្រយុទ្ធល្អៗជាច្រើនក្នុងតំបន់ប្រយុទ្ធរបស់យើង។ ខ្ញុំគិតថាការប្រយុទ្ធរបស់យើងនឹងកាន់តែប្រសើរឡើង។»

«ខ្ញុំមានជំនឿ និងការគាំទ្រយ៉ាងពេញទំហឹងចំពោះគ្រូបង្វឹក និងមិត្តរួមក្រុមរបស់ខ្ញុំ។ យើងទាំងអស់គ្នាខិតខំធ្វើការ និងមានការប្តេជ្ញាចិត្តខ្ពស់ចំពោះក្រុម។ នេះគ្រាន់តែជាការចាប់ផ្តើមនៃរដូវកាលនេះ ដូច្នេះសង្ឃឹមថាយើងអាចធ្វើបានល្អជាងនេះនៅក្នុងការប្រកួតបន្ទាប់ គ្រាដែលយើងកំពុងធ្វើការយ៉ាងខ្លាំង។» អ៊ុក សុវណ្ណ សង្គត់ធ្ងន់៕

 

រូបភាព៖ វិសាខា – Visakha Football Club

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់