ឈួត ស៊ិនទៀង ជុំវិញការខកខានមិនទាន់អាចរកគ្រាប់បាល់ឲ្យអគ្គិសនីកម្ពុជា ដើមរដូវកាលនេះ

មាស សុផាណារ៉ុង May 19, 2020


 

ភ្នំពេញ៖ ឈួត ស៊ិនទៀង មិនទាន់រកគ្រាប់បាល់បាននៅឡើយសម្រាប់ ក្លិបបាល់ទាត់អគ្គិសនីកម្ពុជា ក្នុងពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលនេះ ហើយរូបគេបានពន្យល់ពីការមិនអាចរកគ្រាប់បាលបាន ដោយសារតែកង្វះការងារជាក្រុមនៅមុខទីរបស់គូប្រកួត។

អតីតកីឡាករយុវជនរបស់ក្រុមបាល់ទាត់ភ្នំពេញក្រោន រូបនេះសប្បាយចិត្តជាមួយអគ្គិសនីកម្ពុជា ដែលជាកន្លែងដែលរូបគេទទួលបានឱកាសប្រកួតទៀងទាត់ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីមិត្តរួមក្រុម និងគ្រូបង្វឹកហើយរូបគេមានគម្រោងយូរអង្វែងក្នុងការស្នាក់នៅក្លិបនេះដដែល។

ខ្សែប្រយុទ្ធវ័យ ២១ឆ្នាំរូបនេះបានប្រាប់គេហទំព័រ camsports.org ថា៖ «វាមិនមែនជារឿងងាយស្រួលទេសម្រាប់ខ្ញុំក្នុងនាមជាកីឡាករវ័យក្មេងនៅក្នុងក្រុម ប៉ុន្តែក្លិបផ្តល់នូវការគាំទ្រយ៉ាងខ្លាំងដល់ខ្ញុំ។»

«ខ្ញុំដឹងថា ខ្ញុំពិបាកក្នុងការរកគ្រាប់បាល់ ហើយខ្ញុំជឿជាក់ថាយើងចាំបាច់ត្រូវកែលំអការងារជាក្រុមនៅមុខទីរបស់គូប្រកួត។ យើងមានកីឡាករវ័យក្មេងជាច្រើន ដូច្នេះយើងត្រូវការពេលវេលាបន្ថែមទៀតដើម្បីកែលម្អ។ ខ្ញុំនៅទីនេះជាងមួយឆ្នាំហើយ ប៉ុន្តែវាពិតជាប្រសើរណាស់ក្នុងការបានលេងជាទៀតទាត់នៅអគ្គិសនីកម្ពុជា។» ស៊ិនទៀង បានបន្ថែម។

អតីតសមាជិកជម្រើសជាតិយុវជនកម្ពុជា រូបនេះបន្តទៀតថា៖ «ខ្ញុំនៅក្មេង ហើយមានពេលច្រើនដើម្បីកែលម្អ ប៉ុន្តែវាមិនងាយស្រួលទេក្នុងការក្លាយជាខ្សែប្រយុទ្ធឆ្នើមនៅក្នុងប្រទេស។ ខ្ញុំមិនព្យាយាមរកគ្រាប់បាល់ដោយខ្លួនឯងទេ។ ខ្ញុំចូលចិត្តបញ្ជូនបាល់ទៅមិត្តរួមក្រុមរបស់ខ្ញុំ ដូច្នេះគ្រូបង្វឹក ក៏ដូចជាមិត្តរួមក្រុមតែងតែលើកទឹកចិត្តខ្ញុំឲ្យព្យាយាមស៊ុតគ្រប់ពេលដែលខ្ញុំមានឱកាស។»

ថ្លែងអំពីក្លិប ឈួត ស៊ិនទៀង បានលើកឡើងដូច្នេះថា៖ «ខ្ញុំសូមអរគុណដល់ក្លិប ពីព្រោះពួកគេបានគាំទ្រ និងផ្តល់អ្វីៗគ្រប់យ៉ាងដល់ខ្ញុំ ដូច្នេះខ្ញុំចង់នៅទីនេះច្រើនរដូវទៀតដើម្បីជួយពួកគេ។»

 

រូបភាព៖ Metfone Cambodian League

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់