ឈិន ឈឿន «ទំហំកាយសម្បទា មិនមែនជាបញ្ហាចោទច្រើននៅក្នុងបាល់ទាត់ឡើយ»

មាស សុផាណារ៉ុង May 18, 2020


 

ភ្នំពេញ៖ កីឡាករ ឈិន ឈឿន បង្ហើបថារូបគេធ្លាប់ទទួលការសើចចំអកខ្លះៗពីកម្ពស់របស់ខ្លួន ថាតូចពេកមិនអាចលេងបាល់ទាត់បាន ប៉ុន្តែខ្សែបម្រើព្រះខ័នរាជស្វាយរៀង បានបង្ហាញថាវាជាការគិតខុស ដើម្បីជោគជ័យក្នុងអាជីពបាល់ទាត់។

កីឡាករវ័យ ៣០ឆ្នាំរូបនេះបានអះអាងថា ការមានកាយសម្បទាល្អ គឺជាគុណសម្បត្តិ ប៉ុន្តែកីឡាករតូចៗអាចប្រើភាពវៃឆ្លាត ល្បឿន និងបច្ចេកទេសរបស់ពួកគេដើម្បីបង្កើនដល់កម្រិតនោះ។

ឈិន ឈឿន ដែលបានផ្ទេរពីទ័ព ទៅចូលរួមជាមួយព្រះខ័នរាជស្វាយរៀង គួរឲ្យភ្ញាក់ផ្អើល ក្នុងរដូវកាលនេះបានប្រាប់ camsports.org ថា៖ «ខ្ញុំតូច ដូច្នេះវាពិតជាលំបាកសម្រាប់ខ្ញុំក្នុងការប្រជែងបាល់ជាមួយគូប្រកួត ប៉ុន្តែយ៉ាងហោចណាស់ខ្ញុំមិនអនុញ្ញាតឲ្យពួកគេទៅមុខជាមួយនឹងបាល់បានយ៉ាងងាយស្រួលឡើយ។ ក្នុងស្ថានភាពខ្លះ ខ្ញុំអាចប្រើជំនាញរបស់ខ្ញុំដើម្បីឈ្នះបាល់ ប៉ុន្តែជាទូទៅវាពិបាកក្នុងការប្រជែងយកបាល់ពីលើអាកាស។»

«នៅក្នុងបាល់ទាត់ ប្រសិនបើអ្នកតូច អ្នកត្រូវមានភាពរហ័ស និងស្វាហាប់ ហើយអ្នកត្រូវមានជំនាញផ្ទាល់ខ្លួនល្អដើម្បីប្រកួតប្រជែងជាមួយកីឡាករដទៃទៀត។ ចំពោះខ្ញុំ ខ្ញុំតែងតែមិនយល់ស្របថាអ្នកត្រូវតែមានកាយសម្បទាល្អ ក្នុងការលេងបាល់ទាត់។ ប្រសិនបើអ្នកដឹងថាអ្នកតូច អ្នកត្រូវតែហ្វឹកហាត់ខ្លាំងជាងអ្នកដទៃ និងកែលម្អបច្ចេកទេសរបស់អ្នក។» ឈិន ឈឿន បានបន្ថែម។

អតីតសមាជិកក្រុមជម្រើសជាតិកម្ពុជា រូបនេះបន្តទៀតថា៖ «ខ្ញុំគិតថាទេពកោសល្យ គឺ ៧០% ហើយទំហំកាយសម្បទា គឺត្រឹមតែ ៣០% ប៉ុណ្ណោះ ដើម្បីទទួលបានជោគជ័យក្នុងវិស័យបាល់ទាត់។ មានអ្នកខ្លះបាននិយាយថាខ្ញុំតូចពេកក្នុងការលេងបាល់ទាត់ ប៉ុន្តែការពិតខ្ញុំតែងតែខិតខំនៅលើទីលាន។ ខ្ញុំប្រើល្បឿន និងបច្ចេកទេសរបស់ខ្ញុំ ដូច្នេះកីឡាករធំៗ មួយចំនួនពិបាកក្នុងការរារាំងខ្ញុំ។ បន្ថែមពីលើនេះអ្នកត្រូវលេងឆ្លាតវៃ។»

«ជាមួយនឹងបទពិសោធន៍របស់ខ្ញុំ ខ្ញុំធ្លាប់លេងជាមួយកីឡាករបរទេសដែលតូចជាងខ្ញុំ ប៉ុន្តែពួកគេមានជំនាញខ្ពស់។ ពួកគេមានទេពកោសល្យអស្ចារ្យ ដូច្នេះវាពិបាកសម្រាប់យើងក្នុងការប្រជែងយកបាល់ឈ្នះពួកគេ។ ទំហំកាយសម្បទា មិនមែនជាបញ្ហាចោទច្រើននៅក្នុងបាល់ទាត់ឡើយ។» ឈិន ឈឿន បានសង្គត់ធ្ងន់៕

 

រូបភាព៖ Preah Khan Reach Svay Rieng FC

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់