ស្ថាបនិក និងប្រធានក្លឹបភ្នំពេញក្រោន ឧបត្ថម្ភថវិកាជូនកាកបាទក្រហមកម្ពុជា
មាស សុផាណារ៉ុង May 17, 2020
ភ្នំពេញ៖ ស្ថាបនិក និងប្រធានក្លឹបភ្នំពេញក្រោន កាលពីពេលថ្មីៗនេះ បានធ្វើការឧបត្ថម្ភថវិកាជូនកាកបាទក្រហមកម្ពុជា ដល់កាកបាទក្រហមកម្ពុជាដើម្បីចូលរួមអបអរសាទរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា»។
តាមការបញ្ជាក់ដោយក្លឹប ឯកឧត្តមអ្នកឧកញ៉ា កុក អាន ស្ថាបនិកក្លឹបបាល់ទាត់ភ្នំពេញក្រោន ព្រមទាំងជាអគ្គនាយកកាស៊ីណូហ្គោលឌិនក្រោណ និងលោកជំទាវបានចូលរួមឧបត្ថម្ភថវិកាចំនួន ៥០,០០០ដុល្លារ (ប្រាំម៉ឺនដុល្លារអាមេរិក) និងលោកឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោន ព្រមទាំងជាអគ្គនាយកក្រុមហ៊ុន RSX Investment Co ., LTD និងលោកជំទាវបានចូលរួមឧបត្ថម្ភថវិកាចំនួន ៥០,០០០ដុល្លារ (ប្រាំម៉ឺនដុល្លារអាមេរិក) ដល់កាកបាទក្រហមកម្ពុជា។
គួររំលឹកថា កាលពីអំឡុងខែមីនាកន្លងទៅថ្មីៗនេះ ឯកឧត្តមអ្នកឧកញ៉ាកុក អាន រួមទាំងលោកជំទាវ លោកឧកញ៉ា ឬទ្ធី សំណាង ព្រមទាំងលោកជំទាវជាភរិយា និងក្រុមគ្រួសារក៏បានចូលរួមឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារជូនរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ដែលថវិកានេះនឹងត្រូវបានប្រើប្រាស់សម្រាប់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅកម្ពុជាផងដែរ។
ទាំងនេះគឺជាសកម្មភាពមនុស្សធម៌បន្ថែមពីលើការជ្រោមជ្រែងលើការកសាងធនធានកីឡាករ កីឡាការិនីបាល់ទាត់វ័យក្មេងដែលកំពុងទទួលបានការបណ្តុះបណ្តាលយ៉ាងសស្រាក់សស្រាំនៅក្នុងក្លឹបបាល់ទាត់ភ្នំពេញក្រោនផងដែរនោះ៕
អត្ថបទ៖ ណារ៉ុង