AFC U-19 Championship ជុំផ្ដាច់ព្រ័ត្រ ដែល U-19 កម្ពុជា ត្រៀមចូលរួមកំណត់កាលបរិច្ឆេទប្រកួត

មាស សុផាណារ៉ុង May 15, 2020


 

អាស៊ី៖ ការប្រកួតពានរង្វាន់ជើងឯកទ្វីបអាស៊ី អាយុក្រោម១៩ឆ្នាំ (AFC U-19 Championship 2020) ឆ្នាំ២០២០ បានកំណត់កាលបរិច្ឆេទប្រកួតជាផ្លូវការហើយ ពោលគឺទៅតាមផែនការក្នុងខែតុលា ដដែល។

តាមប្រតិទិនប្រកួតប្រចាំឆ្នាំរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) ពានរង្វាន់ដែល ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ ត្រៀមចូលរួមប្រកួតផងដែរនេះ គឺនឹងធ្វើឡើងនៅចន្លោះថ្ងៃទី១៤ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ នៅលើទឹកដីនៃប្រទេសអ៊ូបីគីស្ថាន។

សម្រាប់ការប្រកួតឆ្នាំ២០២០ នេះ ដែលជាលើកទី៤ សម្រាប់កម្ពុជា គឺនឹងត្រូវទៅចូលរួមការប្រកួតនៅប្រទេសអ៊ូបីគីស្ថាន ជាមួយក្រុមចំនួន ១៥ផ្សេងទៀតរួមមានម្ចាស់ផ្ទះ អ៊ូបីគីស្ថាន, កាតា, តាជីគីស្ថាន, អ៊ីរ៉ង់, បារ៉ែន, អារ៉ាប់ប៊ីតសាវឌីរ, ម៉ាឡេស៊ី, អូស្ត្រាលី, កូរ៉េខខាងត្បូង, ជប៉ុន, ឥណ្ឌូណេស៊ី, ឡាវ, វៀតណាម, យេមែន និងក្រុមចុងក្រោយ អ៊ីរ៉ាក់។

ចំពោះការប្រកួតជុំផ្ដាច់ព្រ័ត្រពានរង្វាន់ដដែលនេះនឹងមានការបែងចែកចេញជា ៤ពូល ក្នុងមួយពូលមាន ៤ក្រុម ផងដែរ ខណៈការចាប់ឆ្នោតបែងចែកពូលនឹងធ្វើឡើងនៅថ្ងៃទី១៨ ខែមិថុនា ខាងមុខនេះ។ យ៉ាងណាមិញពានរង្វាន់នេះ អាចនឹងមានការកែប្រែកម្មវិធីប្រកួតប្រសិនបើស្ថានភាពនៃជំងឺកូវីដ១៩ (COVID-19) នៅតែបន្តមានឥទ្ធិពលនៃការរីករាលដាលដល់ពេលនោះ។

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ ទទួលបានកៅអីឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រពានរង្វាន់ជើងឯកទ្វីបអាស៊ី អាយុក្រោម១៩ឆ្នាំ (AFC U-19 Championship 2020) នៅប្រទេសអ៊ូបីគីស្ថាន ឆ្នាំ២០២០ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររយៈពេល ៤៥ឆ្នាំចុងក្រោយ កាលពីចុងឆ្នាំ២០១៩ កន្លងទៅ បន្ទាប់ពីធ្វើការប្រកួតយ៉ាងស្វិតស្វាញ ក្នុងវគ្គជម្រុះ បន្ទាប់ពីឈរនៅលេខរៀងទី៥ ក្នុងនាមជាក្រុមលេខ ២ល្អប្រចាំពូល G និងត្រូវបានយកទៅប្រៀបធៀបជាមួយ ៦ក្រុមផ្សេងទៀត ហើយមានលទ្ធផលល្អជាង អាចមានឱកាសឡើងទៅជុំបន្ត ក្រោយកម្ពុជា រកបាន ៦ពិន្ទុ ក្នុងចំណោម ៣ប្រកួតដែលត្រូវយកមកគណនាពិន្ទុ ជាមួយនឹងគ្រាប់បាល់ ៣គ្រាប់ក្នុងដៃ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់