កែវ សុខសិលា អំពីការប្រជែងជើងឯកលីគរបស់វិសាខា «វាឆាប់ពេកហើយដែលត្រូវមើលរំលងយើង»

មាស សុផាណារ៉ុង May 14, 2020


 

ភ្នំពេញ៖ កែវ សុខសិលា ជឿជាក់ថាវាឆាប់ពេកហើយក្នុងការមើលរំលង ក្លិបវិសាខា អស់ឱកាសសម្រាប់ការប្រជែងជើងឯកពានរង្វាន់លីគកំពូលរដូវកាលនេះ ទោះបីពួកគេចាប់ផ្តើមមិនបានល្អក៏ដោយ។

ជាមួយនឹងការប្រកួតចំនួន ៥ប្រកួតកន្លងមក ក្លិបវិសាខា បានឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុងតារាងចំណាត់ថ្នាក់លីគ ខណៈដែលពួកគេរកបាន ៩ពិន្ទុ ហើយបានចាញ់ ១-០ ពីរដងដោយគូប្រជែងដ៏សំខាន់របស់ពួកគេ ក្លិបបឹងកេត និងកងយោធពលខេមរភូមិន្ទ (ទ័ព)។

ក្លិបវិសាខា ត្រូវបានគេមើលឃើញថាមានតារាឆ្នើមជាច្រើន ប៉ុន្តែនៅតែកំពុងប្រឹងប្រែងដណ្តើមជើងឯកលីគ ជាលើកដំបូងរបស់ពួកគេ ខណៈ កែវ សុខសិលា បានពន្យល់ថាក្រុមរបស់ខ្លួនចាំបាច់ត្រូវបង្កើនស្មារតីក្រុមរបស់ពួកគេ ដើម្បីធ្វើឲ្យពួកគេក្លាយបេក្ខភាពប្រជែងជើងឯកលីគពិតប្រាកដ។

អ្នកចាំទីជម្រើសជាតិកម្ពុជារូបនេះបានប្រាប់សារព័ត៌មាន camsports.org ថា៖ «ការប្រជែងជើងឯកមិនទាន់ចប់ទេ ហើយវាមិនមែនជាការគំរាមកំហែងដ៏ធំសម្រាប់យើងនោះទេ ព្រោះយើងទើបតែបានបញ្ចប់ការប្រកួតចំនួន ៥លើកប៉ុណ្ណោះ។»

«មានការប្រកួតជាច្រើនទៀតដែលត្រូវប្រកួត ប៉ុន្តែយើងត្រូវធ្វើបានល្អរាល់ការប្រកួតដែលនៅសល់។ យើងត្រូវតែចាប់ផ្តើមប្រមូល ៣ពិន្ទុពីការប្រកួតនីមួយៗ ហើយខ្ញុំប្រាកដថាយើងនៅតែមានក្តីសង្ឃឹមខ្ពស់ពីព្រោះវាទើបតែចាប់ផ្តើម – មិនទាន់ចប់នៅឡើយទេ។» អតីតសមាជិកភ្នំពេញក្រោន រូបនេះបានបន្ថែម។

កែវ សុខសិលា បានបន្តទៀតថា៖ «ក្រុមដែលមានកីឡាករឆ្នើមៗជាច្រើនតែងតែមិនអាចឈ្នះពានរង្វាន់បាន ព្រោះត្រូវការស្មារតីក្រុមខ្លាំងដើម្បីដណ្តើមពាន។»

«បទពិសោធអាចជាផ្នែកមួយដែលធ្វើឲ្យយើងតានតឹងក្នុងការឈ្នះពាន។ យើងមានកីឡាករវ័យក្មេងជាច្រើនដែលមិនមានពេលវេលាលេងគ្រប់គ្រាន់ដើម្បីទទួលបានបទពិសោធន៍ក្នុងលីគ ដូច្នេះវាពិបាកក្នុងការប្រជែងដណ្តើមជើងឯកជាមួយក្លិបធំដទៃទៀតដែលមានបទពិសោធច្រើនជាងយើង។ ខ្ញុំគិតថាវាមិនចំណាយពេលច្រើនពេកទេសម្រាប់ពួកយើងក្នុងការឈ្នះពាន ប្រសិនបើយើងម្នាក់ៗប្រឹងប្រែងផ្តល់ឲ្យនូវអ្វីៗទាំងអស់ ហើយប្រាកដណាស់យើងត្រូវការស្មារតីក្រុមដ៏អស្ចារ្យដើម្បីសម្រេចវា។» កែវ សុខសិលា សង្កត់ធ្ងន់៕

 

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់