Mothusi Gopane ជុំវិញបឹងកេត ក្នុងការប្រជែងជើងឯក៖ «យើងត្រូវទុកគ្រប់ការប្រកួតដូចនៅក្នុងវគ្គផ្ដាច់ព្រ័ត្រ»

មាស សុផាណារ៉ុង May 13, 2020


 

ភ្នំពេញ៖ កីឡាករ Mothusi Gopane បាននិយាយថា បឹងកេតត្រូវតែទុកគ្រប់ការប្រកួតទាំងអស់ជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ សម្រាប់ការប្រកួតដណ្តើមជើងឯកពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលនេះ។

បឹងកេត ដែលនៅសល់ ១ប្រកួតនៅក្នុងដៃ កំពុងឈរនៅចំណាត់ថ្នាក់លេខ៥ ក្នុងតារាងចំណាត់ថ្នាក់នៃលីគ និងមាន ៥ពិន្ទុនៅពីក្រោយក្រុមកំពូលតារាង ភ្នំពេញក្រោន បន្ទាប់ពីពួកគេទទួលបានជ័យជម្នះ ២លើក និងស្មើ ២លើក ពីការប្រកួតបើកឆាកចំនួន ៤ដងរបស់ពួកគេ។

កីឡាករ Mothusi Gopane ដែលបានចូលរួមជាមួយបឹងកេតនៅរដូវកាលនេះ បានធ្វើឱ្យមានការចាប់អារម្មណ៍ចំពោះប្រវត្តិក្លិបខណៈដែលពួកគេឈ្នះជើងឯកលីគ ៣ដង។ ខ្សែបម្រើសញ្ជាតិអាហ្រ្វិកខាងត្បូងរូបនេះ ក៏ថ្លែងអំណរគុណដល់គណៈគ្រប់គ្រងក្លិបបឹងកេត និងមិត្តរួមក្រុមដែលបានជួយជ្រោមជ្រែង ជួយគាត់ក្នុងការសម្របខ្លួនយ៉ាងឆាប់រហ័សក្នុងលីគ។

កីឡាករវ័យ ២៨ឆ្នាំដែលរកបានមួយគ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទី (assist) បាន ៣ដង ក្នុងការបង្ហាញខ្លួន ៤លើករបស់គេ ឲ្យបឹងកេត បានប្រាប់សារព័ត៌មាន camsports.org ថា៖ «យើងបានធ្វើការជាក្រុម ហើយយើងមានការចាប់ផ្តើមល្អ។ យើងគ្រាន់តែត្រូវថែរក្សា និងបន្តកន្លែងដែលយើងកំពុងធ្វើ ហើយយកការប្រកួតនីមួយៗជាការប្រកួតផ្តាច់ព្រ័ត្រ។»

«បឹងកេតគឺជាក្រុមដ៏ល្អមួយ ដែលមានប្រវត្តិល្អ ហើយនោះជាការទាក់ចិត្តលើកដំបូងក្នុងការចូលរួមជាមួយក្រុមល្អ ដែលពោរពេញទៅដោយការគ្រប់គ្រងល្អ ហើយវាពិតជាងាយស្រួលសម្រាប់ខ្ញុំក្នុងការលេងក្នុងលីគនេះ។ លីកនៅទីនេះមានការប្រកួតប្រជែង និងគួរឲ្យចាប់អារម្មណ៍ណាស់ ហើយខ្ញុំរីករាយនឹងបាល់ទាត់របស់ខ្ញុំ។»

«សូមអរគុណគ្រូបង្វឹក ដែលបានផ្តល់ឱកាសឲ្យខ្ញុំក្លាយជាផ្នែកមួយនៃបឹងកេត ហើយខ្ញុំបានសម្របខ្លួនយ៉ាងល្អជាមួយនឹងការគាំទ្រពីមិត្តរួមក្រុមរបស់ខ្ញុំ។» សម្ដីរបស់ Mothusi Gopane៕

 

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់