Jonathan Campbell ជុំវិញលីគកំពូលកម្ពុជា គួរតែបន្ត ឬក៏អត់

មាស សុផាណារ៉ុង May 12, 2020


 

ភ្នំពេញ៖ ខ្សែការពារព្រះខ័នរាជស្វាយរៀង Jonathan Campbell សង្ឃឹមថាលីគកំពូលកម្ពុជា នឹងចាប់ផ្តើមឡើងវិញក្នុងពេលឆាប់ៗនេះ ប៉ុន្តែគេថានៅតែធ្វើតាមសេចក្តីសំរេច និងការណែនាំរបស់រាជរដ្ឋាភិបាល ពីក្រសួងសុខាភិបាល គឺចាំបាច់ព្រោះគេជឿជាក់ថាគ្មានអ្វីខ្ពស់ជាងជីវិតឡើយ។

ពានរង្វាន់លីគកំពូលកម្ពុជា ត្រូវបានផ្អាកដោយសារជំងឺកូវីដ-១៩ រាតត្បាត បន្ទាប់ពីប្រកួតបានត្រឹមសប្តាហ៍ទី៥ ប៉ុន្តែថ្មីៗនេះក្រសួងសុខាភិបាល បានរាយការណ៍ថាមិនមានករណីវិជ្ជមានថ្មីសម្រាប់រយៈពេលជិតមួយខែ ហើយដែលអ្នកជំងឺ ១២១ នាក់ក្នុងចំណោម ១២២ នាក់បានជាសះស្បើយ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នេះ។

ជាមួយនឹងភាពប្រសើរឡើងនៃស្ថានភាពជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ អ្នកគ្រប់គ្នាដែលជាប់ទាក់ទងនឹងបាល់ទាត់កំពុងទន្ទឹងរង់ចាំការអនុញ្ញាតពីរដ្ឋាភិបាលកម្ពុជា ដើម្បីចាប់ផ្តើមបាល់ទាត់ឡើងវិញ។

Jonathan Campbell បានប្រាប់សារព័ត៌មាន camsports.org ថា៖ «ខ្ញុំគិតថាគ្រប់គ្នាមានមតិខុសគ្នា ប៉ុន្តែខ្ញុំជឿជាក់ថាវាគួរតែចាប់ផ្តើមផ្តល់ការកម្សាន្តដល់ប្រជាជន បើទោះបីជាការប្រកួតបិទទ្វារក៏ដោយ។ ជាការពិត វិធានការប្រុងប្រយ័ត្ននឹងត្រូវធ្វើឱ្យបានម៉ឺងម៉ាត់ដែលនឹងការពារកីឡាករ បុគ្គលិក អ្នកគាំទ្រ ។ល។ យ៉ាងណាក៏ដោយខ្ញុំគាំទ្រការសម្រេចចិត្តរបស់រដ្ឋាភិបាល។ អ្វីដែលពួកគេសម្រេចចិត្ត ពីព្រោះពួកគេមានការណែនាំប្រកបដោយវិជ្ជាជីវៈពីក្រសួងសុខាភិបាល ឬក៏អ្វីលើសពីនេះ ហើយខ្ញុំជឿជាក់ថាសុខភាព និងសុវត្ថិភាពរបស់មនុស្សគ្រប់គ្នាគឺជាអាទិភាពចំបង។»

ជុំវិញរបៀបដែលកីឡាករអាជីពត្រូវប្រកាន់ខ្ជាប់ ក្នុងដំណាក់កាលបែបនេះ កីឡាករសញ្ជាតិអាមេរិក រូបនេះបន្តថា៖ «ខ្ញុំគិតថា ក្នុងនាមជាកីឡាករបាល់ទាត់អាជីពនៅក្នុងអំឡុងពេលនេះអ្នកទាំងអស់គ្នាគួរតែរក្សាកាយសម្បទាអោយបានសមរម្យតាមដែលអាចធ្វើទៅបាន។ បន្ទាប់មកអ្វីដែលអ្នកត្រូវធ្វើគឺត្រលប់មកវិញនូវកាយសម្បទាល្អ និងបច្ចេកទេសរបស់អ្នក។ ល។ យើងបានខិតខំធ្វើការខ្លាំងក្នុងអំឡុងការរាតត្បាតទាំងមូល ដូច្នេះរាល់ពេលដែលលីគសម្រេចចិត្តបន្ត យើងនឹងត្រៀមខ្លួនសម្រាប់វាទាំងផ្លូវចិត្ត និងរាងកាយ។»

«ស្ថានភាពរបស់ខ្ញុំល្អណាស់ ប៉ុន្តែថ្មីៗនេះខ្ញុំមានរបួសបន្តិចបន្តួច ដូច្នេះពេលនេះខ្ញុំមិនប្រាកដទេ។ ជាមួយ ព្រះខ័នរាជស្វាយរៀង យើងទាំងអស់គ្នាមានវិន័យយ៉ាងខ្លាំងក្នុងការបន្ដហ្វឹកហាត់ពីផ្ទះ ដូច្នេះយើងបានត្រៀមខ្លួនរួចជាស្រេចនៅពេលលីគបន្ត។ យើងមានកីឡាករដែលមានមហិច្ឆិតាជាច្រើនដែលមិនអាចរង់ចាំលីគត្រឡប់មកវិញបាន។» Jonathan Campbell សង្គត់ធ្ងន់៕

 

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់