លោក ភា សុភ័ក្ដ្រា ប្រាប់ហេតុផលលាឈប់ពីក្រុមជម្រើសជាតិកម្ពុជា

មាស សុផាណារ៉ុង May 11, 2020


 

ភ្នំពេញ៖ លោក ភា សុភ័ក្ដ្រា បានប្រកាសលាឈប់ពីគ្រូជំនួយក្រុមជម្រើសជាតិកម្ពុជាហើយ តែលោកថា មិនមានបញ្ហាអ្វីនោះទេ ក្រៅពីហេតុផលផ្ទាល់ខ្លួន អំឡុងពេលសកម្មភាពបាល់ទាត់មានសភាពស្ងប់ស្ងាត់ពេក ដោយសារការរីករាលដាល នៃជំងឺកូវីដ-១៩ (COVID-19) ។ នេះបើតាមការបញ្ជាក់របស់សាមីខ្លួន នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ។

គ្រូបង្វឹកកម្រិត A-License និយាយថា៖ «នេះជាហេតុផលផ្ទាល់ខ្លួនមួយ ហើយក៏ពាក់ព័ន្ធរឿងអារម្មណ៍ដែរ ដោយសារសកម្មភាពបាល់ទាត់ស្ងប់ស្ងាត់ពេក ។ ធម្មតាយើងមានសកម្មភាព ដូចជាការហ្វឹកហាត់ ការធ្វើរបាយការណ៍កីឡាករ និងតាមដានការប្រកួតជាដើម តែដល់ស្ងប់ស្ងាត់ពេក ខ្ញុំអត់សូវចូលចិត្ត ។ ម្យ៉ាងជាមនុស្សអត់ទម្លាប់ចូលចិត្តធ្វើការនៅ Office ។ ដល់អញ្ចឹងទៅ យើងក៏ Stress ពេក យើងគិតថា ពេលវេលានេះ បាល់ទាត់អត់អាចជួយអ្វីយើងបាន ហើយក៏អត់ចូលចិត្តថា ទៅអង្គុយតែចាំយកប្រាក់ខែ មិនធ្វើអ្វីសោះ ដល់អញ្ចឹងក៏សម្រេចចិត្តសុំគេឈប់ ។ អត់មានបញ្ហាអ្វីក្រៅពីហ្នឹងទេ…» ។

អតីតគ្រូបង្គោលក្លិបក្រសួងការពារជាតិដដែល បន្ថែមថា បន្ទាប់ពីសម្រេចចិត្តលាឈប់ លោកមិនទាន់មានគោលដៅចង់ធ្វើអ្វីឲ្យប្រាកដទេ តែលោកនឹងបន្ដការងារ ដែលលោកធ្លាប់ធ្វើក្នុងពេលតែមួយ ដូចជាថតកម្មវិធីទូរទស្សន៍ និងការគ្រប់គ្រងហាងកាហ្វេ ។ ជុំវិញព័ត៌មានដ៏រសើបនេះដែរ លោក Keisuke Honda អ្នកចាត់ការទូទៅ និងលោក Felix G-Dalmas គ្រូបង្គោលក្រុមគោព្រៃកម្ពុជា ក៏ទើបទទួលបានព័ត៌មាន និងភ្ញាក់ផ្អើលដែរ បន្ទាប់ពីលោកធ្លាប់បង្ហើបចង់សម្រាកពីការងារជម្រើសជាតិ កាលពីចុងខែមីនា មុនដាក់ពាក្យឈប់ នៅដើមខែមេសា កាលពីថ្មីៗ ។

ដោយឡែកឆ្លើយនឹងសំណួរ បើសិនលោក Honda ឬលោក Felix ស្នើឲ្យលោកទៅជួយការងារជម្រើសជាតិវិញ តើលោកនឹងគិតយ៉ាងណា? លោក ភា សុភ័ក្ដ្រា បញ្ជាក់ថា «ខ្ញុំអត់ទាន់ច្បាស់លាល់រឿងហ្នឹងដែរ ព្រោះធម្មតាអំឡុងពេលនេះ វាជាការសម្រេចចិត្តឈប់អញ្ចឹង ដល់ពេលអញ្ចឹង មិនប្រាកដថា អាចនឹងមានការស្នើសុំបន្ដទៀត ឬក៏យ៉ាងណា ព្រោះអ្វីៗយើងមើលអត់ទាន់ដឹង ចឹងខ្ញុំអត់អាចហ៊ានសន្និដ្ឋានបាន ។ អំឡុងពេលហ្នឹង ប្រសិនខ្ញុំអាចទៅធ្វើកន្លែងណាមួយ ដែលខ្ញុំអាចធ្វើការបាន ខ្ញុំក៏សម្រេចចិត្តផ្ទាល់ផ្សេងដែរ ។ ម្យ៉ាងក៏អាស្រ័យចាំមើលសកម្មភាពបាល់ទាត់ចាប់ផ្ដើមឡើងវិញដែរ ដើម្បីខ្ញុំសម្រេចចិត្តបន្ដ» ។

សូមរំឭកថា លោក ភា សុភ័ក្ដ្រា ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំក្រុមជម្រើសជាតិកម្ពុជា តែងតាំងជាគ្រូជំនួយក្រុមគោព្រៃ កាលពីដើមខែមិថុនា ឆ្នាំ២០១៩ ដើម្បីរួមចំណែកដឹកនាំក្រុមគោព្រៃកម្ពុជា ចូលរួមប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា និងព្រឹត្តិការណ៍សំខាន់ៗមួយចំនួនទៀត ដូចជាការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីន កាលពីចុងឆ្នាំ២០១៩ ដែលកម្ពុជា បានបង្កើតប្រវត្តិសាស្ដ្រឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងដណ្ដើមបានចំណាត់ថ្នាក់លេខ៤ លើកដំបូង ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់