Paulo Victor ជុំវិញភ្នំពេញក្រោន អាចបន្តរក្សាទម្រង់លេងដដែល ប្រសិនបើបាល់ទាត់ត្រឡប់មកវិញ

មាស សុផាណារ៉ុង May 11, 2020


 

ភ្នំពេញ៖ កីឡាករ Paulo Victor បានពន្យល់ពីរបៀបដែលភ្នំពេញក្រោន ទំនងជាអាចរក្សាទម្រង់លេងរបស់ពួកគេប្រសិនបើការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា បន្តសារជាថ្មីវិញ។

ក្រុមរហស្សនាមសឹង្ហក្រហម ឈរនៅលើកំពូលតារាងនៃលីគ បន្ទាប់ពីចាប់ផ្តើមដ៏អស្ចារ្យ ខណៈដែលពួកគេប្រមូលបាន ១៣ពិន្ទុ ពីការប្រកួត ៥លើករបស់ពួកគេ និងមិនទាន់របូតគ្រាប់បាល់សូម្បីតែមួយគ្រាប់នៅរដូវកាលនេះ។

ក្រុមមានមូលដ្ឋាននៅភ្នំពេញមួយនេះ បង្ហាញជាថ្មីម្តងទៀតថាពួកគេមានសមត្ថភាពក្នុងការប្រជែងតំណែងជើងឯក បន្ទាប់ពីខកខានអស់រយៈពេល ៤រដូវជាប់ៗគ្នា ប៉ុន្តែក្តីសុបិន្តនៃពានរង្វាន់របស់ពួកគេត្រូវបានរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។

ពានរង្វាន់លីគកំពូលកម្ពុជា ត្រូវបានផ្អាកដោយមិនទាន់កំណត់កាលបរិច្ឆេទវិលត្រឡប់ជាក់លាក់ដោយសារជំងឺកូវីដ-១៩ រាតត្បាត ហើយក្រុមនីមួយៗមិនត្រូវបានអនុញ្ញាតឲ្យហ្វឹកហាត់ជាក្រុមឡើយ។ ដូច្នេះ កីឡាករម្នាក់ៗបានហ្វឹកហាត់រៀងៗខ្លួន ដើម្បីឲ្យពួកគេអារក្សាកាយសម្បទា។

ទោះបីជាគ្មានការហ្វឹកហាត់ជាក្រុមអស់រយៈពេលជាច្រើនសប្តាហ៍ក៏ដោយ Paulo Victor នៅតែជឿជាក់ថា មិត្តរួមក្រុមរបស់គេ ហើយខ្លួនគេផ្ទាល់ ត្រូវការវគ្គហ្វឹកហាត់ខ្លះៗជាមួយគ្នាដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួត ប្រសិនបើបាល់ទាត់ត្រឡប់មកវិញ។

Paulo Victor បានប្រាប់សារព័ត៌មាន camsports.org ថា៖ «ខ្ញុំមានសុខភាពល្អ ហើយចាប់តាំងពីលីគបានឈប់ ខ្ញុំបានបន្តការហ្វឹកហាត់ និងមានរបបអាហារត្រឹមត្រូវ។ ខ្ញុំពិតជាមានអារម្មណ៍ល្អ ហើយខ្ញុំនឹងបន្តរៀបចំរហូតដល់លីគត្រឡប់មកវិញ ហើយត្រៀមខ្លួនសម្រាប់គោលដៅរបស់ខ្ញុំ ជាមួយក្រុមខ្ញុំ។ ខ្ញុំគិតថាប្រសិនបើយើងមានការហ្វឹកហាត់ខ្លះជាមួយបាល់ រួមជាមួយគ្នាជាក្រុមយើងនឹងត្រៀមខ្លួនរួចរាល់។»

Paulo Victor បានបន្ថែមថា៖ «ខ្ញុំពិតជាសប្បាយចិត្ត និងមានការតាំងចិត្ត នៅក្នុងស្ថានភាពបច្ចុប្បន្ន ប៉ុន្តែការដែលមិនធ្វើអ្វីដែលយើងស្រលាញ់ជាងគេ គឺជារឿងដ៏អាក្រក់។»

«ខ្ញុំគិតថា ការត្រៀមមុនរដូវកាលថ្មី គឺពិតជាសំខាន់ណាស់ នៅពេលដែលយើងមិនមានសកម្មភាពរាងកាយអស់រយៈពេលជាយូរមកហើយ ប៉ុន្តែនៅក្នុងស្ថានភាពនេះ វាមិនចាំបាច់ទេ ពីព្រោះក្រុមរបស់ខ្ញុំ និងខ្ញុំ បានបន្តធ្វើការយ៉ាងខ្លាំងចាប់តាំងពីលីគត្រូវបានផ្អាក ដូច្នេះយើងគ្រាន់តែត្រូវការការហ្វឹកហាត់ខ្លះៗ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួត។» កីឡាករសញ្ជាតិប្រេស៊ីល រូបនេះសង្គត់ធ្ងន់៕

 

រូបភាព៖ ភ្នំពេញក្រោន – Phnom Penh Crown FC

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់