អ្នកចាំទីដៃទី៣ គង់ ភ័ត្រា ស្គាល់បាល់ទាត់កាន់តែច្បាស់ ក្រោយឡើងក្រុមធំវិសាខា

មាស សុផាណារ៉ុង May 11, 2020


 

ភ្នំពេញ៖ អតីតអ្នកចាំទីក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី គង់ ភ័ត្រា បានសម្ដែងការពេញចិត្ត ក្រោយបានសម្រេចក្ដីស្រម៉ៃឡើងលេងក្រុមធំវិសាខា ដែលធ្វើឲ្យគេទទួលបានបទពិសោធន៍ល្អៗ ពិសេសស្គាល់បាល់ទាត់កាន់តែច្បាស់។ នេះបើតាមការបញ្ជាក់លើបណ្ដាញសង្គមផ្លូវការរបស់ក្រុមជើងឯករងឆ្នាំចាស់ កាលពីពេលថ្មីៗនេះ។

ភ័ត្រា បាននិយាយថា៖ «ក្ដីស្រម៉ៃរបស់ខ្ញុំ ក្រោយចូលរួមជាមួយយុវជន U-17 វិសាខា ខ្ញុំដាក់គោលដៅ ១ឆ្នាំកន្លះ ដើម្បីឡើងមកក្រុមធំ តែបានត្រឹម ១ឆ្នាំ ខ្ញុំបានសម្រេចក្ដីស្រម៉ៃនេះ។ ខ្ញុំពិតជាសប្បាយចិត្ត សំខាន់បានធ្វើឲ្យខ្ញុំទទួលបាននូវបទពិសោធន៍ល្អៗច្រើន ព្រោះមានការប្រកួតប្រជែងច្រើនជាងមុន ពោលគឺធ្វើឲ្យខ្ញុំបានស្គាល់កាន់តែច្បាស់ថា អ្វីទៅជាបាល់ទាត់។»

សមាជិកក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជាដដែល បន្ដថា ទោះបីមិនទាន់បានបង្ហាញខ្លួនក្នុងការប្រកួតផ្លូវការ តែរូបគេនៅតែសប្បាយចិត្ត ចំពោះការទទួលបានចំណេះដឹងល្អៗជាច្រើនពីក្រុម ពិសេសរាមច្បង កែវ សុខសិលា និង ជា វណ្ណសាក់។ ភ័ត្រា បន្ថែមថា៖ «និយាយរួមមួយរយៈពេលខ្លីនេះ ទោះបីខ្ញុំមិនទាន់បានបង្ហាញខ្លួនក្នុងការប្រកួតផ្លូវការក៏ពិតមែន តែខ្ញុំសប្បាយចិត្ត ព្រោះខ្ញុំសង្កេតឃើញសមត្ថភាពខ្ញុំរីកចម្រើនច្រើនជាងមុន។»

គួរដឹងថា គង់ ភ័ត្រា មុនឡើងក្រុមធំវិសាខា គេធ្លាប់បានចំណាយពេលជាច្រើនឆ្នាំ នៅមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទី រហូតដល់ចុងឆ្នាំ២០១៨ ទើបរូបគេផ្ទេរមកក្លិបវិសាខា ដោយចូលរួមជាមួយក្រុមយុវជនអាយុក្រោម ១៧ឆ្នាំ។ ក្រោយមកដោយមើលឃើញសមត្ថភាពកីឡាករវ័យក្មេងរូបនេះ ទើបវិសាខា ដំឡើងរូបគេមកលេងក្រុមធំ ជំនួសកៅអីអ្នកចាំទី គង់ ពីលត់ ដែលក្លិបប្រកាសចែកផ្លូវ កាលពីខែសីហា ឆ្នាំ២០១៩៕

 

រូបភាព៖ វិសាខា

អត្ថបទ៖ បុត្រា

មតិយោបល់