ឃឹម បូរី ៖ កត្ដា ៣ចំណុច ដែលកីឡាករអាជីពត្រូវមាន មិនអាចខ្វះបាន

មាស សុផាណារ៉ុង May 8, 2020


 

ភ្នំពេញ៖ ខ្សែប្រយុទ្ធចាស់វស្សា ឃឹម បូរី បានចែករំលែកនូវបទពិសោធន៍ ៣ចំណុចសំខាន់ៗ ដែលកីឡាករអាជីពត្រូវមាន និងមិនអាចខ្វះបាន រួមមានការហូបចុក ការហ្វឹកហាត់ និងការសម្រាក។

សមាជិកក្រុមណាហ្គាវើលដ៏ខាងលើ បន្ដថា កត្ដាសំខាន់ទាំង ៣ ត្រូវដើរទន្ទឹមគ្នា ដោយមិនអាចបាត់បង់មួយណាបានឡើយ។ ហេតុនេះ ក្នុងនាមកីឡាករអាជីព ត្រូវមានរៀបចំផែនការឲ្យបានច្បាស់លាស់ ដើម្បីធានាបាននូវគុណភាព សម្រាប់ហ្វឹកហាត់ និងប្រកួតលើទីលាន ដូចជាកការហូបចុកឲ្យបានទៀងទាត់ និងសម្រាកឲ្យបានទៀងទាត់ជាដើម។

កីឡាករវ័យ ៣៤ឆ្នាំ ឃឹម បូរី បន្ថែមថា ដោយសារកត្ដាទាំងនេះ ទើបធ្វើឲ្យខ្លួនរក្សាបានកៅអីក្នុងក្លិប ទោះមានវ័យជ្រេបន្ដិចក្ដី។ ម្យ៉ាងវិញទៀត ក៏ទាមទារឲ្យមានការហ្វឹកហាត់បន្ថែមដោយខ្លួនឯង ជាប្រចាំផងដែរ ។ ចំពោះអាហារ ៣ពេលប្រចាំថ្ងៃ ត្រូវញាំអាហារណា ដែលផ្ដល់នូវជាតិវីតាមីន ឬប្រតេអ៊ីន ដល់ខ្លួនក្នុងនាមជាកីឡាករ ដើម្បីមានកម្លាំងគ្រប់គ្រាន់ សម្រាប់ធ្វើការហ្វឹកហាត់ និងការប្រកួតនានា។

អតីតម្ចាស់ស្បែកជើងមាសលីគ ឆ្នាំ២០០៨ បានឲ្យឧទាហរណ៍ថា៖ «ក្នុងអាទិត្យហ្នឹង ខ្ញុំត្រូវប្រកួតម៉ោង ៦ល្ងាច អញ្ចឹងខ្ញុំត្រូវរៀបចំផែនការក្នុងសប្ដាហ៍ហ្នឹង ខ្ញុំត្រូវក្រោកញាំអាហារពេលព្រឹកម៉ោង ៩ និងញាំអាហារថ្ងៃត្រង់ម៉ោង ១២កន្លះ ទៅម៉ោង ១ ហើយពេលទៅដល់កីឡដ្ឋានម៉ោង ៣ ខ្ញុំត្រូវញាំអាហារសម្រន់ សម្រាប់ផ្ទុកត្រៀមរហូតដល់ម៉ោងប្រកួត ហើយមុនចាប់ផ្ដើមចូលទីលាន យើងត្រូវញាំអាហារសម្រន់បន្ដិចបន្ដួចដែរ ដូចជាចាហ៊ួយជាដើម។»

គួរបញ្ជាក់ថា ឃឹម បូរី បានផ្ដើមអាជីពបាល់ទាត់ដំបូង កាលពីឆ្នាំ២០០៧ ជាមួយក្លិបក្រសួងការពារជាតិ មុនផ្ទេរទៅក្លិបភ្នំពេញក្រោន ចន្លោះឆ្នាំ២០១០ ដល់ឆ្នាំ២០១៥ ហើយផ្ទេរទៅលេងឲ្យក្លិប Sisaket របស់ថៃមួយរយៈ ។ បន្ទាប់មកទើបកីឡាករមានដើមកំណើតពីខេត្តតាកែវ ផ្ទេរមកលេងឲ្យក្លិបណាហ្គាវើលដ៏ នៅឆ្នាំ២០១៥ មកទល់បច្ចុប្បន្ន៕

 

អត្ថបទ៖ បុត្រា

មតិយោបល់