បាល់ទាត់កម្ពុជា អាចបន្តវិញបាន លុះត្រាតែការជួបជុំមានការបើកចំហជាថ្មី

មាស សុផាណារ៉ុង May 7, 2020


 

ភ្នំពេញ៖ លោក កែវ សារ៉េត អគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហើបឲ្យដឹងថា ការប្រកួតពានរង្វាន់បាល់ទាត់នៅកម្ពុជា គ្រប់កម្មវិធីអាចបន្តវិញបាន លុះត្រាតែការជួបជុំមានការបើកចំហជាថ្មី។ នេះបើយោងតាមការថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីអំពីការបញ្ឈប់ អតីត និងមន្ត្រីនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ៤រូប កាលពីរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០។

ឆ្លើយតបដោយឡែកជុំវិញករណីពានរង្វាន់បាល់ទាត់ក្នុងស្រុក ដែលមានដូចជាពានរង្វាន់លីគកំពូលកម្ពុជា ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងពានរង្វាន់ជម្រើសជើងឯកយុវជន អាយុក្រោម ១៦ឆ្នាំ និង១៨ឆ្នាំ អាចនឹងបន្តនៅពេលណា? លោកបានឆ្លើយតបថាអាចបន្តវិញបាន លុះត្រាតែការជួបជុំមានការបើកចំហជាថ្មី នេះបើយោងលើស្មារតីរបស់ គណៈកម្មការប្រតិបត្តិ នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

លោក កែវ សារ៉េត បានលើកឡើងថាដូច្នេះថា៖ «យើងបានផ្ដល់ជូនគណៈកម្មការប្រតិបត្តិ ហើយលោកបានពិគ្រោះពិភាក្សាគ្នារួចហើយផងដែរ ហើយជាសំណួរ ដែលគណៈកម្មការប្រតិបត្តិលោកពិបាកឆ្លើយ ប៉ុន្តែទោះបីពិបាកយ៉ាងណាក៏ដោយ ក៏លោកបានឆ្លើយជាផ្លូវការនៅក្នុងអង្គប្រជុំរបស់គណៈកម្មការប្រតិបត្តិ ថ្មីៗនេះហើយផងដែរ គឺពីព្រោះយើងត្រូវមានត្រីវិស័យចង្អុលបង្ហាញពីក្រសួងសុខាភិបាល ក៏ជាតំណាងឲ្យរាជរដ្ឋាភិបាលដែរ ហើយជាពិសេសកីឡាយើងហ្នឹង ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យើងក៏រង់ចាំពិនិត្យស្ថានភាពរបស់ក្រសួងអប់រំដែរ ថាតើសិស្សានុសិស្ស ត្រលប់មកចូលរៀននៅពេលណា តើការធ្វើដំណើរជាទូទៅចំហរពេលណា ការជួបជុំគ្នាច្រើនចំហរពេលណា ពេលនោះទើបលីគក៏ដោយ ពានសម្តេចតេជោ ហ៊ុន សែន ក៏ដោយ ពានយុវជនគ្រប់បែបគ្រប់យ៉ាង ចាប់ផ្ដើមឡើងវិញ នេះគឺចម្លើយផ្លូវការមួយ ដែលគណៈកម្មការប្រតិបត្តិលោកបានពិគ្រោះគ្នាហើយ ហើយឯកភាពជាឯកច្ឆ័ន។»

លោក កែវ សារ៉េត ក្នុងមហាសន្និបាទសហព័ន្ធ កាលពីឆ្នាំ២០១៩

លោកបានបន្ថែមថា៖ «យើងមិនមែនប្រងើយកន្តោយ គិតតែខ្លួនឯង នៅក្នុងប្រទេសទេ គឺយើងកំពុងតាមដានស្ថានការណ៍ជុំវិញដែរ ដូចជានៅ សិង្ហបុរី, ថៃ, វៀតណាម ឬក៏នៅប្រទេសណាដែលនៅអាស៊ានដូចគ្នា ថាតើគេចាប់ផ្ដើមពេលណាដែរ…។»

គួរបញ្ជាក់ថា ការប្រកួតលីគកំពូលកម្ពុជា បានបញ្ចប់សប្តាហ៍ទី៥ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២០ កន្លងមក ខណៈក្រោយមកដោយស្ថានការណ៍នៃជំងឹថ្មីកាន់តែមានភាពកើនឡើងនៅកម្ពុជា ទើបសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា សម្រេចពន្យាពេលប្រកួតជាបណ្ដោះអាសន្នរហូតដល់បច្ចុប្បន្ននេះ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់