លោក Conor Nestor ជុំវិញករណីដែលអ្នកចាំទី អាចជួយក្រុមឲ្យឈ្នះពាន

មាស សុផាណារ៉ុង May 7, 2020


 

ភ្នំពេញ៖ អ្នកចាំទី អាចជាកីឡាករដែលមិនសូវត្រូវបានគេមើលឃើញពីសមត្ថភាពជាងគេនៅលើទីលាន ប៉ុន្តែ លោក Conor Nestor គ្រូបង្វឹកក្លិបព្រះខ័នរាជស្វាយរៀង បានអះអាងថា និន្នាការនេះបានផ្លាស់ប្តូរនាពេលថ្មីៗនេះ ខណៈដែលអ្នកចាត់ការទូទៅដូចជា លោក Jurgen Klopp និងលោក Pep Guardiola បានចុះហត្ថលេខាលើអ្នកចាំទីដែលមានគុណភាពដើម្បីឈ្នះពាន។

កីឡាករ Ederson Moraes បានឈ្នះជើងឯកលីគកំពូលអង់គ្លេស (English Premier League) ចំនួន ២ដង ជាមួយ Manchester City ហើយកីឡាករ Alisson Becker បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ក្រុមរបស់ លោក Jurgen Klopp នៅ Liverpool ចាប់តាំងពីរូបគេបានមកដល់កាលពីរដូវកាលមុន ខណៈដែលអ្នកចាំទីប្រេស៊ីលរូបនេះ បានជួយក្រុមឲ្យឈ្នះពានរង្វាន់ UEFA Champions League ជាលើកទី៦ ក្នុងរដូវកាលដំបូងរបស់គេជាមួយក្លិប។

លោក Conor Nestor ដែលបានដឹកនាំក្លិបមានមូលដ្ឋាននៅខេត្តស្វាយរៀង ឈ្នះពានរង្វាន់លីគកំពូលកម្ពុជា ជាលើកទី២ របស់ពួកគេកាលពីរដូវកាលមុន បានចង្អុលបង្ហាញថាក្រុមណាដែលរបូតគ្រាប់គ្រាប់បាល់តិចជាងគេ គឺទំនងជាក្រុមដែលលើកពាន ហើយពួកគេត្រូវការអ្នកចាំទីដែលមានគុណភាពដើម្បីសម្រេចវាបាន។

លោក Conor Nestor បានប្រាប់សារព័ត៌មាន camsports.org ថា៖ «ជាទូទៅប្រសិនបើអ្នកក្រឡេកមើលប្រវត្តិរបស់អ្នកចាត់ការក្រុមកំពូលៗ ពួកគេអោយតម្លៃទៅលើការជ្រើសរើសនៅក្នុងតំបន់នេះ [អ្នកចាំទី] ។ ការចុះហត្ថលេខាថ្មីៗរបស់ Ederson ជាមួយ Man City និង Alisson ជាមួយ Liverpool បង្ហាញថានិន្នាការនេះ កំពុងផ្លាស់ប្តូរ។»

«អាចលើកពានរង្វាន់លីគកំពូលកម្ពុជា ជាឧទាហរណ៍ សម្រាប់ម្ចាស់ជើងឯក ២រដូវកាលចុងក្រោយ យើងខ្លួនឯង [ព្រះខ័នរាជស្វាយរៀង] និងណាហ្គាវើលដ៍ គឺជាក្រុមដែលមានកំណត់ត្រាការពារល្អបំផុត។»

«បើនិយាយតាមស្ថិតិ ក្រុមណាដែលរបូតគ្រាប់បាល់តិចជាងគេទំនងជាឈ្នះលីគ។ ទោះយ៉ាងណាក្រុមដែលរកគ្រាប់បាល់បានច្រើនជាងគេ ក៏អាចមិនទទួលបានចំណាត់ថ្នាក់ខ្ពស់ជាងគេឡើយ។ នោះបង្ហាញពីសារៈសំខាន់នៃការការពារ ហើយពិតណាស់អ្នកចាំទីរបស់អ្នកពិតជាមានសារៈសំខាន់សម្រាប់រឿងនេះ។ រក្សាការពារសំណាញ់ទីមិនឲ្យរបូតគ្រាប់ ជាធម្មតាបង្ហាញថា ក្រុមទាំងមូលបានជួយក្នុងដំណាក់កាលការពារ។» លោក Conor Nestor សង្គត់ធ្ងន់៕

 

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់