សឿយ វិសាល ពេញចិត្តនូវតំណែងប្រធានក្រុម ទោះមានសម្ពាធខ្លះក្ដី

មាស សុផាណារ៉ុង May 5, 2020


 

ភ្នំពេញ៖ ប្រធានក្រុមជម្រើសជាតិកម្ពុជា និងក្លិបព្រះខ័នរាជស្វាយរៀង សឿយ វិសាល បានសម្ដែងការពេញចិត្ត ចំពោះតំណែងដ៏សំខាន់នេះ ទោះបីខ្លួនមានអារម្មណ៍មានសម្ពាធបន្ដិចបន្ដួចក៏ដោយ។

វិសាល បាននិយាយថា៖ «ខ្ញុំសប្បាយចិត្ត ដែលមានឱកាសបានធ្វើជាប្រធានក្រុមជម្រើសជាតិ និងនៅក្លិប ។ ពេលធ្វើប្រធានក្រុមនេះ ខ្ញុំមានអារម្មណ៍មានសម្ពាធបន្ដិចបន្ដួចដែរ ដូចជាត្រូវយកចិត្តទុកដាក់ខ្លាំង ពេលគ្រូពន្យល់ ឬបង្ហាត់ ពិសេសពាក់ព័ន្ធប្រព័ន្ធលេង យើងត្រូវយកចិត្ដទុកដាក់ខ្លាំង ដើម្បីយល់ច្បាស់ខ្លួនឯងផង និងជួយដល់មិត្តរួមក្រុមផង។»

អតីតសមាជិកក្រុមអាស៊ីអឺរ៉ុបដដែលបន្ថែមថា ជាមួយតំណែងប្រធានក្រុមនេះដែរ បានធ្វើឲ្យខ្លួនទទួលបានបទពិសោធន៍យ៉ាងច្រើន ទាំងនៅក្នុងក្លិប និងនៅក្រុមជម្រើសជាតិ ដើម្បីជំរុញការអភិវឌ្ឍន៍អាជីពលើវាលស្មៅរបស់ខ្លួនកាន់តែល្អប្រសើរ។ ពិសេសបទពិសោធន៍ទាំងនោះ នឹងក្លាយជាមេរៀនមួយដ៏ល្អ សម្រាប់ជំរុញក្ដីស្រម៉ៃចង់ក្លាយជាគ្រូបង្វឹក បន្ទាប់ពីចូលនិវត្តន៍ពីអាជីពបាល់ទាត់ទៀតផង។

សូមបញ្ជាក់ថា សឿយ វិសាល បានផ្ដើមអាជីពបាល់ទាត់ដំបូង កាលពីឆ្នាំ២០១០ ជាមួយក្លិបអាស៊ីអឺរ៉ុប ក្រោយចាកចេញពីស្រុកកំណើត នាខេត្តឧត្តរមានជ័យ នៅឆ្នាំ២០០០។ បន្ទាប់មកនៅពាក់កណ្ដាលរដូវកាលឆ្នាំ២០១៤ មកទល់បច្ចុប្បន្ន ទើបអតីតយុវជនស្នាក់អាស្រ័យនៅវត្តសន្សំកុសលនេះ ក៏ផ្ទេរមកក្លិបព្រះខ័នរាជស្វាយរៀង។ ឯតំណែងប្រធានក្រុម វិសាល បានទទួលការទុកចិត្តពីគ្រូបង្វឹក ទាំងក្លិប និងក្រុមជម្រើសជាតិ កាលពីឆ្នាំ២០១៨ មកទល់បច្ចុប្បន្នដូចគ្នា៕

 

អត្ថបទ៖ បុត្រា

មតិយោបល់