អ៊ុំ សេរីរ័ត្ន រំឭកជុំវិញការចាកចេញរបស់បងប្រុសខ្លួន អ៊ុំ វិចិត្រ ពីទ័ព ជាជម្រើសដ៏ល្អទាំងសងខាង

មាស សុផាណារ៉ុង May 5, 2020


 

ភ្នំពេញ៖ អ្នកចាំទី អ៊ុំ វិចិត្រ បានចាកចេញពី ក្លិបសមាគមកីឡាកងយោធពលខេមរភូមិន្ទ (ទ័ព) ទៅចូលរួមជាមួយភ្នំពេញក្រោន នៅរដូវកាលនេះ ហើយវាបានបង្ហាញពីភាពត្រឹមត្រូវសម្រាប់ក្រុមសឹង្ហក្រហម ក្នុងការចុះហត្ថលេខាជាមួយអ្នកចាំទីជម្រើសជាតិកម្ពុជា ជាមួយនឹងអ្វីដែលគាត់បានបង្ហាញនៅក្នុងការបង្ហាញខ្លួនចំនួន ៤ប្រកួតដំបូងសម្រាប់ក្លិប។

អតីតអ្នកចាំទីរបស់ទ័ព បានរក្សាសំណាញ់ទីមិនឲ្យរបូតគ្រាប់បាល់ ចំនួន ៤ដងក្នុងការបង្ហាញខ្លួន ៤លើកសម្រាប់ក្រុមមានមូលដ្ឋាននៅភ្នំពេញមួយនេះ ក្នុងលីគ ដែលជួយឲ្យពួកគេឈរនៅលើកំពូលតារាង ជាមួយលទ្ធផលឈ្នះ ៤លើក និងស្មើ ១លើក ពីការប្រកួតបើកឆាកចំនួន ៥ដង របស់ពួកគេ។

ជាមួយគ្នាផងដែរ អ៊ុំ សេរីរ័ត្ន ដែលជាប្អូនប្រុសរបស់ អ៊ុំ វិចិត្រ បានជឿជាក់ថាការចាកចេញរបស់ អ៊ុំ វិចិត្រ គឺល្អសម្រាប់ពួកគេទាំងពីរ ព្រោះពួកគេអាចលេងបានទៀងទាត់ហើយគ្មាននរណាម្នាក់ស្ថិតនៅកៅអីបម្រុងបានឡើយ ព្រោះពួកគេជាអ្នកចាំទីជម្រើសដំបូងសម្រាប់ក្លិបរៀងៗខ្លួន។

អតីតអ្នកចាំទីជម្រើសជាតិកម្ពុជា និងសមាគមកីឡាកងយោធពលខេមរភូមិន្ទ (ទ័ព) បានប្រាប់សារព័ត៌មាន camsports.org ថា៖ «ខ្ញុំសប្បាយចិត្តណាស់ដែលគាត់ [អ៊ុំ វិចិត្រ] ចូលរួមក្លិបថ្មីដែលគាត់អាចទទួលបានបទពិសោធន៍ថ្មី។ ខ្ញុំសប្បាយចិត្ត ហើយខ្ញុំមិនមានអារម្មណ៍មិនល្អទាល់តែសោះនោះទេ។»

«ការចាកចេញរបស់គាត់ផ្តល់ឲ្យយើងនូវឱកាសល្អក្នុងការប្រកួតរបស់យើង។ វាជាជម្រើសល្អសំរាប់យើងទាំងពីរ ព្រោះយើងអាចលេងបានច្រើន។ គាត់តែងលេងឱ្យក្លិបថ្មីរបស់គាត់ជាទៀងទាត់ ហើយសម្រាប់ខ្ញុំ ខ្ញុំក៏អាចលេងបានគ្រប់ការប្រកួតដែរ។ ប្រសិនបើយើងនៅតែលេងនៅក្នុងក្លិបដដែល នោះនឹងមានយើងម្នាក់ដែលត្រូវការអង្គុយលើកៅអីបម្រុង។» សេរីរ័ត្ន បានបន្ថែម។

«គាត់មិនត្រឹមតែអាចលេងប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏អាចបង្វឹកអ្នកចាំទីផ្សេងទៀតនៅឯក្លិបរបស់គាត់ផងដែរ។ ខ្ញុំប្រាកដថាគាត់អាចចែករំលែកបទពិសោធន៍ដ៏អស្ចារ្យរបស់គាត់ដល់អ្នកចាំទីវ័យក្មេង។ វាពិតជាអស្ចារ្យណាស់សម្រាប់ក្លិបដែលមានរូបគាត់។»

«គាត់ធ្វើបានល្អណាស់នៅភ្នំពេញក្រោន នៅរដូវកាលនេះ ហើយក្នុងនាមជាប្អូនប្រុសខ្ញុំសប្បាយចិត្តណាស់សម្រាប់គាត់។ ខ្ញុំតែងតែមានជំនឿលើគាត់ ហើយជូនពរគាត់ឲ្យទទួលបានជោគជ័យបំផុត ហើយសំរេចក្តីសុបិន្តរបស់គាត់ក្នុងការឈ្នះពានរង្វាន់។»

«ខ្ញុំគិតថាកីឡាកររបស់ពួកគេម្នាក់ៗមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការឈ្នះពានរង្វាន់លីក ដូច្នេះខ្ញុំគិតថាពួកគេអាចប្រជែងដណ្តើមជើងឯកលីកនៅរដូវកាលនេះ។» អ៊ុំ សេរីរ័ត្ន ជុំវិញយោបល់របស់ខ្លួនលើភ្នំពេញក្រោន ថាតើអាចជាបេក្ខភាពប្រជែងជើងឯកលីគរដូវកាលនេះ៕

 

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់