វគ្គជម្រុះ World Cup អាចត្រលប់មកវិញនៅខែតុលា និងវិច្ឆិកា បើ FIFA យល់ព្រមឲ្យបន្ត

មាស សុផាណារ៉ុង May 4, 2020


 

អាស៊ី៖ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានប្តេជ្ញាថានឹងបន្តការប្រកួតបាល់ទាត់ប្រចាំទ្វីបអាស៊ី នៅឆ្នាំនេះ ទោះបីមានការរីករាលដាលនៃជំងឺកូវីដ-១៩ (Covid-19) ក៏ដោយ និងបើទោះបីជាការប្រកួតប្រហែលជាត្រូវលេងនៅពីក្រោយការបិទទ្វារទៀតនោះ។ នេះបើយោងតាមការដកស្រង់ចេញពីសារព័ត៌មាន tehrantimes។

សារពត៌មានដដែលបានបញ្ជាក់ថា អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានសម្តែងក្តីសង្ឃឹមថា ការប្រកួតអន្តរជាតិនឹងត្រូវធ្វើឡើងនៅប៉ុន្មានខែខាងមុខនេះ។

នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Emirati newspaper លោក Windsor John បាននិយាយថា ពេលវេលាដែលស្នើរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី សម្រាប់វគ្គជម្រុះបាល់ទាត់ពិភពលោក (World Cup) គឺនៅខែវិច្ឆិកា និងខែតុលា ឆ្នាំ២០២០ នេះប្រសិនបើកាលបរិច្ឆេទទាំងនេះត្រូវបានយល់ព្រមដោយសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA)។ យ៉ាងណាមិញ ចំពោះថាកាលបរិច្ឆេទ ថ្ងៃជាក់លាក់នៅមិនទាន់មានការបង្ហាញឲ្យដឹងនៅឡើយទេ។

សូមបញ្ជាក់ថា ក្រោយពន្យាពេលប្រកួតជម្រុះ FIFA World Cup 2020 ក្រុមគោព្រៃកម្ពុជា នៅសល់ ៣ប្រកួតក្នុងដៃ ហើយកម្មវិធីផ្លាស់ប្ដូររួមមាន៖ កម្ពុជា ត្រូវជួបក្រុមជម្រើសជាតិបារ៉ែន បន្ទាប់ត្រូវទទួលអ៊ីរ៉ង់ និងប្រកួតចុងក្រោយរបស់កម្ពុជា ត្រូវជួបអ៊ីរ៉ាក់។

ជំងឺកូវីដ១៩ (COVID-19) ដែលបានផ្ទុះឡើងកាលពីខែធ្នូ ឆ្នាំ២០១៩ បាននាំឲ្យការប្រកួតបាល់ទាត់ស្ទើរជុំវិញពិភពលោក ទាំងក្នុងស្រុក និងក្រៅស្រុកបានសម្រេចផ្អាក ក៏ដូចជាពន្យាពេលជាបន្តបន្ទាប់ ដើម្បីបង្ការការរីករាលដាលនៃវីរុសនេះ​៕

 

ប្រភព៖ tehrantimes

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់