លោក Conor Nestor នឹងបន្តសម្របខ្លួនទៅនឹងអ្វីដែលអាជ្ញាធរសម្រេចចិត្ត ករណីលីគអាច ឬមិនអាចត្រលប់មកវិញ

មាស សុផាណារ៉ុង May 4, 2020


 

ភ្នំពេញ៖ លោក Conor Nestor គ្រូបង្គោលក្លិបព្រះខ័នរាជស្វាយរៀង បានអះអាងថានឹងបន្តសម្របខ្លួនទៅនឹងអ្វីដែលអាជ្ញាធរសម្រេចចិត្ត ករណីលីគអាច ឬមិនអាចត្រលប់មកវិញ បន្ទាប់ពីត្រូវបានផ្អាក អស់រយៈពេលជាង ៥សប្ដាហ៍មកហើយដើម្បីបង្ការការរាតត្បាតជំងឺកូវីដ-១៩ (COVID-19) ដែលកំពុងក្លាយជារឿងព្រួយបារម្ភនៅជុំវិញពិភពលោក រួមទាំងកម្ពុជា ផងដែរ។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយ សារព័ត៌មាន camsports.org ជុំវិញក្ដីរំពឹងថាលីគនឹងត្រលប់មកវិញឆាប់ៗនេះ លោក Conor Nestor គ្រូបង្វឹកនៃក្លិបព្រះខ័នរាជស្វាយរៀង បានបង្ហើបថា៖ «វាពិបាកដើម្បីដឹងថានឹងមានអ្វីកើតឡើងនៅខាងមុខទៀត។ ខ្ញុំគិតថារាជរដ្ឋាភិបាលជុំវិញពិភពលោក កំពុងដោះស្រាយស្ថានការណ៍ខុសៗពីគ្នា យើងនឹងសម្របខ្លួនទៅនឹងអ្វីដែលអាជ្ញាធរសម្រេចចិត្ត។» 

យ៉ាងណាមិញបន្ទាប់ពីឆ្លងកាត់រយៈពេលច្រើនសប្ដាហ៍ក្លិបព្រះខ័នរាជស្វាយរៀង បានត្រលប់មកធ្វើការហ្វឹកហាត់វិញផងដែរ ប៉ុន្តែជាមួយនឹងលក្ខខណ្ឌនៃការបែងចែកជាក្រុម ហើយថែមទាំងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ ដោយក្រុមទាំងមូលមានការបែងចែកចេញជា ៣ក្រុម ក្នុងនោះមួយក្រុមមាន ៨នាក់ ជាមួយនឹងការរក្សាគម្លាតពីគ្នា ព្រមទាំងផ្លាស់ប្ដូរវិញនៅពេលក្រុមមួយទៀតបង្រ្គប់កម្មវិធីហ្វឹកហាត់។

គ្រូបង្វឹកសញ្ជាតិអៀរឡង់រូបនេះបានបង្ហើបថា៖ «បាទ យើងធ្វើការហ្វឹកហាត់ជាក្រុមតូចៗ ដើម្បីអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដូច្នេះក្រុមរបស់យើងត្រូវបានបែងចែកចេញជា ៣ក្រុម ហើយយើងធ្វើដើម្បីរក្សាឲ្យកីឡាករយើងត្រៀមខ្លួនតាមរបៀបនេះ។ យើងសំណាងដែលទីលានហ្វឹកហាត់របស់យើងមានទំហំធំ ដូច្នេះវាងាយស្រួលសម្រាប់ពេលដែលក្រុមមួយចូល និងក្រុមមួយទៀតចេញ ដើម្បីរក្សាគម្លាតសុវត្ថិភាព។ យើងពិតជាសង្ឃឹមថា បទបញ្ជានឹងមានករផ្លាស់ប្ដូរ ដោយសង្ឃឹមថាយើងអាចត្រលប់មកហ្វឹកហាត់ដូចរាល់ថ្ងៃ ប៉ុន្តែយើងនៅតែគោរព និងប្រុងប្រយ័ត្នតាមបទបញ្ជារបស់រាជរដ្ឋាភិបាល។»

គួរបញ្ជាក់ថា មកទល់ពេលនេះ លីគកំពូលកម្ពុជា ឆ្នាំ២០២០ បានផ្អាកការប្រកួតជាង ១ខែមកហើយ (មិនរាប់ការសម្រាក FIFA DAY) ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ (COVID-19)។ តែបច្ចុប្បន្នជំងឺរាតត្បាតជាសកលនេះ បានធូរស្រាលច្រើននៅកម្ពុជាហើយ ដោយក្នុងចំណោម ១២២ករណី បានជាសះស្បើយ ១២០ករណី នៅសល់តែ ២ករណីប៉ុណ្ណោះ។ យ៉ាងណាមិញ ចំពោះការត្រឡប់មកវិញ នៃលីគកំពូលកម្ពុជា នឹងបន្ដការប្រកួតវិញពេលណា នៅមិនទាន់កំណត់កាលបរិច្ឆេទថ្មីនោះទេ ស្របពេលបច្ចុប្បន្នរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បានបន្ដអំពាវនាវឲ្យបញ្ជៀសការជួបជុំ ឬការប្រមូលផ្ដុំមនុស្សច្រើននៅឡើយ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់